ជាតិ
សង្គមជាតិ
ចុងភៅ​កម្ពុជា​៣​រូប​ទទួលបាន​មេដាយប្រាក់​ពី​ការប្រកួត​ធ្វើ​ម្ហូប​ក្នុង​កម្មវិធី​នៅ​ប្រទេស​ថៃ​
03, Jun 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ចុងភៅ​ចំនួន​៣​រូប ក្នុង​សមាគម​ចុងភៅ​កម្ពុជា បាន​ទៅ​ចូលរួម​ប្រកួត​ធ្វើ​ម្ហូប​ក្នុង​កម្មវិធី​មួយ​នៅ​ប្រទេស​ថៃ ដោយ​ទទួលបាន​លទ្ធផល​មេដាយប្រាក់​។ ប្រធានបទ​សម្រាប់​កម្ម​វិធី​ធ្វើ​ម្ហូប​នៅ​ឆ្នាំនេះ គឺ​ទន្លេមេគង្គ ដោយមាន​អ្នកចូលរួម​ជាង​មួយ​ពាន់​នាក់​។​

 
​កម្មវិធី​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​២ មិថុនា​នៅ​ប្រទេស​ថៃ ដោយមាន​ប្រទេស​ចំនួន​១១​ចូលរួម និង​អ្នកចូលរួម​សរុប​ចំនួន ១៣១៨​នាក់​។ លោក ឡុង បូរ៉ា ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​ថា នេះ​ជា​ឆ្នាំ​ទី​៦​ហើយ​ដែល​សមាគម​របស់លោក​បាន​បញ្ជូន​ចុងភៅ​ទៅ​ចូលរួម​កម្មវិធី​ខាងលើ​។ លោក​បន្ថែមថា ទោះ​លទ្ធផល​មិនសូវ​ល្អប្រសើរ​ក៏ពិតមែន តែ​ខាង​សមាគម​របស់លោក ចង់ឱ្យ​ចុងភៅ​ថ្មីៗ​មានបទពិសោធន៍​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ធ្វើ​ម្ហូប​បែបនេះ​។ 
 
 
​តាម​ការលើកឡើង​រប​ស់លោក ឡុង បូរ៉ា ចុងភៅ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​ម្ហូប​នៅ​ប្រទេស​ថៃ​ឆ្នាំនេះ​មាន​ចំនួន​៣​រូប ទៅលើ​វិញ្ញាសារ​ចំនួន​៣ រួមមាន វិញ្ញាសារ​សាច់មាន់ និង​សាច់ជ្រូក ទទួលបាន​មេដាយប្រាក់ វិញ្ញាសារ សាច់​ចៀម បាន​មេដាយប្រាក់ និង​វិញ្ញាសារ គ្រឿង​សមុទ្រ បាន​មេដាយសំរិទ្ធ​។ លោក​បញ្ជាក់ថា ប្រទេស​ដែល​នាំមុខ​ដណ្ដើមបាន​មេដាយមាស និង​លើក​ពាន​នោះ គឺ​ប្រទេស​ថៃ និង​ម៉ា​ឡេ​ស៉ី និង​ប្រទេស​មួយចំនួនទៀត​។ 
 
 
​ប្រធាន​ដឹកនាំ​ចុងភៅ​កម្ពុជា​ទៅ​ប្រកួត​នៅ​ឆ្នាំនេះ រួមមាន​លោក ទូច វុទ្ធី ពី​សណ្ឋាគារ អង្គរ​ស៉ី​ន​ជូ​រី លោក ហ៉ី​ង ហេន ពី​សណ្ឋាគារ អង្គរ​អេ​រ៉ា លោក អ៉ឹ​ង សុភ័ក្ដ្រ ពី​ភោជនីយដ្ឋាន ខូ​លិច​សិន និង​លោក ឡេង វាសនា ពី​ភោជនីយដ្ឋាន ម្ហូប​។​
 
​គួរ​បញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​៦​ហើយ ដែល​សមាគម​ចុងភៅ​កម្ពុជា​បាន​ចូលរួម​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​នៅ​ប្រទេស ដោយ​ឆ្នាំ​ទី​១ ដណ្ដើមបាន​មេដាយមាស ឆ្នាំ​ទី​២ បាន​មេដាយមាស និង​បាន​លើក​ពាន​ផងដែរ ឆ្នាំ​ទី​៣ មេដាយប្រាក់ ឆ្នាំ​ទី​៤ មេដាយមាស និង​ឆ្នាំ​ទី​៥​បាន​មេដាយប្រាក់​៕
 




© រក្សាសិទ្ធិដោយ thmeythmey.com