មី​យ៉ាន់​ម៉ា ព្រមព្រៀង​ជាមួយ​ភ្នាក់ងារ UN ជួយ​ជំរុញ​ការបញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មក​ស្រុកកំណើត​វិញ
អន្តរជាតិ
មី​យ៉ាន់​ម៉ា ព្រមព្រៀង​ជាមួយ​ភ្នាក់ងារ UN ជួយ​ជំរុញ​ការបញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មក​ស្រុកកំណើត​វិញ
04, Jun 2018 , 11:59 pm        
រូបភាព
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ និង​ទីភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ បាន​ព្រមព្រៀងគ្នា​ជា​លើកដំបូង​លើ​ក្របខណ្ឌ​ថ្មី​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​ទី​កំណើត​របស់​ពួកគេ​វិញ​។ តែ​កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​មី​យ៉ាន់​ម៉ា ធ្វើ​សម្បទាន​ច្រើន ដ្បិត​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ មាន​លក្ខខណ្ឌ ។



​បើ​មិនមាន​ការប្រែប្រួល​នោះទេ ក្នុងអំឡុងពេល​សប្តាហ៍​នេះ ភ្នាក់ងារ​ជំនាញ​ទទួលបន្ទុក​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​ជាមួយនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​លើ ដំណោះស្រាយ​ជួយ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​កំពុងតែ​រស់នៅក្នុង​ជំរំ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​០១ មិថុនា​។

​បើ​កិច្ចព្រមព្រៀង ពិត​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ភាគី​ទាំងពីរ​មែន​នោះ វា​នឹង​ផ្តល់​លទ្ធភាព​សម្រាប់​ក្រុម​ភ្នាក់ងារ​ជំនាញ​ក្នុង​ការបំពេញ​បេស​សកម្ម​ការងារ​ទៅកាន់​រដ្ឋ Rakhine​។ វា​រាប់បញ្ចូល​ទាំង​ទីកន្លែង​របស់​ជនភៀសខ្លួន​រង​ផលប៉ះពាល់ ដែល​ពីមុនមក​ភ្នាក់ងារ​ជំនាញ មិនអាច​ចូលទៅ​ដល់​បានឡើយ ដ្បិត​មានការ​ហាមឃាត់​។

​អ្វីដែល​គួរកត់សម្គាល់ កិច្ចព្រមព្រៀង​ដែល​គ្រោង​នឹង​ចុះ​រួមគ្នា​ដោយ​ភាគី​ទាំងពីរ​ដដែល​នោះ ក៏​ផ្តល់​សិទ្ធិ​ឲ្យ​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ​ជួយ​សម្របសម្រួល និង​ណែនាំ​ដល់​ជនភៀសខ្លួន ដើម្បី​ធានា​ឲ្យ​បាន​ថា ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពួកគេ​ជាការ​ស្ម​គ្រ័​ចិត្ត និង​សុវត្ថិភាព​។ ចំណុច​នេះហើយ ដែល​តម្រូវ​ឲ្យ​មី​យ៉ាន់​ម៉ា​ធ្វើ​សម្បទាន​ច្រើន ព្រោះ​គិត​ចាប់តាំងពី​បញ្ហា​ជនភៀសខ្លួន​ផ្ទុះឡើង​ពី​ខែសីហា​ឆ្នាំ ២០១៧ មក អាជ្ញាធរ​មី​យ៉ាន់​ម៉ា​មិនដែល​អនុញ្ញាត​ឲ្យ​មានការ​ចូលទៅ​កាន់​តំបន់​នោះឡើយ​។​

​តាមពិតទៅ ក្រោយពី​មាន​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ  មី​យ៉ាន់​ម៉ា​ក៏បាន​ព្រមព្រៀងគ្នា​ជាមួយ​បង់​ក្លា​ដែ​ស​ក្នុងការ​រៀបចំ​បញ្ជូន​ជនភៀសខ្លួន​មកកាន់​ស្រុកកំណើត​វិញ​។ តែ​កិច្ចព្រមព្រៀង​នេះ ហាក់​នៅ​ទ្រឹង​នៅឡើយ​នោះទេ  ព្រោះថា ភាគ​ទាំងពីរ​មិនទាន់​អាច​ធានាបាន​ពី​សុវត្ថិភាព និង​ការ​ស្ម​គ្រ័​ចិត្ត​ក្នុង​ដំណើរការ​បញ្ជូន​ជនភៀសខ្លួន​មក​មី​យ៉ាន់​ម៉ា​វិញ​បានឡើយ​។

​គួរ​ជម្រាប​ផងដែរ​ថា តាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ មាន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​លើសពី ៥០​ម៉ឺន​នាក់ បាន​ភៀសខ្លួន​មកកាន់​បង់​ក្លា​ដែ​ស ក្រោយពី​មានការ​បាញ់ប្រហារ​គ្នា​នៅ​រដ្ឋ Rakhine នោះ​នៅ​ខែសីហា​ឆ្នាំមុន​។ កន្លងមក រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានប្រកាស​មិន​ទទួលស្គាល់​របាយការណ៍​នានា​ដែល​ចោទថា ខ្លួន​បាន​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទៅលើ​ជនជាតិភាគតិច​ទាំងនេះ​។ មី​យ៉ាន់​ម៉ា​ថែមទាំង​ហាម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ចូលទៅ​កាន់​តំបន់​រងគ្រោះ​ថែម​ទៀតផង​៕



Tag:
 មី​យ៉ាន់​ម៉ា
  រ៉ូ​ហ៊ីង​យ៉ា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com