កីឡាជាតិ
ជាតិ
កីឡា​គុន​ដាវ​បាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៤​ពី​ជើងឯក​អាស៊ី​កម្រិត​សាកលវិទ្យាល័យ​នៅ​សិង្ហ​បុរី​
06, Jun 2018 , 5:11 pm        
រូបភាព
កីឡាករ ថុង តាំងជីន (ឆ្វេងទី១)ជាមួយមិត្តរួមក្រុមដែលទទួលបានមេដាយប្រាក់ពីសិង្ហបុរី
កីឡាករ ថុង តាំងជីន (ឆ្វេងទី១)ជាមួយមិត្តរួមក្រុមដែលទទួលបានមេដាយប្រាក់ពីសិង្ហបុរី
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​កីឡា​គុន​ដាវ​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៤​ពី​ការប្រកួត​ជើងឯក​អាស៊ី​កម្រិត​សាកលវិទ្យាល័យ Asian Varsity Fencing Championship នៅ​ប្រទេស​សិង្ហ​បុរី​។ ប្រតិភូ គ្រូបង្វឹក​និង​កីឡាករ​បាន​នាំយក​មេដាយ​ទាំងនេះ​មកដល់​កម្ពុជា​កាល​ពីយ​ប់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​។ ទោះបី​មិនអាច​ដណ្តើមបាន​មេដាយមាស​ក៏ដោយ តែ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​វាយតម្លៃថា កីឡាករ​កីឡាការិនី​មាន​សមត្ថភាព​និង​បច្ចេកទេស​កើនឡើង បើ​ធៀប​នឹង​ការចូលរួម​កន្លងមក​។



​ក្រោយ​ប្រកួត​អស់​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២-៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង​សិង្ហ​បុរី ក្រុម​អត្ត​ព​លិ​ក​កីឡា​គុន​ដាវ​កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៤ ពី​ព្រឹត្តិការណ៍ Asian Varsity Fencing Championship ប្រចាំឆ្នាំ​២០១៨​។ ការប្រកួត​នេះ មាន​អត្ត​ពលិកម​ក​ពី​១៩​សាកលវិទ្យាល័យ​ចូលរួម ខណៈ​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​៩​រូប​(​ស្រី​៣​រូប​)​ឲ្យ​ចូលរួម​។  



​មេដាយប្រាក់​១​របស់​កម្ពុជា​ទទួលបាន​លើ​វិញ្ញាសា​ដាវ​តូច​បុរស​ជា​ក្រុម ដែល​ជាការ​ចាប់ដៃគ្នារ​វាង​កីឡាករ ជឹម ធារ៉ា​, ឃឹម សា​មាន​, ថុង តាំង​ជីន និង​កីឡាករ សំ សិទ្ធិ​បញ្ញា ក្រោយ​ពួកគេ​ប្រកួត​ចាញ់​ក្រុម​សិង្ហ​បុរី​ក្នុង​លទ្ធផល ៤១-៤៥​។ រីឯ​មេដាយ​សំរឹទ្ធ​ទាំង​៤​បាន​លើ​វិញ្ញាសា​ក្រុម​នារី​ដាវ​ធំ​, ក្រុម​នារី​ដាវ​កាប់​, ឯកត្តជន​ដាវ​ធំ​បុរស និង​ដាវ​ធំ​បុរស​ជា​ក្រុម​។ ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​កបាន​នាំយក​មេដាយ​ទាំងនេះ​មកដល់​មាតុប្រទេស​កាលពី​យប់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​។

​កីឡាករ ថុង តាំង​ជីន តំណាង​ក្រុម​ដែល​ឈ្នះ​មេដាយ​មេដាយប្រាក់​ពី​សិង្ហ​បុរី​បាន​និយាយថា ទោះបី​មិន​ទទួលបាន​មេដាយមាស​ក៏ដោយ តែ​ពួកគេ​ទទួលបាន​បទពិសោធ​ល្អៗ​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ត្រៀម​ប្រជែង​នៅលើ​ក្រោយៗ​ទៀត​។ កីឡាករ តាំង​ជីន បាន​អះអាងថា ក្នុងចំណោម​៤៥​ពិន្ទុ​របស់​ក្រុម​សិង្ហ​បុរី គឺ​កីឡាករ​ដែលមាន​សមត្ថ​ភាព​ឈានដល់​អូឡាំពិក​រកបាន​៤០​ពិន្ទុ​ម្នាក់ឯង​។



