អន្តរជាតិ
សហរដ្ឋអាមេរិក​ចង់​បញ្ជូន​នាវាចម្បាំង​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​
06, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​សហរដ្ឋអាមេរិក​កំពុង​ពិចារណា​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​សហរដ្ឋអាមេរិក​នានា​។​



​នេះ​គឺជា​វិធានការ​មួយ​ដែល​អាច​បង្ក​ឲ្យ​មានប្រតិកម្ម​ខ្លាំងក្លា​ពី​រដ្ឋាភិបាល​ចិន​នៅ​ចំ​ពេលដែល​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក​កំពុង​រង​សម្ពាធ​ពី​ជម្លោះ​ពាណិជ្ជកម្ម និង​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ប្រសិនបើ​សហរដ្ឋអាមេរិក​នឹង​បញ្ជូន​នាវាចម្បាំង​នេះ​ទៅកាន់​ច្រក​សមុទ្រ​តៃវ៉ាន់​មែន នោះ​វា​អាច​ត្រូវគេ​យល់ឃើញ​នៅ​តៃវ៉ាន់​ថា​ជា​សញ្ញា​គាំទ្រ​ដ៏​ថ្មីស្រឡាង​មួយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បន្ទាប់ពី​មានការ​ធ្វើ​សមយុទ្ធ​យោធា​ចិន​ជាច្រើនលើក​ច្រើនសារ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។ ចិន​អះអាងថា កោះ​តៃវ៉ាន់​គឺជា​កម្មសិទ្ធិ​របស់ខ្លួន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying បាន​ជំរុញ​សហរដ្ឋអាមេរិក​ឲ្យ​ដោះស្រាយ​បញ្ហា​តៃវ៉ាន់​ដោយ​ភាព​ឆ្លាត​វៃ ដើម្បី​ជៀសវាង​ធ្វើយ៉ាងណា​មិន​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​លោកស្រី Hua Chunying បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​រដ្ឋាភិបាល​ចិន​បាន​សង្កត់ធ្ងន់​ម្ដង​ហើយ​ម្ដង​ទៀតថា បញ្ហា​តៃវ៉ាន់​គឺជា​បញ្ហា​ស្នូល​ដ៏​មាន​សារៈសំខាន់​បំផុត និង​រសើប​មួយ​នៅក្នុង​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com