រថយន្ត
អន្តរជាតិ
​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក នាំ​ឲ្យ​ទីផ្សារ​យានយន្ត​អ៊ីរ៉ង់ ពិបាក​បោះជំហាន​ទៅមុខ​
04, Jun 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ទីផ្សារ​យានយន្ត​អ៊ីរ៉ង់​កំពុង​ប្រឈម​ខ្លាំង​នៅ​ដំណាក់កាល​ថ្មី​នេះ ដោយសារតែ​ក្រុមហ៊ុន​បរទេស​ជាច្រើន​នឹង​ដកខ្លួន​ចេញ​ក្រោយ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ដែល​ចូល​ជាធរ​មាននៅ​ខែសីហា ខាងមុខ​។ ទោះបីជា​អ៊ីរ៉ង់​មាន​រោងចក្រ​ក្នុងស្រុក​ផ្ទាល់ខ្លួន​ក៏ដោយ ប៉ុន្តែ​ពួកគេ​ទំនងជា​ពិបាក​ដើរ​ដោយ​ខ្លួនឯង ហើយ​ត្រូវ​ប្រឈម​ជាមួយនឹង​ឥទ្ធិពល​ក្រុមហ៊ុន​ចិន​ថែមទៀត​។ នេះ​បើតាម​ការផ្សាយ​របស់ Forbes.com ។​



​អ៊ីរ៉ង់​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១២ លើ​ការផលិត​យានយន្ត​នៅលើ​ពិភពលោក​។ នេះ​បើតាម​ទិន្នន័យ​របស់​អង្គការ​សហគ្រាស​យានយន្ត​អន្តរជាតិ (OICA) ដោយ​ផលិត​បាន​រថយន្ត​ដឹក​អ្នកដំណើរ​ប្រមាណ​១.៤​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៧ ។​

​កាលពី​ឆ្នាំមុន​ផងដែរ ទីផ្សារ​យានយន្ត​អ៊ីរ៉ង់ មាន​កំណើន​១៨​ភាគរយ ដោយ​តាម​ពីក្រោយ​ចក្រភព​អង់គ្លេស ហើយ​នាំមុខ​រុស្ស៊ី និង​តួ​ក​គី​។ តាម​របាយការណ៍ អ៊ីរ៉ង់​ឈរលើ​ចំណាត់ថ្នាក់​ទី​១០​លើ​ការលក់​យានយន្ត​នៅលើ​ទីផ្សារ តាមរយៈ​ការលក់​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​កើន​ពី​១.១​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៥ ដល់​១.៦​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៧​។​

​បើទោះបីជា Peugeot និង Renault មាន​ភាពលេច​ធ្លោ​ក៏ដោយ តែ​ទីផ្សារ​ក្រុមហ៊ុន​យានយន្ត​ក្នុងស្រុក​ដែល​រួមមាន Iran Khodro និង Saipa មានការ​ឈានមុខ​យ៉ាងខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ទំនាស់​ការទូត​រវាង​អាមេរិក និង​អ៊ីរ៉ង់ បើ​គិត​ចាប់តាំងពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឡើងកាន់តំណែង បានធ្វើ​ទីផ្សារ​យានយន្ត​អ៊ីរ៉ង់ ហាក់ដូចជា​កំពុង​ដាំ​ក្បាល​ចុះ​។ ការដាក់​ទណ្ឌកម្ម​អាមេរិក បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​លោកខាងលិច​។

​ខណៈ General Motors និង Ford មិនសូវមាន​នៅលើ​ទីផ្សារ​អ៊ីរ៉ង់ ក្រុមហ៊ុន Renault និង PSA Group ដែលជា​ក្រុមហ៊ុនមេ​របស់ Peugeot និង Citroen រួមទាំង​ក្រុមហ៊ុន Brands ផ្សេងទៀត ក៏​កំពុង​ពិចារណា​ដកខ្លួន​ចេញ​ផងដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​អឺរ៉ុប​ជាច្រើន សុទ្ធតែ​បាន​បង្កើត​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​។ កាលពី​ខែសីហា ឆ្នាំមុន Volkswagen បាន​សហការ​ជាមួយ Mammut Khodro ក្នុង​ការផលិត​រថយន្ត​ម៉ាក Tiguan និង Passat រីឯ ក្រុមហ៊ុន​អាល្លឺម៉ង់ Daimler ប្រកាស​គម្រោង​សហការ​ជាមួយ Iran Khodro Diesel និង Mammut Group ក្នុង​ផលិត​រថយន្ត Mercedes-Benz ប្រភេទ​ដឹកទំនិញ ។​

​ប្រសិនបើ​ទណ្ឌកម្ម​អាមេរិក​ពិតជា​ជះឥទ្ធិពល​លើ​សហគ្រាស​យានយន្ត​អឺរ៉ុប​ពិតមែន​នោះ ក្រុមហ៊ុន​ក្នុងស្រុក នឹង​បន្ត​បង្ហាញ​សាច់ដុំ​របស់ខ្លួន​។ តែ​យ៉ាងណាក៏ដោយ ទីផ្សារ​ក៏​មិនអាច​ធំ​ទូលាយ​ដូច​មុន​ផងដែរ បន្ថែម​ពីលើ​នេះ​ទៀត វា​ហាក់ដូច​ជាការ​បើកដៃ​ឲ្យ​ក្រុមហ៊ុន​បន្ត​ពង្រីក​ទីផ្សារ​របស់ខ្លួន​បន្ថែម​នៅ​អ៊ីរ៉ង់​។​

​កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​យានយន្ត​ចិន​ចំនួន​៤ រួមមាន Chery, JAC, Lifan និង Brilliance លក់​ចេញ​រថយន្ត​បាន​រហូតដល់​ជាង​១០​ម៉ឺន​គ្រឿង​។ សរុប​ជារួម ទីផ្សារ​យានយន្ត​ចិន​នៅ​អ៊ីរ៉ង់ កើន​ពី​៣​ភាគរយ​នៅ​ឆ្នាំ​២០១១ មក​១៥​ភាគរយ​ន​នៅ​ឆ្នាំ​២០១៦ ៕



© រក្សាសិទ្ធិដោយ thmeythmey.com