អន្តរជាតិ
ប្រមុខ​ការទូត​សិង្ហ​បុរី​៖ សិង្ហ​បុរី​មិនបាន​សុំ​ធ្វើ​ម្ចាស់ផ្ទះ​ឡើយ តែ​អាមេរិក​និង​កូរ៉េខាងជើង​ជា​អ្នកស្នើ
07, Jun 2018 , 4:22 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី Vivian Balakrishan ជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (រូបភាព AFP)
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី Vivian Balakrishan ជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (រូបភាព AFP)
​រដ្ឋ​អាស៊ាន​សិង្ហ​បុរី​បាន​ក្លាយជា​ផ្ទះ​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែមិថុនា​។ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី Vivian Balakrishnan និយាយថា សិង្ហ​បុរី​មិនបាន​ស្ម័គ្រចិត្ត​ទទួល​រៀបចំ​ជំនួប​នេះឡើយ តែ​អាមេរិក និង​កូរ៉េខាងជើង​ជា​អ្នក​ជ្រើសរើស​សិង្ហ​បុរី​ដោយ​ខ្លួនឯង​។ យ៉ាងណាមិញ សិង្ហ​បុរី​មាន​មោទកភាព និង​ត្រៀមខ្លួន​រួមចំណែក​សម្រាប់​ពិភពលោក​។​



​ដ្បិត​ជា​ប្រទេស​ដែន​កោះ​តូច​មួយ សិង្ហ​បុរី​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​ដ៏​ធំ​មិន​ធ្លាប់មាន​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ ប្រទេសមួយ​នេះ​បាន​ផ្ដួល​បេក្ខភាព​ជាច្រើន​ទៀត​ដូចជា​ស្វ៊ី​ស អាល្លឺម៉ង់ ម៉ុង​ហ្គោ​លី និង​ស៊ុយអែត​ផង​ក្នុង​ការទទួល​ស្វាគមន៍​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សប្ដាហ៍​ក្រោយនេះ​។​

​ជុំវិញ​ការទទួល​រៀបចំ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី Vivian Balakrishnan និយាយថា សិង្ហ​បុរី​មិនបាន​ស្នើសុំ​រៀបចំ​ឡើយ តែ​ត្រូវបាន​អាមេរិក និង​កូរ៉េខាងជើង​ជា​អ្នកស្នើ​ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ​តែម្ដង​។ ថ្លែង​អំឡុងពេល​ទស្សនកិច្ច​នៅ​អាមេរិក​នៅ​ថ្ងៃទី​៥ ខែមិថុនា លោក Vivian បញ្ជាក់ថា ទាំង​អាមេរិក ទាំង​កូរ៉េខាងជើង​មាន​អារម្មណ៍​ថា សិង្ហ​បុរី​មាន​សន្តិសុខ ហើយ​អាមេរិក​ជា​អ្នករក​សិង្ហ​បុរី​មុនគេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សិង្ហ​បុរី Channel NewAsia ។​

​សម្រាប់​ហេតុផល​វិញ ប្រមុខ​ការទូត​សិង្ហ​បុរី​រូបនេះ​អះអាងថា អាមេរិក និង​កូរ៉េខាងជើង​រើសយក​សិង្ហ​បុរី ព្រោះ​សិង្ហ​បុរី​ជា​ប្រទេស​អ​ព្យា​ក្រឹត្យ គួរ​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​។ សិង្ហ​បុរី​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ជំនួប​នេះ និង​រួមចំណែក​សម្រាប់​សន្តិភាព​ពិភពលោក ខណៈ​ការរៀបចំ​ទាំងអស់​ដូចជា​ការដឹកជញ្ជូន សន្តិសុខ ពិធីការ​ការទូត​ស្ថិតក្នុង​ដំណើរការ​ទាំងអស់​។ លោក​សង្ឃឹមថា ជំនួប​នព​នឹងមាន​លទ្ធផល​វិជ្ជមាន​មិន​ខាន​។​

​សូម​រំឭក​ដែរ​ថា ខណៈ​មាន​ការជជែក​ពី​ការចំណាយ​ថ្លៃ​ស្នាក់នៅ​របស់​ប្រតិភូ​កូរ៉េខាងជើង ក្នុងនាម​ជា​ម្ចាស់ផ្ទះ សិង្ហ​បុរី​ក៏មាន​បំណង​ចេញថ្លៃ​ឲ្យ​ផងដែរ​។ កាលពី​ចុង​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី Ng Eng Hen បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​សន្ទនា​សន្តិសុខ Shangri-La ថា សិង្ហ​បុរី​ក៏មាន​ឆន្ទៈ​ចេញថ្លៃ​រៀបចំ​ជំនួប​នេះដែរ​ដើម្បី​រួមចំណែក​ដល់​ជោគជ័យ​នៃ​ការជួបគ្នា​លើកទីមួយ​រវាង​លោក ត្រាំ និង​លោក គីម ។

​លោក ត្រាំ និង​លោក គីម នឹង​ចាប់ផ្ដើម​ជំនួប​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា នៅឯ​សណ្ឋាគារ Capella លើ​កោះ Sentosa មិនមែន​នៅ​សណ្ឋាគារ Shangri-La ឬ Fullerton ឡើយ​។ ជំនួប​លើកទីមួយ​ដែល​គេឯង​អន្ទះសា​ចង់ឃើញ​នេះ បាន​ទាក់ទាញ​អ្នកសារព័ត៌មាន​ជិត​បី​ពាន់​នាក់​មកពី​ជុំវិញ​ពិភពលោក​៕


Tag:
 សិង្ហ​បុរី​
  អាមេរិក​
  កូរ៉េខាងជើង​
  Vivian Balakhrishan
© រក្សាសិទ្ធិដោយ thmeythmey.com