អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​ការពារជាតិ​អាមេរិក​៖ កូរ៉េខាងជើង​ត្រូវ​រំសាយ​អាវុធ​ជា​អចិន្ត្រៃយ៍ ទើប​អាច​បន្ធូរបន្ថយ​ទណ្ឌ​កម្មបាន​
03, Jun 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 ប្រមុខ​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស បានបញ្ជាក់​ក្នុង​វេទិកា​សន្តិសុខ Shangril-La Dialogue ថ្ងៃអាទិត្យ​ទី ៣ ខែមិថុនា​នេះ​ថា កូរ៉េខាងជើង​អាច​រួច​ផុតពី​ទណ្ឌកម្ម​ដរាបណា​ប្រទេស​នេះ​ចាប់ផ្តើម​សកម្មភាព​ច្បាស់លាស់ និង​អចិន្ត្រៃយ៍​ក្នុងការ​បោះចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​


​ស្រប​ពេលដែល​ភាគី​កូរ៉េខាងជើង និង​អាមេរិក​កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន យ៉ាង​សស្រាក់សស្រាំ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស បានប្រកាស​ច្បាស់លាស់​ថា ទណ្ឌកម្ម​អាច​បន្ធូរបន្ថយ​បាន ពេល​កូរ៉េខាងជើង​បោះចោល​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​ពេញលេញ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការពារជាតិ​អាមេរិក​លើកឡើង​បែបនេះ​ក្នុងជំនួប​រវាង​ប្រចាំឆ្នាំ​រវាង​មន្ត្រីជាន់ខ្ពស់​ផ្នែក​សន្តិសុខ​នៅ​សិង្ហ​បុរី​ថ្ងៃអាទិត្យ​។ លោក ម៉ា​ធី​ស ក៏​ជឿជាក់​ដែរ​ថា ផ្លូវ​ទៅរក​ការចរចា​រវាង​មេដឹកនាំ​ទាំងពីរ​នៅ​ថ្ងៃ ១២ មិថុនា​ខាងមុខ​នោះ​នឹង​រលាក់​ខ្លាំង​ដូចគ្នា​។​
 
«​យើង​អាច​រំពឹង​បាន​ថា វា​មាន​ផ្លូវ​រលាក់​ខ្លាំង​មុន​ដល់​កិច្ចចរចា​។ យើង​នឹង​បន្ត​អនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ដាក់ចេញ​ពាក់ព័ន្ធ​បញ្ហា​កូរ៉េខាងជើង​។ កូរ៉េខាងជើង​នឹង​ទទួលបាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម ដរាបណា​ប្រទេស​នេះ​បង្ហាញ​ឲ្យ​គេ​ឃើញ​បាន​ពី​សកម្មភាព​ជាក់លាក់ និង​អចិន្ត្រៃយ៍​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​»​។ 
 
​លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ទី ១ ខែមិថុនា​ថា លោក​នឹង​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នៅ​ថ្ងៃ ១២ ខែមិថុនា​តាម​ការគ្រោងទុក​។ កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា បញ្ហា​នេះ​នឹង​ក្លាយជា​រឿងចម្រូងចម្រាស​ខ្លាំង​ក្នុងការ​ចរចា​រវាង​មេដឹកនាំ​ទាំងពីរ​ដែរ​។​
 
​ពាក្យ​ថា រំសាយ​អាវុធ​សម្រាប់​លោក ត្រាំ គឺ​ការកម្ទេច​អាវុធ​នុយក្លេអ៊ែរ​ចោល ប៉ុន្តែ​សម្រាប់​កូរ៉េខាងជើង វា​ប្រហែល​ត្រឹម​ជាការ​បញ្ឈប់​ការផលិត​អាវុធ​នុយក្លេអ៊ែរ និង​លះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​។ ដូច្នេះហើយ​បានជា​គេ​មើលឃើញថា ជំនួប​រវាង​លោក ត្រាំ និង​លោក គីម នៅពេល​ខាង​មុខជា​ជំនួប​ដើម្បី​ស្វែងយល់​ពីគ្នា​ជា​លើកដំបូង ជាជាង​ចរចា​គ្នា​លើ​បញ្ហា​ស្នូល​។​
​តាមពិតទៅ​លោក ត្រាំ ប្រកាស​ពី​ជំនួប​ជាមួយ​លោក គីម ត្រឹម ៨​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​លោក​សម្រេច​លុបចោល​ជំនួប​នេះ​ដោយ​សម្អាង​លើ​សកម្មភាព​ប្រកបដោយ​អរិភាព​របស់​កូរ៉េខាងជើង​។ លោក ត្រាំ ក៏​បញ្ជាក់​ផងដែរ​ថា ពេលវេលា​បច្ចុប្បន្ន​មិន​សមស្រប​ឡើយ​ដើម្បី​មាន​ជំនួប​ជាមួយ​មេដឹកនាំ​ក្រុង​ព្យុង​យ៉ាងនោះ​៕ 
 

Tag:
 ជេ​ម ម៉ា​ធី​ស​
  គីម ជុង​អ៊ុន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com