អន្តរជាតិ
អាល្លឺម៉ង់ចោទថា រដ្ឋបាលត្រាំកំពុងព្យាយាមលូកលាន់កិច្ចការនយោបាយផ្ទៃក្នុងខ្លួន
× ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាល្លឺម៉ង់រងការរិះគន់ និងចោទប្រកាន់ផងដែរពីសំណាក់រដ្ឋាភិបាលអាល្លឺម៉ង់ ក្រោយមន្ត្រីទូតជាន់ខ្ពស់រូបនេះប្រកាសថាខ្លួនមានបំណងគាំទ្របណ្តាអ្នកនយោបាយអភិរក្សទូទាំងអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានអញ្ជើញអធិការបតីអូទ្រីសដែលជាអ្នកនយោបាយអភិរក្សទៅកាន់ស្ថានទូតអាមេរិកនៅអាល្លឺម៉ង់ថែមទៀត។
រដ្ឋាភិបាលអាល្លឺម៉ង់កំពុងទាមទារឲ្យសហរដ្ឋអាមេរិកបកស្រាយជុំវិញពាក្យសម្តីរបស់អគ្គរដ្ឋទូតអាមេរិកប្រចាំអាល្លឺម៉ង់លោក Richard Grenell និងឥរិយាបថមួយចំនួនរបស់លោកដែលអាចជាផ្នែកមួយនៃការជ្រៀតជ្រែកកិច្ចការនយោបាយអាល្លឺម៉ង់ផងនោះ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Richard Grenell ដែលជាអគ្គរដ្ឋទូតដែលត្រូវលោក ដូណាល់ ត្រាំ តែងតាំងផ្ទាល់នោះបានផ្តល់បទសម្ភាសន៍មួយជាមួយទស្សនាវដ្តី Breitbart ថា លោកចង់បង្កើនអំណាចក្រុមអ្នកនយោបាយអភិរក្សានៅពាសពេញតំបន់អឺរ៉ុបដែលកំពុងប្រឆាំងនឹងស្ថានភាពនយោបាយបច្ចុប្បន្នផងនោះ។
ក្រោយពីលើកឡើងបែបនេះហើយ មន្ត្រីទូតជាន់ខ្ពស់រូបនេះស្រាប់តែចេញលិខិតអញ្ជើញអធិការបតីអូទ្រីសលោក Sebastian Kurz ដែលនឹងបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់នៅសប្តាហ៍ក្រោយឲ្យជួបពិភាក្សាជាមួយលោកនៅស្ថានទូតអាមេរិកនៅអាល្លឺម៉ង់ទៀត។ គេដឹងច្បាស់ថាលោក Sebastian Kurz ជាអ្នកនយោបាយអភិរក្សដែលកំពុងដឹកនាំរដ្ឋាភិបាលចម្រុះដែលមានបក្សស្តាំនិយមជ្រុល និងបក្សអភិរក្សផងដែរ។
ពាក់ព័ន្ធនឹងការផ្តល់យោបល់និងអញ្ជើញមេដឹកនាំបរទេសនៅលើទឹកដីអាល្លឺម៉ង់នេះ ក្រសួងការបរទេសអាល្លឺម៉ង់បានទាមទារឲ្យភាគីអាមេរិកបកស្រាយពាកព័ន្ធជំហរអាមេរិកក្នុងបញ្ហានេះ ហើយខាងអ្នកនយោបាយប្រឆាំងនៅអាល្លឺម៉ង់បានចោទថា លោ Grenell នេះកំពុងព្យាយាមលូកលាន់កិច្ចការនយោបាយអាល្លឺម៉ង់ហើយ។
អតីតមេដឹកនាំបក្សកណ្តាលនិយមលម្អៀងឆ្វេង សង្គមប្រជាធិបតេយ្យ (SPD) លោក Martin Schulz បានចាត់ទុកថា ឥរិយាបថរបស់មន្ត្រីទូតអាមេរិកខាងលើមិនខុសពីម្ចាស់អាណានិគមឡើយ ហើយលោកក៏បានទាមទារឲ្យអាមេរិកដកឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅវិញផងដែរ។ លោក Schulz ជឿថា បើសិនជាទូតអាល្លឺម៉ង់នៅអាមេរិកហ៊ាននិយាយដូចទូតអាមេរិកនៅអាល្លឺម៉ង់នេះច្បាស់ជាត្រូវអាមេរិកបណ្តេញចេញភ្លាមៗមិនខាន។
«បើសិនជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នៅវ៉ាស៊ីនតោនហ៊ាននិយាយថា ខ្ញុំមកទីនេះដើម្បីជួយពង្រឹងបក្សប្រជាធិបតេយ្យ ខ្ញុំច្បាស់ណាស់ថា អ្នកការទូតរូបនេះត្រូវអាមេរិកបណ្តេញចេញភ្លាម»។ លោក Schulz អះអាងដូច្នេះ។
យ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិកមិនចាប់អារម្មណ៍នឹងការទាមទាររបស់អាល្លឺម៉ង់ឡើយ ហើយគេថែមទាំងការពារសិទ្ធិបញ្ចេញមតិរបស់មន្ត្រីទូតខ្លួនថែមទៀត។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ៥ ខែមិថុនាថា លោក Grenell មានសិទ្ធិក្នុងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន។
«គេជាអ្នកតំណាងរបស់សេតវិមាន ទោះជារដ្ឋបាលបច្ចុប្បន្ន ឬរដ្ឋបាលផ្សេងទៀតក៏ដោយ ហើយយើងតែងតែលឺមតិយោបល់របស់ពួកគេ។ ពេលខ្លះវាជាមតិយោបល់ដែលអ្នកផ្សេងទៀតចូលចិត្ត ឬអាចថាមិនចូលចិត្តផង។ ហើយនេះជាសិទ្ធិនៃការបញ្ចេញមតិដោយសេរី»៕
Tag:
អាល្លឺម៉ង់
អាមេរិក
អូទ្រីស
អភិរក្សនិយម
© រក្សាសិទ្ធិដោយ thmeythmey.com