អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របប​សឹក​ថៃ បន្ត​រក​វិធី​ចាត់ការ​អតីត​មេដឹកនាំ​ត្រកូល​ស៊ីណា​វ៉ា​ត់ ទោះបី​ជួប​ផល​លំបាក​ច្រើន​ក៏ដោយ
03, Jun 2018 , 10:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​របប​សឹក​ថៃ​បានទទួល​ស្គា​ល់ពី​ភាពលំបាក​ក្នុងការ​តាម​កំណត់​មុខសញ្ញា និង​សកម្មភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ត្រកូល​ស៊ីណា​វ៉ា​ត់​ទាំង​ពីររូប គឺ​លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ខណៈ​មានការ​ចុះផ្សាយ​ជា​បន្ត​បន្ទាប់ពី​សកម្មភាព​របស់​ទាំងពីរ​នៅ​បរទេស​។


​អគ្គ​ស្នងការរង​នគរបាលជាតិ​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Srivara Ransibrahmanakul ដើម​សប្តាហ៍​កន្លង​ទៅបាន​ថ្លែងថា វា​ជា​រឿង​លំបាក​ក្នុងការ​តាម​កំណត់​សកម្មភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ជាពិសេស​លើ​ករណី​ដែល​សារព័ត៌​មានបាន​ចុះផ្សាយ​ថា លោកស្រី​ទទួលបាន​ទិដ្ឋាការ​ស្នាក់នៅ​ចក្រភព​អង់គ្លេស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Bangkok Post​។ 
 
​លោក​ឧ​ត្ត​ម​សេនីយ៍​ខាងលើ​បាន​អះអាងថា ភាគី​រដ្ឋាភិបាល​ថៃ​បាន​ផ្ញើលិខិត​ផ្លូវការ​ទៅកាន់​ភាគី​អង់គ្លេស​រួចហើយ​ដើម្បី​បំភ្លឺ ថា​តើ​ព័ត៌មាន​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន BBC នាពេល​ថ្មីៗ​នេះ ថា លោកស្រី យី​ង​ឡាក់ ទទួលបាន​ទិដ្ឋាការ​ស្នាក់នៅ​ពី​អង់គ្លេស​សុពលភាព​១០​ឆ្នាំ ជា​រឿង​ពិត ឬ​យ៉ាងណា​។ 
 
​នាឱកាស​ដដែល​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បញ្ជាក់​ផងដែរ​ថា ប៉ូលិស​ថៃ​កំពុងតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប៉ូលិស​អន្តរជាតិ​ដើម្បី​កំណត់​មុខសញ្ញា​ថ្មី​មួយទៀត​តាមរយៈ​រូបភាព​ក្នុង​បណ្តាញ​សង្គម​របស់​អតីត​មេដឹកនាំ​ថៃ​លោក ថាក់ស៊ីន និង​លោកស្រី យី​ង​ឡាក់ នៅ​ទឹកដី​សហរដ្ឋអាមេរិក​ថា តើ​វា​ជា​រូបភាព​ចាស់​ឬក៏​ថ្មី​។ បើ​នេះ​ជា​រូប​ថ្មី នោះ​ប៉ូលិស​នឹង​តាមដាន​ថា តើ​មេដឹកនាំ​ទាំងពីរ​ប្រើប្រាស់​លិខិតឆ្លងដែន​ណាមួយ​សម្រាប់​ធ្វើដំណើ​រឆ្ល​ង​ប្រទេស​នោះ​។ 
 
​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​សង្កត់ធ្ងន់ថា គិត​ចាប់តាំងពី​លោកស្រី យី​ង​ឡាក់ ភៀសខ្លួន​ចេញពី​ប្រទេស ស្រប​ពេលដែល​តុលាការ​ថៃ​ចេញ​សាលក្រម​កំបាំងមុខ លោកស្រី យី​ង​ឡាក់ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដោយមាន​ទាំង​ទោស​ព្រហ្មទណ្ឌ និង​សំណង​រដ្ឋប្បវេណី​នោះ​។ ប៉ូលិស​ថៃ មិនដែល​ទុក​សំណុំ​រឿងនេះ​ចោល​ឡើយ ដោយ​ពួកគេ​តែងតែ​ធ្វើ​កិច្ចសហការ​ជាមួយនឹង​ប៉ូលិស​អន្តរជាតិ​ដើម្បី​តាម​កំណត់​សកម្មភាព​លោកស្រី​យី​ង​ឡាក់​ជានិច្ច​។ 
 
​គួរ​ជម្រាប​ផង​ថា អតីត​មេដឹកនាំ​កំពូល​ថៃ​ត្រកូល​ស៊ីណា​វ៉ា​ត់​ទាំងពីរ​ដែល​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​ដោយសារតែ​រដ្ឋប្រហារ​យោធា​ដូចគ្នានេះ ត្រូវបាន​តុលាការ​ថៃ​កាត់ទោស​ដាច់ដោយឡែក​ពីគ្នា​ឲ្យ​ជាប់ពន្ធនាគា​រលើ​បទ​ពុករលួយ និង​ធ្វេសប្រហែស​ក្នុងការ​ដឹកនាំ​ប្រទេស​។ អ្នក​ទាំងពីរ​សុទ្ធសឹងតែ​ត្រូវបាន​របប​សឹក​ថៃ ដកហូត​សិទ្ធិ​កាន់កាប់​លិខិតឆ្លងដែន​សញ្ជាតិ​ថៃ ក៏ប៉ុន្តែ​អ្នក​ទាំងពីរ បានបង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​ក្នុង​តំបន់​ដូចជា ចិន ជប៉ុន និង​សិង្ហ​បុរី​ជាដើម​៕
 
 

Tag:
 ថៃ​
  ស៊ីណា​វ៉ា​ត់
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com