ជាតិ
សុខភាព
មន្ត្រី​ជំនាញ អំពាវនាវ​ឲ្យ​ឈប់​ដុត​ថង់​ប្លា​ស្ទិ​ក ព្រោះ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​
06, Jun 2018 , 5:26 pm        
រូបភាព
លោក ស៊ូ សាវុធ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន។ រូបពីក្រសួងបរិស្ថាន
លោក ស៊ូ សាវុធ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន។ រូបពីក្រសួងបរិស្ថាន
​លោក ស៊ូ សាវុធ អនុរដ្ឋលេខាធិការ នៃ​ក្រសួងបរិស្ថាន មានប្រសាសន៍​ក្នុង​ពិធី​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ថា ការដុត​សំរាម​ថង់​ប្លា​ស្ទិ​ក គឺជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​អាយុជីវិត មនុស្ស សត្វ និង​បំផ្លាញ​បរិស្ថាន​។



​មន្ត្រី​រូបនេះ បាន​បញ្ជាក់ថា មនុស្ស សត្វ ដែល​ស្រូបយក​ឧស្ម័ន​ពី​ការដុត​សំណល់​ថង់​ប្លា​ស្ទិ​ក អាច​បង្ក​ជា​ជំងឺមហារីក ជំងឺ​បេះដូង ផ្លូវដង្ហើម ព្រមទាំង​ប៉ះពាល់​ដល់​ស្រទាប់​អូហ្សូន ខណៈដែល​ថង់​ប្លា​ស្ទិ​ក​ជា​កាកសំណល់ ដែល​មិន​ងាយ​ពុកផុយ​។​

​លោក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ទម្លាប់​ដុត​កាកសំណល់​ថង់​ប្លា​ស្ទិ​ក​នៅតាម​ផ្ទះ ឬ​ទីវាល​សាធារណៈ ដែល​នាំ​ឲ្យ​មាន​ផ្សែង​ទៅ​បំពុល និង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​បំផុត​ដល់​អាយុជីវិត​មនុស្ស សត្វ និង​បរិស្ថាន​។​

​របាយការណ៍​របស់​អង្គការ​មូលនិធិ​អាក់​រ៉ា ដែល​សិក្សា​ពី​កម្រិត​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា បាន​បង្ហាញថា មាន​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​១០​លាន​ថង់ ត្រូវបាន​ប្រើប្រាស់​នៅតាម​ទីប្រជុំជន​ធំៗ​។

​ថង់​ប្លា​ស្ទិ​ក ដែល​ប្រមូលបាន​ក្នុង​បរិមាណ​សំរាម តាមរយៈ​ការ​បោសសម្អាត​ផ្លូវ​ក្នុង​ទីក្រុង​ធំៗ រួមមាន រាជធានី​ភ្នំពេញ មាន​ថង់​ប្លា​ស្ទិ​ក ១៧.៣​ភាគរយ ខេត្តសៀមរាប មាន ២០.៧​ភាគរយ និង​ខេត្ត​ព្រះសីហនុ មាន ៣៤​ភាគរយ​៕

​ប្រភព​៖ AKP
 


Tag:
 បរិស្ថាន​
  ថង់​ប្លា​ស្ទិ​ក​
  ស៊ូ សាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com