​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កីឡាករ ថុង តាំង​ជីន បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ថ្វី​ដ្បិត​យើង​មិន​ទទួលបាន​ជោគជ័យ​ដល់​មេដាយមាស ប៉ុន្តែ​យើង​ទទួលបាន​បទពិសោធ​ប្រកួត​ជាមួយ​គូប្រកួត​ដែល​គាត់​អាច​ឈានដល់​អូឡាំពិក ពិសេស​ទទួលបាន​វិធីសាស្ត្រ​ល្អ​ក្នុង​ការរៀបចំ​ក្រុម ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​នៅ​លើក​ក្រោយ​។ តាមរយៈ​ការប្រកួត​នេះ​យើង​ដឹងថា យើង​គួរ​ដាក់​កីឡាករ​រូប​ណា​មុន និង​កីឡាករ​ណា​ប្រកួត​ក្រោយ​កាន់តែច្បាស់​»​។​

​ជាមួយគ្នានេះ លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បាន​និយាយថា ការណ៍​ដែល​កម្ពុជា​មិនអាច​ទទួលបាន​មេដាយមាស​លើក​នេះ ដោយសារ​សិង្ហ​បុរី​បានដាក់​កីឡាករ​ជម្រើសជាតិ​ជើង​ខ្លាំង​របស់គេ​ឲ្យ​ចូលរួម ដែល​ធ្វើ​កម្ពុជា​ពិបាក​ក្នុងការ​យកឈ្នះ ពិសេស​មាន​កំហុសឆ្គង​រៀបចំ​កីឡាករ​ក្នុងអំឡុងពេល​ប្រកួត​។ អគ្គលេខាធិការ​រូបនេះ​បាន​អះអាងថា កីឡាករ​ដែល​រកបាន​៤០​ពិន្ទុ​ម្នាក់ឯង​សម្រាប់​ក្រុម​សិង្ហ​បុរី​មាន​សមត្ថភាព​ឈានដល់​កម្រិត​អូឡាំពិក​ឯណោះ​។​

​បើ​និយាយ​ពី​កម្រិត​សមត្ថភាព​និង​បច្ចេកទេស​សម្រាប់​ការចូលរួម​ប្រកួត​លើក​នេះ​របស់​កីឡាករ​កីឡាការិនី លោក សុខ អាង បាន​វាយតម្លៃថា មានការ​កើនឡើង​បើ​ធៀប​នឹង​លើក​នេះ​។ ប៉ុន្តែ​បើ​មើល​ពី​កម្រិត​សមត្ថភាព​ក្នុងការ​ឈានទៅ​វគ្គ​ជម្រុះ​អូឡាំពិក កម្ពុជា​នៅមានកម្រិត​ទាប​នៅឡើយ​បើ​ធៀប​នឹង​សិង្ហ​បុរី​។ កង្វះ​ធន​កីឡាករ និង​បទពិសោធ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ត្រូវបាន​លោក សុខ អាង ចាត់ទុកជា​កត្តា​ចម្បង​ដែល​រាំងស្ទះ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​គុន​ដាវ​នៅ​កម្ពុជា​។



​លោក​បន្ថែមថា​៖«​ទោះបី​យើង​ធ្លាប់​ចូលរួម​ប្រកួត​ច្រើន​ក្នុង​កម្រិត​អាស៊ីអាគ្នេយ៍​ក៏ដោយ ប៉ុន្តែ​ក្នុង​តំបន់​អាស៊ាន​មានតែ​វៀតណាម និង​សិង្ហ​បុរី​ប៉ុណ្ណោះ​ដែល​ខ្លាំង​។ តែបើ​យើង​ចង់​ចូល​កម្រិត​អាស៊ី​អាចមាន​ការលំបាក​ខ្លាំង​។ ចាប់ពី​ឆ្នាំក្រោយ​ទៅ​យើង​នឹង​រៀបចំ​គម្រោង​ឲ្យ​ពួក​ចូលរួម​ប្រកួត​ចាប់ពី​កម្រិត​អាស៊ី​ឡើងទៅ​។ ព្រោះ​បើ​យើង​ចង់​ឈានដល់​កម្រិត​អូឡាំពិក ឬ​ចង់បាន​មេដាយមាស​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំក្រោយ យើង​គួរ​យក​កម្រិត​អូឡាំពិក​ជា​គោល​។ ហើយ​យើង​ចាប់ផ្តើម​បញ្ជូន​ពួកគាត់​ទៅ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ឲ្យ​ច្រើន ដើម្បី​ជា​បទពិសោធ​សម្រាប់​ពួកគាត់​»៕    


Tag:
 គុន​ដាវ​
  សុខ អាង​
  Asian Varsity Fencing
© រក្សាសិទ្ធិដោយ thmeythmey.com