ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រទី១ ខែមិថុនាថា កិច្ចប្រជុំកំពូលរវាងលោក និងលោក គីម ជុងអ៊ុន នៅសិង្ហបុរីថ្ងៃ ១២ មិថុនានឹងកើតឡើងតាមការគ្រោងទុក។ ប៉ុន្តែបញ្ហាចម្រូងចម្រាសនៅពេលនេះគឺ ការកំណត់ថាតើភាគីណាមួយជាអ្នកបង់ថ្លៃចំណាយលើសណ្ឋាគារសម្រាប់ប្រតិភូកូរ៉េខាងជើងនៅសិង្ហបុរីនោះ។
ជំនួបប្រវត្តិសាស្ត្ររវាងអាមេរិកកូរ៉េខាងជើងដែលស្លាប់បាត់ហើយស្រាប់តែរស់ឡើងវិញនោះក្លាយជារឿងដែលសហគមន៍អន្តរជាតិកំពុងតាមដាននិងយកចិត្តទុកដាក់។ ឥឡូវនេះ មន្ត្រីទាំងពីរភាគីកំពុងបន្តដុតដៃដុតជើងទាំងយប់ថ្ងៃដើម្បីរៀបចំឲ្យកិច្ចប្រជុំកំពូលនេះកើតឡើងតាមការគ្រោងទុក។
យ៉ាងណាក៏ដោយចុះ សារព័ត៌មានអាមេរិក
Washington Post បានចុះផ្សាយថា ប្រធានបទសំខាន់ និងចម្រូងចម្រាសនៅពេលនេះមិនមែនជារឿងរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទេ តែជាការរៀបចំទីកន្លែងស្នាក់នៅរបស់មេដឹកនាំកំពូលកូរ៉េខាងជើង និងប្រតិភូ។ វាមិនទាន់ឯកភាពគ្នាទេថាតើអ្នកណាជាអ្នកចេញថ្លៃចំណាយលើការសណ្ឋាគារដែលលោក គីម និងមន្ត្រីខ្លួនស្នាក់នៅនៅឡើយទេ។
សារព័ត៌មាន Washington Post បានស្រង់សម្តីមន្ត្រីពីររូបដែលនៅស្និទ្ធនឹងការរៀបចំកិច្ចប្រជុំនេះថា ដោយសារកូរ៉េខាងជើងក្រីក្រ និងរងទណ្ឌកម្មសេដ្ឋកិច្ច កូរ៉េខាងជើងស្នើសុំឲ្យភាគីផ្សេងទៀតជួយបង់ថ្លៃចំណាយលើការស្នាក់នៅរបស់លោក និងមន្ត្រីកូរ៉េខាងជើងផ្សេងទៀតអំឡុងកិច្ចប្រជុំ។
ប្រភពខាងបន្តថា លោក គីម ជុងអ៊ុន ក៏ទាមទារស្នាក់នៅសណ្ឋាគារប្រណីតលំដាប់ផ្កាយប្រាំ Fullerton នៅសិង្ហបុរី ហើយតម្លៃសម្រាប់កម្រិតប្រមុខរដ្ឋគឺចាប់ពី ៦០០០ដុល្លារមួយយប់ឯណោះ។ គេបន្ថែមថា ភាគីអាមេរិកទទួលយកការស្នើសុំ ប៉ុន្តែបានទាមទារឲ្យសិង្ហបុរីដែលអ្នកទទួលរៀបចំកិច្ចប្រជុំនេះទទួលខុសត្រូវលើការចំណាយវិញ។ មួយវិញទៀត រដ្ឋបាលអាមេរិកក៏ទំនងស្នើឲ្យអង្គការសហប្រជាជាតិ និងក្រសួងសេដ្ឋកិច្ចលើកលែងទណ្ឌកម្មលើការចំណាយពាក់ព័ន្ធនឹងការធ្វើដំណើររបស់មន្ត្រីកូរ៉េខាងជើងដូចគ្នា។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបដិសេធបញ្ចេញមតិយោបល់ជុំវិញព័ត៌មានដែលថា អាមេរិកអាចចំណាយលុយលើការស្នាក់នៅរបស់ប្រតិភូកូរ៉េខាងជើង។ លោកស្រី Heather Nauert បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា វាគ្មានករណីដែលអាមេរិកត្រូវចំណាយលើការស្នាក់នៅសម្រាប់ប្រតិភូកូរ៉េខាងជើង ហើយក៏មិនស្នើឲ្យអ្នកណាមួយធ្វើបែបនេះដែរ។
យ៉ាងណាក៏ ដោយដើមសប្តាហ៍កន្លងទៅ មន្ត្រីរដ្ឋាភិបាលសិង្ហបុរីបានបង្ហើបផងដែរថា អាមេរិកកំពុងពិចារណាស្នើសុំឲ្យសិង្ហបុរីទទួលខុសត្រូវលើការចំណាយរបស់កូរ៉េខាងជើងដែរ។ ខណៈដែលលោក គីម ទាមទារស្នាក់នៅសណ្ឋាគារ Fullerton លោក ត្រាំ អាចនឹងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយទៀតគឺ Shangril-La ដែលបច្ចុប្បន្នជាទីតាំងដែលគេកំពុងរៀបចំកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំនោះ។
តាមពិតទៅ លោក ត្រាំ បានប្រកាសលុបចោលជំនួបជាមួយលោក គីម កាលពីសប្តាហ៍មុនដោយលើកហេតុផលថា ពេលវេលាមិនសមស្រប។ ប៉ុន្តែក្រោយមកលោក ត្រាំ ស្រាប់តែបញ្ជាក់ឡើងវិញថា ជំនួបអាចកើតមាន ហើយមន្ត្រីអាមេរិក និងកូរ៉េខាងជើងក៏បានចាប់ផ្តើមបន្តការរៀបចំកិច្ចប្រជុំនេះវិញដូចគ្នាដែរ។
ក្នុងជំនួបដែលស្លាប់ហើយ តែស្រាប់មានដង្ហើមឡើងវិញនេះ គេឃើញថា ការខ្វែងគំនិតរវាងអាមេរិក និងកូរ៉េខាងជើងនៅតែមានជុំវិញរបៀបរំសាយនុយក្លេអ៊ែរ។ អាមេរិកចង់បានការលុបបំបាត់នុយក្លេអ៊ែរដែលធ្វើឡើងម្ដងចប់សព្វគ្រប់ មានការត្រួតពិនិត្យ និងមិនអាចវិលត្រឡប់ទៅក្រោយឡើយ មុននឹងអាមេរិកលើកលែងទណ្ឌកម្ម។ ប៉ុន្តែកូរ៉េខាងជើងចង់ឲ្យមានការរំសាយនុយក្លេអ៊ែរនេះជាដំណាក់កាល និងធ្វើឡើងព្រមគ្នាជាមួយនឹងការព្យួរទណ្ឌកម្ម៕