ជាតិ
សុខភាព
រដ្ឋាភិបាល​សន្យា​ផ្ដល់​ថវិកា​ជិត​៨០​ម៉ឺន​រៀល ដល់​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ​ទូទាំងប្រទេស នៅ​ឆ្នាំ​២០១៩
04, Jun 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ស្ត្រី​មាន​ផ្ទៃពោះ ក្នុង​គ្រួសារ​ក្រីក្រ​ទូទាំងប្រទេស នឹង​ទទួលបាន​ថវិកា​ជិត​៨០​ម៉ឺន​រៀល ពី​រដ្ឋាភិបាល​។ គោលនយោបាយ​សម្រាប់​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ​នេះ នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​នៅ​ពាក់កណ្ដាល ឆ្នាំ​២០១៩​ខាងមុខ​។​



​ក្រោយ​ចូល​អាណត្តិ​ថ្មី រដ្ឋាភិបាល នឹង​ផ្ដល់​ថវិកា​៧៦​ម៉ឺន​រៀល សម្រាប់​ជួយ​ដល់​ស្ត្រី​ក្រីក្រ ដែល​ត្រូវ​សម្រាលកូន​។ ស្ត្រី​ក្រីក្រ​ទាំងនោះ នឹង​អាច​ថវិកា​ចាប់តាំងពី​ពួកគេ​មាន​ផ្ទៃពោះ រហូតដល់​ក្រោយ​សម្រាលកូន​។ នេះ​បើតាម​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល នឹង​រៀបចំ​ទឹកប្រាក់​ឧបត្ថម្ភ​ជា​ដំណាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​ពួកគេ​នឹង​ទទួលបាន​ថវិកា​៤​ដង ដោយ​ក្នុង​១​ដង​ទទួលបាន​៤​ម៉ឺន​រៀល ហើយ​នៅពេល​សម្រាលកូន គឺ​ទទួលបាន​សាច់ប្រាក់ ២០​ម៉ឺន​រៀល​បន្ថែមទៀត​។ បើតាម​សម្ដេច ហ៊ុន សែន ក្រោយពេល​សម្រាលកូន​រួច ស្ត្រី​ក្រីក្រ​ទាំងនោះ ក៏​នឹង​ទទួលបាន​ថវិកា​១០​ដង​ទៀត ដែលមាន​ទឹកប្រាក់​សរុប​៤០​ម៉ឺន​រៀល (​ក្នុង​១​ដង​ទទួលបាន​សាច់ប្រាក់​៤​ម៉ឺន​រៀល​)​។

​សម្រាប់​ការចំណាយ​ថវិកា​ឧបត្ថម្ភ​នេះ រដ្ឋាភិបាល​ត្រូវការ​ចំណាយ​ថវិកាជាតិ​សរុប​ជាង​៤​លាន​ដុល្លារ​សម្រាប់​ការអនុវត្ត​នៅ​ឆ្នាំ​ទី​១ (២០១៩) ។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា ទឹកប្រាក់​ចំណាយ​នេះ នឹង​កើនឡើង​៧,៧​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​ទី (២០២០) ហើយ​បន្ត​កើន​រហូត​ជាង​១០​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ទី​៣ (២០២១) សម្រាប់​ជួយ​ទ្រទ្រង់​ផ្នែក​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​នេះ​។​

​ការចំណាយ​ថវិកា​ទាំងនេះ គ្មានអ្វី​ប៉ះពាល់​ដល់​ចរន្ត​ថវិកាជាតិ​ឡើយ​។ ហើយ​ការចំណាយ​នឹង​ធ្លាក់​ចុះមក​កម្រិត​ទាប​វិញ នៅពេលដែល​ប្រជាពលរដ្ឋ មាន​កម្រិតជីវភាព​កាន់តែ​ល្អប្រសើរ​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ដែល​ថ្លែង​នៅ​ក្នុងការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ មិថុនា​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល ក៏បាន​ដាក់ចេញ​គោលនយោបាយ​ផ្ដល់​ថវិកា ជួយ​ដល់ក​ម្មករ​រោងចក្រ និង​មន្ត្រីរាជការ​ជា​ស្ត្រី ដែលមាន​ផ្ទៃពោះ​ផងដែរ​។ សម្រាប់​ស្ត្រី​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ស៊ីវិល ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល នៅពេល​សម្រាលកូន​។ ចំណែក​កម្មការិនី​រោងចក្រ ដែល​សម្រាលកូន​១​នាក់ ទទួលបាន​ថវិកា​៤០​ម៉ឺន​រៀល ,​កូនភ្លោះ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល និង​កូនភ្លោះ​បី ទទួលបាន​១​លាន ២​សែន​រៀល​។ បើតាម​សម្ដេច ហ៊ុន សែន ថវិកា​សម្រាប់​ទ្រទ្រង់​កម្មការិនី​មាន​ផ្ទៃពោះ​នេះ នឹង​ចំណាយ​១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕


Tag:
 ហ៊ុន សែន​
  ស្ត្រី​មា​នគ​ត៌​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com