ជាតិ
សាខា​ធ្វើលិខិត​ឆ្លងដែន​ធម្មតា​គំរូ​ថ្មី ក្នុង​ខេត្ត​បី ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ
06, Jun 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាខា​ធ្វើលិខិត​ឆ្លងដែន​ធម្មតា​គំរូ​ថ្មី នៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​កោះកុង បាន​បើក​ដំណើរការ នៅ​ថ្ងៃទី​៦ ខែមិថុនា នេះ​។ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បញ្ជាក់ថា ការដាក់​ឲ្យ​ដំណើរការ​នូវ​សាខា​ទាំងនេះ គឺ​ដើម្បី​លើកកម្ពស់​ការផ្ដល់សេវា​លិខិតឆ្លងដែន​ធម្មតា ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​។



អត្ថបទទាក់ទង
 

​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្ត​ស​ញ្ញណ​កម្ម លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រុក ម៉ៃ​ឧត្ដម បាន​ឲ្យ​ដឹងថា សាខា​ខាងលើ​បាន​ដំណើរការ​ធ្វើលិខិត​ឆ្លងដែន​គំរូ​ចាស់​យូរ​មកហើយ មិនមែន​ទើបតែ​ឥឡូវនេះ​ទេ ហើយ​ការដាក់​ឲ្យ​ដំណើរ​ថ្ងៃនេះ​ជា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី ដែល​បាន​បំពាក់​ប្រព័ន្ធ​ឧបករណ៍​ទំនើប​គ្រប់គ្រាន់​។​

​លោក បន្តថា នៅ​ឆ្នាំ​២០១៤ អគ្គនាយកដ្ឋាន​អត្ត​ស​ញ្ញណ​កម្ម បានដាក់​ឲ្យ​ដំណើរការ​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​ម្ដង​រួចមកហើយ​នៅ​សាខា​ទាំងបី​ខាងលើ ប៉ុន្តែ​នៅពេលនោះ​ការប្រើប្រាស់​ប្រព័ន្ធ​ឧបករណ៍​ចាស់​មិន​ស្គាល់​គំរូ​ថ្មី ដូច្នេះ​ការធ្វើ​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​ក៏បាន​ផ្អាក​មួយរយៈ ដោយសារ​មិនទាន់មាន​ឧបករណ៍​ទំនើប​គ្រប់គ្រាន់​។

​លោក បាន​បន្ថែមថា នៅពេល​ផ្អាក​មួយរយៈ​នោះ មានតែ​សាខា​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​ទេ ដែល​បាន​ដំណើរការ​ផ្ដល់​លិខិត​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​សម្រាប់តែ​ពលករ​ប៉ុណ្ណោះ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការផ្ដល់​នេះ​មិនមែនជា​លិខិតឆ្លងដែន​ធម្មតា​សម្រាប់​ផ្ដល់​ទៅ​ប្រជាពលរដ្ឋ​ទូទៅ​ឡើយ គឺ​សម្រាប់តែ​ពលករ ជា​សៀវភៅ​ខ្មៅ​»​។

​បើតាម​ការផ្ដល់​បទ​ស​ម្ភា​ស​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ អគ្គនាយករង​រូបនេះ បាន​ថ្លែងថា ចាប់ពី​ថ្ងៃនេះ​តទៅ មិន​ថា​ប្រជាពលរដ្ឋ​ទូទៅ ឬ​ពលករ​ទេ គឺអាច​ទៅធ្វើ​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី នៅ​សាខា​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​បាន​ដូចគ្នា ពីព្រោះ​នៅ​សាខា​ទាំង​ពីរបាន​បំពាក់​ឧ​បរ​ណ៍​ទំនើប​គ្រប់គ្រាន់​។ ចំណែកឯ​សាខា​មួយទៀត​នៅ​ខេត្តកោះកុង មិនមាន​ពលករ​ដែល​ត្រូវ​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដូច​ខេត្ត​ទាំងពីរ​ខាងលើនេះ​ទេ ដូច្នេះ​ប្រជា​ពល​ទូទៅ​អាច​ធ្វើបាន​ដូចគ្នា​ដោយបាន​បំពាក់​ឧបករណ៍​ទំនើប​ដូច​ខេត្ត​ទាំងនេះ​ផងដែរ​។​

​លោក ប្រុក ម៉ៃ​ឧត្ដម បាន​បន្ថែមទៀតថា ចំពោះ​រយៈពេល​ផ្ដល់​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី គឺ​រហ័ស​រយៈពេល ១​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​សម្រាប់​នៅ​រាជធានី​ភ្នំពេញ ហើយ​ចំណែក​នៅតាម​សាខា​ទាំង​៣​ខាងលើ មាន​រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​។

​មន្ត្រី​បម្រើ​ការងារ​នៅ​សាខា​ខេត្តបន្ទាយមានជ័យ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ថ្ងៃ​ដំបូង​នៃ​ដំណើរ​ការផ្ដល់​សាវា​លិ​ខិ​ឆ្លងដែន​ធម្មតា​ជូន​ប្រជាពលរដ្ឋ សាខា​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ប្រជាពលរដ្ឋ​ជិត ១០០​នាក់​។ ឯ​មន្ត្រី​សាខា​ខេត្តកោះកុង អះអាងថា ក្រុង​ខេមរភូមិន្ទ កោះកុង មាន​ប្រជាពលរដ្ឋ​២០​នាក់​។ ចំណែក​មន្ត្រី​សាខា​ខេត្តបាត់ដំបង មិនបាន​លើក​ទូរ​សព្ទ​នោះទេ​។ 

​សូមបញ្ជាក់ថា អាសយដ្ឋាន​សាខា​ផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី នៅតាម​ខេត្ត​ចំនួន​៣​នេះ រួមមាន ខេត្តបាត់ដំបង ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ F29 ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ​, ខេត្តបន្ទាយមានជ័យ ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ហើយ​ខេត្តកោះកុង ស្ថិតនៅ​ភូមិ​លេខ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​៕


Tag:
 លិខិតឆ្លងដែន
 ​ប្រុក ម៉ៃ​ឧត្ដម​
© រក្សាសិទ្ធិដោយ thmeythmey.com