ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ដោយមិនគិតថារបរកាហ្វេដូច«ចាក់ទឹកយកលុយ» Mobile Coffee ពង្រីកខ្លួនពីលក់លើរទេះ ដល់បើកហាង
× ភ្នំពេញ៖
ខណៈដែលមានការប្រកួតប្រជែងច្រើនក្នុងឧស្សាហកម្មកាហ្វេ អាជីវកម្មយីហោ Mobile Coffee បានពង្រីកខ្លួនជាបន្តបន្ទាប់ពីកាហ្វេលើរទេះ មកបើកហាងបានពីរទីតាំង។ ស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅ Mobile Coffee លោក យ៉ែម ឈីម បានយកបទពិសោធការងាររបស់ខ្លួន មកធ្វើអាជីវកម្មមួយនេះ ដោយលោកថែមទាំងអះអាងថា ធ្វើអាជីវកម្មគឺពិបាកជាងលោកធ្វើការឆ្ងាយណាស់។ លោកប្រាប់ទៀតថា បើកហាងកាហ្វេ ទាមទារការយកចិត្តទុកដាក់ខ្លាំង គឺមិនអាចមើលស្រាលថារបរកាហ្វេងាយស្រួលរកផលចំណេញដូច«ចាក់ទឹកយកលុយ» នោះឡើយ។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក យ៉ែម ឈីម ដូចតទៅនេះ៖
Mobile Coffee បានចូលទីផ្សារកាហ្វេកាលពីឆ្នាំ២០១៤ ក្នុងរបៀបជាកាហ្វេចល័ត ឬកាហ្វេលើរទេះ និងបានពង្រីកខ្លួនមួយជំហានទៀតបើកជាហាងលក់កាហ្វេតម្លៃមធ្យមក្នុងរង្វង់ ១,៥ដុល្លារក្នុងឆ្នាំ២០១៧ ហើយក្នុងឆ្នាំ២០១៨ បានសម្ពោធសាខាទី២។
មុនឈានជើងចូលក្នុងអាជីវកម្ម លោក យ៉ែម ឈីម បានបម្រើការងារឲ្យក្រុមហ៊ុនឯកជនអស់រយៈពេល ៦ឆ្នាំ ក្នុងផ្នែកទីផ្សារ។ បទពិសោធការងារនេះហើយ ដែលលោក ឈីម ចាត់ទុកជាដើមទុនសំខាន់បំផុត គឺសំខាន់ជាងទុនថវិកាទៅទៀត ក្នុងការប្រឡូកក្នុងវិស័យមុខរបររកស៊ី។ លោកប្រាប់ថា ពិសោធការងារនេះហើយ ដែលធ្វើឲ្យលោកដឹងពីដំណើរគ្រប់គ្រងអាជីវកម្មមួយ។
ការស្វែងយល់ពីតម្រូវការរបស់អតិថិជន និងព្យាយាមអភិវឌ្ឍន៍អាជីវកម្មជានិច្ច បានធ្វើឲ្យ Mobile Coffe ធ្វើដំណើរមកដល់សព្វថ្ងៃនេះ។ លោក យ៉ែម ឈីម ថែមទាំងអះអាងទៀតថា សេចក្ដីស្មោះត្រង់ចំពោះអតិថិជន តាមរយៈការផ្ដល់ផលិតផលគុណភាពល្អ មិនប៉ះពាល់សុខភាព បួករួមនឹងការវេចខ្ចប់ ការតុបតែងផ្សេងៗ ជាចំណុចធ្វើឲ្យអាជីវកម្មរបស់លោកឈរជើងមកដល់សព្វថ្ងៃនេះ។
ក្នុងនាមជាអ្នកប្រឡូកក្នុងឧស្សាហកម្មកាហ្វេមួយរូបដែរនោះ លោក យ៉ែម ឈីម យល់ឃើញថា ការបរាជ័យរបស់អាជីវករមួយចំនួនក្នុងពេលកន្លងមក ក៏ព្រោះតែអ្នកទាំងនោះបើករបរកាហ្វេ គ្រាន់តែជារបរបន្ទាប់បន្សំ ដោយខ្វះការយកចិត្តទុកដាក់លើអាជីវកម្មមួយនេះ ហើយអ្នកខ្លះមើលស្រាលរបរនេះថាងាយស្រួល ដែលគេនិយមហៅថា«ចាក់ទឹកយកលុយ»នោះ៕
Tag:
startup
កាហ្វេ
យ៉ែម ឈីម
© រក្សាសិទ្ធិដោយ thmeythmey.com