ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សាស្ត្រាចារ្យ អន សុភៈ​៖​ទាល់តែ​ពលរដ្ឋ​ខ្មែរ​យល់​តម្លៃ​សិល្បៈ​ខ្លួន ទើប​មានគំនិត​ថែរក្សា​
03, Jun 2018 , 11:19 pm        
រូបភាព
​សាស្ត្រាចារ្យ​បង្រៀន​ផ្នៃ​កនាដ​សាស្ត្រ​តាំងពី​ឆ្នាំ​១៩៨៤  លោក អន សុភៈ លើកឡើងថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប​អាច​ថែរក្សា​សិល្បៈ​របស់ខ្លួន គ្រប់​ទម្រង់​បាន លុះត្រា​ណា​តែ​ពួកគាត់ យល់​ពី​តម្លៃ​សិល្បៈ​ជាមុនសិន​។ លោ​កថា​ការគាំទ្រ​សិល្បៈ​ខ្មែរ ព្រោះតែ​យល់ថា​សិល្បករ​ក្រ​ណាស់ គួរឱ្យ​អាណិត​ណាស់ គាត់​ហត់​ណាស់ គាត់​សម្ដែង​ល្អ​ណាស់ នោះ​មិនមែន​បានន័យថា​ពួកគេ​យល់​ពី​សិល្បៈ​ខ្មែរ​នោះទេ ហើយ​ពួកគេ​ក៏​គ្មាន​គំនិត​ថែរក្សា​និង​អភិវឌ្ឍន៍​សិល្បៈជាតិ​ដែរ​។​

 
​សូម​អាន កិច្ច​សម្ភាស រវាង កញ្ញា ប៉ូ សា​គុន អ្នកសារព័ត៌មាន​ថ្មីៗ  ពាក់ព័ន្ធ​តម្លៃ​សិល្បៈ​ល្ខោននិយាយ និង លោក អន សុភៈ សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​នាដ​សាស្ត្រ ខាងក្រោម​នេះ​៖ 
​កញ្ញា ប៉ូ សា​គុន​៖ តើ​ល្ខោននិយាយ​ជា​អ្វី​? វា​មាន​លក្ខណៈពិសេស​យ៉ាងណា​?
​លោក អន សុភៈ​៖ ល្ខោននិយាយ គឺជា​ការសម្ដែង​យកសម្ដី​ជាធំ​។ លក្ខណៈពិសេស​របស់​ល្ខោន​នេះ គឺ​ការប្រើ​ពាក្យ​មួយ​ម៉ាត់ៗ​សរុប​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ហើយ​ត្រូវ​សង្កត់​ន័យ ឱ្យ​អ្នកមើល​ចាប់អារម្មណ៍​។ អ្នក​សម្ដែង បកស្រាយ​មនោសញ្ចេតនា​ផ្ទាល់ខ្លួន​ផង ឱ្យ​អ្នកដទៃ​ផង​។ ល្ខោននិយាយ សម្ដែង​មិន​ច្របូកច្របល់​ទេ បើ​តួ​ណា​និយាយ តួ​ផ្សេង​នៅ​ស្ងៀម ដើម្បីឱ្យ​អ្នកមើល​ផ្ចង់អារម្មណ៍​ទៅ​អ្នក​និយាយ​។ ល្ខោននិយាយ ជា​ទម្រង់​សិល្បៈ​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​យ៉ាង​ស៊ីជម្រៅ​។​
 
​កញ្ញា ប៉ូ សា​គុន​៖ តើ​ល្ខោននិយាយ​មាន​ប៉ុន្មាន​ទម្រង់​?
​លោក អន សុភៈ​៖ ល្ខោននិយាយ​មាន​៣​ទម្រង់​។ ល្ខោននិយាយ​សម្ដែង​លើ​ឆាក ល្ខោននិយាយ​វិទ្យុ និង​ល្ខោននិយាយ​ជា​វីដេអូ​។​
 
​កញ្ញា ប៉ូ សា​គុន​៖ តើ​ល្ខោននិយាយ​កើតឡើង​តាំងពី​ឆ្នាំ​ណា​? ពេញនិយម​ខ្លាំង​នៅ​ឆ្នាំ​ណា​?
​លោក អន សុភៈ​៖ ល្ខោននិយាយ កើតឡើង​តាំងពី​ទស្សន​វត្សរ៍​ឆ្នាំ ១៩៤០ ដោយ​គ្រូ​ជនជាតិ​បារាំង​មក​បង្រៀន​។ កាលនោះ គេ​យក​ល្ខោននិយាយ​នេះ ជា​មធ្យោបាយ​បង្ហាញ​ពី​បញ្ហា​ក្នុងសង្គម​។ ល្ខោន​នេះ ពេញនិយម​ខ្លាំង ក្នុង​ទសវត្សរ៍​ទី​៦០  ហើយ​គេ​ឱ្យ​ឈ្មោះថា​ល្ខោន​ជាតិ​។ ល្ខោន​ជាតិ​នេះ គេ​មាន​រៀន​ចំ​ជា​កម្មវិធី ទៅ​សម្ដែង​គ្រប់​ខេត្ត​ទាំងអស់ នៅ​ប្រទេស​កម្ពុជា​។ មនុស្ស​សម័យ​នោះ គេ​ឱ្យ​តម្លៃ​ល្ខោននិយាយ​នេះ​ណាស់ ជាពិសេស​សិស្ស​និស្សិត ព្រោះ​ពួកគេ​មើល​ដើម្បី​បាន​គំនិត យកទៅ​វិភាគ​បញ្ហា​សង្គម​ដែល​កើតឡើង​។​
 
