ជាតិ
សេដ្ឋកិច្ច
CSX ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ជួញដូរ​ចល័ត នៅ​ចុងខែ​មិថុនា​នេះ​
04, Jun 2018 , 11:39 pm        
រូបភាព
រូបភាព៖ CSX
រូបភាព៖ CSX
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) នឹងដាក់​ឲ្យ​ដំណើរការ​បឋម​នូវ​ប្រព័ន្ធ​ជួញដូរ​ចល័ត (Mobile Trading System) សម្រាប់​ការជួញដូរ​មូល​ប​ត្រ​កម្មសិទ្ធិ ចាប់ពី​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំនេះ​តទៅ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ CSX ។​



​ប្រព័ន្ធ​ជួញដូរ​ចល័ត គឺជា​ប្រព័ន្ធ​ជួញដូរ​តាម​អ៊ី​ន​ធឺ​ណេ​ត ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ក្រោម​ការជួយ​គាំទ្រ​ពី​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) ដើម្បី​ជួយ​សម្រួល និង​ជំរុញ​ការជួញដូរ​មូល​ប​ត្រ​កម្មសិទ្ធិ​ដែល​ចុះបញ្ជី​នៅ CSX ។​

​ដំណើរការ​នៅលើ web browser ដែលមាន​ស្រាប់​នៅលើ​ស្មា​ត​ហ្វូ​ន និង​ថេប​ប្លេ​ត ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​ដាក់​បញ្ជា​ជួញដូរ កែប្រែ និង​លុបចោល​បញ្ជា​របស់ខ្លួន​បាន​ដោយ​ខ្លួនឯង ក៏ដូចជា​ពិនិត្យមើល​បញ្ជា និង​ទិន្នន័យ​ជួញដូរ​កន្លងមក​ផងដែរ​។

​វិនិយោគិន​អាច​តាមដាន​មើល​ទិន្នន័យទីផ្សារ សេចក្ដីជូនដំណឹង​ទាំង​របស់​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ និង CSX ព្រមទាំង​ព័ត៌មាន​ផ្សេងទៀត​ដែល​ផ្ដល់​ដោយ​សមាជិក​របស់ CSX ដែលមាន​សារៈសំខាន់​សម្រាប់​ការសម្រេចចិត្ត​វិនិយោគ​។​

​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​នេះ វិនិយោគិន​ត្រូវមាន​គណនី​ជួញដូរ​នៅ​ក្រុមហ៊ុន​មូល​ប​ត្រ​ណាមួយ ដែលជា​សមាជិក CSX និង​ចុះឈ្មោះ​ជាមួយ CSX ដើម្បី​ផ្ដល់​សេវា​ប្រព័ន្ធ​ជួញដូរ​ចល័ត​នេះ​។
​ការចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ជួញដូរ​ចល័ត​នេះ វិនិយោគិន​អាច​ស្នើសុំ​ដំណើរការ​គណនី​នៃ​ប្រព័ន្ធ​នេះ តាមរយៈ​ការចូល​ទៅកាន់ https://mts.csx.com.kh  ឬ​ទាក់ទង​ដោយផ្ទាល់​ទៅ​ក្រុមហ៊ុន​មូល​ប​ត្រ​របស់ខ្លួន​ដើម្បី​ស្វែងរក​ជំនួយ​៕



Tag:
 CSX
© រក្សាសិទ្ធិដោយ thmeythmey.com