អន្តរជាតិ
នយោបាយអន្តរជាតិ
មេបក្សប្រឆាំង ចោទរដ្ឋាភិបាលស៊ីវិលលោកស្រីស៊ូជី ថាអសមត្ថភាពគ្រប់គ្រងថវិកាជាតិ
× គណបក្សប្រឆាំងសហភាពរួបរួម និងការអភិវឌ្ឍរបស់មីយ៉ាន់ម៉ា បានចោទប្រកាន់បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ថា គ្មានសមត្ថភាពក្នុងការដឹកនាំប្រទេស ជាពិសេសនោះលើការគ្រប់គ្រងថវិកាជាតិតែម្តង។ ការថ្លែងរបស់បក្សប្រឆាំងបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ បានលាលែងពីតំណែង ក្រោយបែកធ្លាយរឿងអាស្រូវពុករលួយ។
ប្រមុខបក្សប្រឆាំងមីយ៉ាន់ម៉ា លោក ថាន តេយ៍ (Than Htay) បានរិះគន់ត្រង់ៗពីអសមត្ថភាព និងកង្វះគោលនយោបាយច្បាស់លាស់របស់បក្សកាន់អំណាចដឹកនាំដោយលោកស្រីអ៊ុងសាន ស៊ូជី។ គេចោទថា រដ្ឋាភិបាលកំពុងតែធ្វើឲ្យប្រជាជនដែលរួមមានទាំងកសិករ ប្រជាជនចំណូលមធ្យម និងអ្នកជំនួញមីយ៉ាន់ម៉ាជួបផលលំបាក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy នៅថ្ងៃ៣១ ឧសភា។
ប្រមុខប្រឆាំងមីយ៉ាន់ម៉ារូបនេះ បានលើកឡើងថា ក្រុមតំណាងរាស្ត្ររបស់បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ តែងតែច្រានចោលរាល់សំណួររបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំង ដែលទង្វើនេះ ត្រូវបានសាធារណជនដឹងលឺ និងចាត់ទុកជារឿងអាក្រក់មួយរបស់បក្សកាន់អំណាចដែរ។
បន្ថែមពីនេះ ប្រមុខបក្សប្រឆាំងដដែល ក៏បានចោទប្រកាន់ថា បក្សកាន់អំណាចបានបង្ខូចកេរ្តិ៍ឈ្មោះបក្សប្រឆាំង តាមរយៈការថ្លែងជាសាធារណៈ ថាបក្សសហភាពរួបរួម និងការអភិវឌ្ឍ គឺគ្រាន់តែបក្សមួយ ដែលបង្កើតដើម្បីតំណាងឲ្យក្រុមយោធាប៉ុណ្ណោះ ។
ជុំវិញការចោទប្រកាន់នេះ សមាជិកគណៈកម្មាធិការកណ្តាលបក្សអំណាចមីយ៉ាន់ម៉ា លោក Monywa Aung Shin បានចាត់ទុកថា ជាការនិយាយដោយគ្មានការពិត និងឥតប្រយោជន៍ ។ តំណាងបក្សកាន់អំណាចរូបនេះ បានអះអាងថា ប្រមុខបក្សកាន់អំណាចលោកស្រី ស៊ូជី មិនដែលបណ្តែតបណ្តោយឲ្យមន្ត្រីណាមួយធ្វើអ្វីតាមអំពើចិត្តឡើយ។
តំណាងបក្សកាន់អំណាចដដែលនោះ បន្ថែមថា លោកស្រីស៊ូជី តែងតែកោះហៅដើម្បីសាកសួរ ឬដាក់ទណ្ឌកម្មលើមន្ត្រីណាក៏ដោយឲ្យប្រព្រឹត្តខុស។ វាយបកនឹងការចោទប្រកាន់ពីកង្វះសមត្ថភាពគ្រប់គ្រងថវិកាជាតិនេះដែរ លោក Monywa Aung Shin បានផ្លែផ្កាជាពាក្យសម្តីទៅកាន់ប្រមុខបក្សប្រឆាំង ដែលធ្លាប់ដឹកនាំប្រទេសក្នុងដំណាក់កាលអន្តរកាលយ៉ាងដូច្នេះថា៖«សាធារណជនបានដឹងលឺរួចហើយថា កន្លងមកបក្សសហភាពរួបរួម និងការអភិឌ្ឍ បានលួចថវិកាជាតិប៉ុណ្ណានោះ»។
គួរជម្រាបផងដែរ ក្រោយទទួលបានឱកាសដឹកនាំប្រទេសក្រោយឈ្នះការបោះឆ្នោតភ្លួកទឹកភ្លួកដីឆ្នាំ២០១៥ មេបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យមីយ៉ាន់ម៉ា បានប្រកាសយកភាពស្អាតស្អំជាគោលនយោបាយអាទិភាពសម្រាប់អនុវត្តក្នុងគណៈរដ្ឋមន្ត្រី។ ក៏ប៉ុន្តែថ្មីៗនេះ រដ្ឋមន្ត្រីផែនការ និងហិរញ្ញវត្ថុ ត្រូវគេចោទប្រកាន់ថាមានពាក់ព័ន្ធអំពើពុករលួយជាមួយនឹងកូនប្រុស រហូតបង្ខំចិត្តត្រូវលាលែងមុនអាណត្តិទៀតផង៕
Tag:
មីយ៉ាន់ម៉ា
ពុករលួយ
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com