​កញ្ញា ប៉ូ សា​គុន​៖ បើ​ប្រៀបធៀប​មក​ពេលបច្ចុប្បន្ន​វិញ តើ​ការគាំទ្រ​ល្ខោននិយាយ​ស្ថិតក្នុង​កម្រិតណា​?
​លោក អន សុភៈ​៖ បច្ចុប្បន្ន ស្ទើរតែ​សាបសូន្យ​ទៅហើយ មិនមែន​ថា​គ្មាន​ការគាំទ្រ​សោះ​ទេ តែ​វា​តិចពេក ។ តិច​ខ្លាំងណាស់​។ កុំថាឡើយ​អ្នកមើល សូម្បីតែ​អ្នករៀន​ពេលនេះ មានតែ​១៦​នាក់​ទេ ដែល​រៀន​ជំនាញ​ល្ខោននិយាយ​នេះ​។ សិស្ស​ខ្លះ រៀន​បាន​បន្តិច​ដូរ​ជំនាញ ខ្លះ​រៀន​ជិត​ចប់​ហើយ​។ មើលឃើញថា  មិនមាន​ទីផ្សារ​ឈប់​ទៀត​។ មានរឿង​ច្រើនណាស់​។​
 
​កញ្ញា ប៉ូ សា​គុន​៖ ហេតុអ្វី​មានការ​ធ្លាក់ចុះ​យ៉ាងនេះ​? 
​លោក អន សុភៈ​៖ បញ្ហា​ធំ​បំផុត ពួកគាត់​មិន​យល់​តម្លៃ​សិល្បៈ​ខ្មែរ​។ ម្ដាយ​ឪពុក មិនសូវ​ចាប់អារម្មណ៍ កូនៗ​មិន​ស្រឡាញ់​។ គាត់​រើស​ជំនាញ​តាម​ទីផ្សារការងារ ដែល​អាច​រកប្រាក់​បាន​។ គាត់​យល់ថា រៀន​សិល្បៈ​នេះ បានតែ​សប្បាយ​រកប្រាក់​មិនបាន​។ ចំណែក​អ្នកមើល​វិញ គាត់​មិន​ចង់​មើល​ព្រោះតែ​បច្ចុប្បន្ន មាន​ភាពយន្ត​ច្រើន ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ​ក៏​ច្រើន ដូច្នេះ គេ​មិន​ចាប់អារម្មណ៍​ល្ខោននិយាយ​ទេ​។ ពួកគេ​មិនបាន​ចាប់អារម្មណ៍​ទេ​ថា ល្ខោននិយាយ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងសង្គម ដែល​ឲ្យ​ពួកគេ​អាច​ទទួលបាន​ចំណេះ​យ៉ាងច្រើន​ពី​ល្ខោននិយាយ​នោះទេ​។​
 
​កញ្ញា ប៉ូ សា​គុន​៖ ក្នុង​ថ្ងៃ​សម្ដែង​រឿង «​ថៅកែ​ចិត្តចោរ​» តើ​លោក​យល់ថា មាន​អ្នកគាំទ្រ​ច្រើន​ទេ​?
លោក អន សុភៈ​៖ សិល្បករ​សប្បាយចិត្ត​ណាស់ ពេលដែល​ឃើញ​មាន​អ្នកគាំទ្រ​ច្រើន​។ តែ​ខ្ញុំ​មិន​ចង់​ឮ​ពាក្យ​ថា គាំទ្រ​សិល្បៈ​ខ្មែរ គាំទ្រ​សិល្បករ​ខ្មែរ ព្រោះតែ​ពួកគេ​យល់ថា សិល្បករ​គាត់​ក្រ​ណាស់ គាត់​លំបាក​ណាស់ គាត់​គួរឱ្យ​អាណិត​ណាស់ គាត់​សម្ដែង​សម​ណាស់​។ នេះ​មិនមែន​ហៅថា​គាំទ្រ និង​យល់​តម្លៃ​សិល្បៈ​ខ្មែរ​នោះទេ​។ ទាល់តែ​ពួកគាត់​សិក្សា​ឱ្យបាន​ស៊ីជម្រៅ ទៅលើ​ទម្រង់​សិល្បៈ​របស់​ខ្មែរ ថា​វា​បានផ្ដល់​ផលប្រយោជន៍​អ្វីខ្លះ​ទៅក្នុង​សង្គម​? គាត់​បានទទួល​ចំណេះ​អ្វីខ្លះ​ពី​សិល្បៈ​នេះ​? ទាល់តែ​គាត់​យល់​តម្លៃ​យ៉ាងនេះ ទើប​ធ្វើឱ្យ​គាត់​គាំទ្រ​មិន​ងាករេ ហើយ​គាត់​នឹងមាន​គំនិត​ថែរក្សា និង​អភិវឌ្ឍន៍​សិល្បៈ​ខ្មែរ​។​
 
​កញ្ញា ប៉ូ សា​គុន​៖ តើ​លោក​មាន​ជា​សារ ឬ​សំណូមពរ​អ្វី ទៅកាន់​ខ្មែរ​គ្រប់រូប​?
លោក អន សុភៈ ៖ ខ្ញុំ​សំណូមពរ​ខ្មែរ​ទាំងអស់ សូម​ស្វែងយល់​ពី​ទម្រង់​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់ ព្រោះ​វា​សុទ្ធតែ​បានផ្ដល់​ចំណេះ ជាពិសេស​សិល្បៈ​ល្ខោននិយាយ វា​បង្ហាញ​យ៉ាង​ស៊ីជម្រៅ​ទៅក្នុង​បញ្ហា​សង្គម​៕
 
 

Tag:
 សិល្បៈ​
 ​ ល្ខោននិយាយ​
© រក្សាសិទ្ធិដោយ thmeythmey.com