ជាតិ
ពីនេះ ពីនោះ
បទពិសោធ​សម្រាប់​យុវជន​៖ កំហុស​ភរិយា និង​ស្វាមី​មួយចំនួន​នៅក្នុង​សង្គម​គ្រួសារ​…!
03, Jun 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ ជារួម មុនពេល​រៀប​អាពាហ៍ពិពាហ៍ គូស្នេហ៍​មិនសូវ​បាន​គិតពី​ស្ថានភាព​អតីតភាព បច្ចុប្បន្នភាព​នៃ​ដៃគូ​ជីវិត​ឡើយ​។ ពួកគេ​គិតតែ​ម្យ៉ាង​គត់ គឺ​សេចក្តីស្នេហា​ដែល​ពួកគេ​ស្រឡាញ់គ្នា​។ ប៉ុន្តែ ជារឿយៗ ក្រោយ​រៀបការ ការប្រៀបធៀប​ចេះតែ​កើតមានឡើង​រវាង​ប្តី និង​ប្រពន្ធ ជាពិសេស ក្នុង​គូស្រករ​ដែល​ស្ត្រី​មានចំណេះ និង​អំណាច​ហិរញ្ញវត្ថុ​ខ្លាំង​ជាង​បុរស ឬ​បុរស​មានចំណេះ និង​ហិរញ្ញវត្ថុ​ខ្លាំង​ជាង​។


 
​អត្ថបទ​នេះ មិនមាន​បំណង​រិះគន់​ស្ត្រី ឬ​បុរស​ទាំងអស់​ឡើយ​។ នេះ គឺជា​អត្ថបទ​ដែល​ចង់​ដាស់តឿន​ស្មារតី​នារី ឬ​បុរស​មួយចំនួន​ដែលមាន​មោទកភាព​ខ្លាំងពេក​នៅ​ចំពោះ​សា្វ​មី ឬ​ភរិយា​ដែលមាន​ចំណេះ និង​ហិរញ្ញវត្ថុ​តិចជាង​ខ្លួន​។ តើ​អ្វីខ្លះ​ជា​ចំណុច​ខ្វះខាត​របស់​ស្ត្រី ឬ​បុរស​មួយចំនួន​នោះ ចំពោះ​ស្វាមី ឬ​ភរិយា​? 
 
ចំណុច​អវិជ្ជមាន​របស់​ភរិយា​៖ 
១) ច្រើន​ប្រៀបធៀប​សមត្ថភាព​ខ្លួនឯង​ជាមួយ​ស្វាមី​ខ្លួន​។ 
២) ច្រើន​ប្រៀបធៀប​សមត្ថភាព​ស្វាមី​ខ្លួនឯង​ជាមួយ​បុរស​ដទៃ​។ 
៣) ច្រើន​ប្រើ​អំណាច​ខ្លួនឯង​ខ្លាំង​នៅក្នុង​សង្គម​គ្រួសារ ព្រោះ គិតថា ខ្លួនឯង​ជា​អ្នកចេះដឹង និង​ជា​អ្នកកាន់កាប់​សេដ្ឋកិច្ច​គ្រួសារ​។ 
៤) ច្រើន​ប្រៀបធៀប​កម្រិតជីវភាព​គ្រួសារ​ខាង​ស្វាមី​ជាមួយ​គ្រួសារ​ដទៃ​។ 
​ចំណុច​អវិជ្ជមាន​របស់​ស្វាមី​៖ 
១) ច្រើន​ប្រៀបធៀប​ភរិយា​ខ្លួន​ទៅនឹង​ស្ត្រី​ដទៃទៀត​។ ចូរ​ចងចាំ​ថា ស្ត្រី​មិន​ចង់​ឲ្យ​បុរស​ប្រៀបធៀប​ខ្លួនគេ​ទៅនឹង​ស្ត្រី​ពូកែ​ដទៃទៀត​ឡើយ​។ 
២) ច្រើន​ប្រើ​អំណាច​របស់ខ្លួន​ខ្លាំង​ទៅលើ​ភរិយា ដូចជា មើលងាយ​ភរិយា​ជាដើម​។  
៣) ផ្តល់​តម្លៃ​តិចតួច​ឲ្យ​ភរិយា ព្រោះ គិតថា ភរិយា​ធ្វើ​តែ​ការងារ​ផ្ទះ​។ 
៤) ច្រើន​ប្រៀបធៀប​កម្រិតជីវភាព​គ្រួសារ​ខាង​ភរិយា​ខ្លួនឯង​ជាមួយ​គ្រួសារ​ដទៃ​។ 
 
​សរុបសេចក្តី​មក ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា ចូរ​ស្វាមី និង​ភរិយា ទាំងឡាយ​បោះបង់​គំនិត​ខាងលើ​ចោល ហើយ​ឈោង​ចាប់យក​ចំណុច​មួយ​ដែលថា​, ក្រោយ​អាពាហ៍ពិពាហ៍​, ដៃគូ​ជីវិត គឺ​ត្រូវ​ជិះទូក​ជាមួយគ្នា ប្រឈម​ជាមួយគ្នា ជម្នះ​ឧបសគ្គ​ជាមួយគ្នា ចែវ​ទូក​ទៅមុខ​ជាមួយគ្នា​លុះ​ជីវិតចុងក្រោយ ហើយ​ចូរ​កុំ​បន្ទោស​គ្នា​ទៅវិញទៅមក ព្រោះ នេះ គឺជា​ល្បោយ​នៃ​ជីវិត​។ អ្នកខ្លះ និយាយថា ជីវិត​គ្មាន​ឧបសគ្គ ជីវិត​គ្មាន​ការ​ប្រឈម​សោះ គឺជា​ជីវិត​ដែល​គ្មាន​ន័យ​។ ជីវិត​ដែលមាន​ន័យ គឺជា​ជីវិត​ដែល​ឆ្លងកាត់​ឧបសគ្គ ការ​ប្រឈម ការតស៊ូ និង​ភាពស្រណុកសុខស្រួល​។
 
​កំណត់ចំណាំ​៖ ជា​ការគត់សម្គាល់ គ្រួសារ​ដែល​ស្វាមី ឬ​ភរិយា មាន​ជីវភាព​ខុសគ្នា​ខ្លាំង ហើយ​រៀបការ​ជាមួយគ្នា ភាគច្រើន ពួកគេ​អាច​រស់នៅ​ជាមួយគ្នា​បានយូរ​អង្វែង ព្រោះ ភាគី​ខាង​ខ្សោយ​ជាង ច្រើន​សុខចិត្ត​ចុះចាញ់​។ តែបើ​ភាគី​ទាំងពីរ​មាន​ជីវភាព​គួរសម​ប្រហាក់ប្រហែលគ្នា ពួកគេ​ច្រើន​ប្រើ​អំណាច​រៀងៗ​ខ្លួន ដូច្នេះ ការបែកបាក់​ក៏​កើតមានឡើង​ដែរ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com