ជាតិ
សម្ដេច ហ៊ុន សែន​៖ មន្ត្រី​ពូកែ​រាយការណ៍​ឲ្យ​ថ្នាក់លើ និង​ស្តីបន្ទោស​ថ្នាក់ក្រោម មិនគួរ​ឲ្យ​មាន​តំណែង​ធំ​ឡើយ​
05, Jun 2018 , 12:04 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកយក​បញ្ហា​ការងារ​មន្ត្រីរាជការ មក​ពន្យល់​ប្រាប់​សិស្ស​មន្ត្រី និង​កម្មសិក្សាការី នៃ​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​ព្រឹក​ថ្ងៃទី​៥ មិថុនា​នេះ​។​



​ថ្លែង​ចំពោះមុខ​សិស្ស​មន្ត្រី និង​និ​ស្សិត ជាង​១​ពាន់​នាក់ សម្ដេច ហ៊ុន សែន បាន​រំឭក​ដល់​មន្ត្រី​ខ្លួន​ថា មន្ត្រី​គឺជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាពលរដ្ឋ មិនមែនជា​ចៅហ្វាយនាយ​របស់​ពលរ​ដ្ឋ​នោះឡើយ​។ ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា មន្ត្រី​ល្អ គឺ​តែងតែ​គិតពី​សុខ​ទុ​ក្ខ​ប្រជាពលរដ្ឋ និង​ចេះ​ដោះស្រាយ​រាល់​បញ្ហា​នៅ​កន្លែង​ភ្លាមៗ តាម​កាត​ព្វ​កិច្ចរបស់ខ្លួន ដោយ​មិនចាំបាច់​រង់ចាំ​បទបញ្ជានាយករដ្ឋមន្ត្រី​នោះទេ​។ សម្រាប់​សម្ដេច ហ៊ុន សែន មន្ត្រី​ល្អ និង​មាន​សមត្ថភាព​ខ្ពស់​បែបនេះ គឺ​ត្រូវ​ផ្ដល់ឱកាស​ឲ្យ​កាន់តំណែង កាន់តែ​ធំ ដើម្បី​ជួយ​ដល់​ការងារ​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន​។​

​ប៉ុន្តែ​សម្រាប់​មន្ត្រី​ដែល​ពូកែ​រាយការណ៍​មក​ថ្នាក់លើ ហើយ​ទម្លាក់កំហុស​ទៅ​ថ្នាក់ក្រោម គឺជា​មន្ត្រី​អាក្រក់ ដែល​មិនត្រូវ​ឲ្យ​មានមុខ​តំណែង​ខ្ពស់​ក្នុង​រដ្ឋាភិបាល​ឡើយ​។ នេះ​ជា​លើកឡើង​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ព្រលយ​សម្តី​រិះគន់​ដោយ​ប្រយោល​ថា មន្ត្រី​ប្រភេទ​នេះ គឺជា​មន្ត្រី​ពូកែ​អែបអប ឡេមឡឺម ហើយ​ខ្វះ​ការទទួលខុសត្រូវ​លើ​ការងារ ប៉ុន្តែ​រង់ចាំតែ​ទទួលផល​ប្រយោជន៍​។​

​សូម​ស្ដាប់​សំឡេង​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖





​ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​មន្ត្រី​ដែល​យកជាគ្នា​បាន គឺ​មន្ត្រី​ដែល​ស្រវាស្រទេញ​ដោះស្រាយ​បញ្ហា​នៅ​ហ្នឹង​កន្លែង ហើយដោយ​ប្រមូលផ្ដុំ​នូវ​ការ​ឈ្លាស​វៃរបស់ខ្លួន ដោះស្រាយ​បញ្ហា​នៅ​ហ្នឹង​កន្លែង​។ នេះ​គឺជា​មន្ត្រី​ដែល​យើង​ត្រូវ​បង្កលក្ខណៈ​យកចិត្តទុកដាក់ ហើយ​រៀបចំ​ឲ្យ​ទៅជា​មន្ត្រី​ដឹកនាំ​កាន់តែ​ខ្ពស់ កាន់តែ​ល្អ​។ ប៉ុន្តែ​មន្ត្រី​ដែល​មិនបានការ ដែល​គួរតែ​ចៀសវាង គឺ​គាត់​ធ្វើការ​ងារ​ពីរ ដែល​សំខាន់​គឺ​ទី​១ រាយការណ៍​ទៅ​ថ្នាក់លើ ទី​២ ស្តីបន្ទោស​ថ្នាក់ក្រោម ។ មន្ត្រី​បែបនេះ ត្រូវ​ចងចាំ​ចំណាំទុក មិនគួរ​តែងតាំង​ឲ្យ​កាន់​ការងារ​បន្ត​ទេ​»​។​

អត្ថបទទាក់ទង


​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន បាន​ដាស់តឿន​ថា មន្ត្រី​ទាំងអស់ មិនត្រូវ​ក្តិចត្រួយ ឬ​មូល​បង្កាច់​មន្ត្រី​ដទៃ ដើម្បី​អំណាច​ខ្លួន​ទេ ក្នុងនាម​ជា​អ្នក​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដូចគ្នា​។ ប៉ុន្តែ​មន្ត្រី​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​រាល់​បញ្ហា​ជាតិ ទើប​ជា​រឿង​ប្រសើរ​។

​កន្លងមក​ប្រមុខ​រដ្ឋាភិបាល ក៏​ធ្លាប់​ព្រមាន​រដ្ឋមន្ត្រី និង​មន្ត្រី​តាម​ក្រសួង ស្ថាប័ន​នានា ដែល​អសកម្ម​ការងារ​ថា ពួកគេ​អាច​នឹង​គ្មាន​មុខ ក្នុង​ជួរ​រដ្ឋាភិបាល​ទៀតឡើយ នៅក្នុង​អាណត្តិ​ទី​៦​ខាងមុខ​៕


Tag:
 ហ៊ុន សែន​
  មន្ត្រីរាជការ​
  រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com