ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា កំពុង​ជាប់ឃុំ​ខ្លួន​២៨០​ថ្ងៃ ខណៈ​ការបោះឆ្នោត​ជិត​មកដល់​
08, Jun 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៨ មិថុនា​នេះ លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ អស់​រយៈពេល​២៨០​ថ្ងៃ បើ​រាប់​តាំងពី​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១៧​មក​។ លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ខ្លួន ត្រូវបាន​តុលាការ​ចោទប្រកាន់​បទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​»​។​



​លោក កឹម សុខា ត្រូវបាន​តុលាការ​បន្ត​ឃុំខ្លួន នឹង​បើកសវនាការ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ លើ​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​មាន​បទ​ចោទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ហើយ​មិនទាន់មាន​ការកាត់ទោស​ជា​ស្ថាពរ ពី​សំណាក់​តុលាការ​។ លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន​រយៈពេល​៩​ខែ​មកហើយ ដោយ​ចៅក្រម​ត្រូវការ​ស៊ើបអង្កេត និង​ប្រមូល​ភស្តុតាង​បន្ថែម លើ​សំណុំរឿង​ឃុបឃិត​ជាមួយ​បរទេស​នេះ​។​

​ការឃុំខ្លួន​លើសពី​៦​ខែ ដើម្បី​ស៊ើបអង្កេត​នេះ ក៏​ធ្លាប់មាន​ការជំទាស់​ពី​សំណាក់​មេធាវី​លោក កឹម សុខា ថា ជាការ​រំលោភ​សិទ្ធ​ផងដែរ ខណៈ​នីតិវិធី​កំណត់​ឲ្យ ជន​ត្រូវ​ចោទ អាច​ត្រូវបាន​ឃុំខ្លួន​យ៉ាងយូរ​តែ​៦​ខែ​ប៉ុណ្ណោះ​។ ព្រោះ​ក្នុងអំឡុង​៦​ខែ​នេះ ចៅក្រម​ស៊ើបសួរ ត្រូវ​សម្រេច​ថា បញ្ជូន​ជន​ត្រូវ​ចោទ​ទៅ​ជំនុំជម្រះ ឬក៏​ដោះលែង​ជា​បណ្តោះអាសន្ន​។ ប៉ុន្តែ​ការជំទាស់​គ្មាន​ប្រសិទ្ធភាព​។ ចៅក្រម​ស៊ើបសួរ នៅតែ​អាច​បន្ត​ឃុំ​ជន​ត្រូវ​ចោទ​លើសពី​៦​ខែ ប្រសិនបើ​យល់ថា សំណុំរឿង ត្រូវការ​ការស៊ើបអង្កេត និង​ការប្រមូល​ភស្តុតាង​បន្ថែម​។

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ត្រង់​ថា ការឃុំខ្លួន​លោក កឹម សុខា អស់​រយៈពេល​២៨០​ថ្ងៃនេះ ហាក់ដូច​រយាល​ពេល​អតីត​មេដឹកនាំ​បក្សប្រឆាំង​មួយ​នេះ សម្រាប់​ការចូលរួម​បោះឆ្នោត ខណៈពេល​លោក សម រង្ស៊ី មិនអាច​ចូល​ស្រុក​បាន ហើយ​គណបក្សប្រឆាំង​ក៏ត្រូវ​រំលាយ​។​

អត្ថបទទាក់ទង


​មិនទាន់មាន​សញ្ញា​ល្អ​ណាមួយ សម្រាប់​ផ្ដល់​ក្តី​សង្ឃឹមថា លោក កឹម សុខា អាច​ចេញ​ពន្ធនាគារ​មុន​ការបោះឆ្នោត សម្រាប់​ប្រកួតប្រជែង​នយោបាយ​ឡើយ ស្របពេល​ប្រមុខ​រដ្ឋាភិបាល ប្រកាសថា គ្មាន​ការលើកលែងទោស​ឲ្យ​អ្នកណាម្នាក់​ឡើយ​។ សម្រាប់​អ្នកវិភាគ នៅតែ​ជឿថា បើ​មាន​ការចរចា​ផ្នែក​នយោបាយ​កើតឡើង ជាយ​ថ​ហេតុ​នោះ លោក កឹម សុខា អាច​នឹង​ចេញ​មុន​ការបោះឆ្នោត សម្រាប់​មានឱកាស​ចូលរួម​ប្រកួតប្រជែង​នយោបាយ​។ ប៉ុន្តែ​ភាគរយ​នៃ​ការចេញ​មុន​ការបោះឆ្នោត ហាក់​មាន​តិចតួច​បំផុត​។ បើតាម​អ្នកវិភាគ​នយោបាយ​លោក ហង្ស វិទូ គណបក្ស​ប្រជាជន ទំនង​លេង​នយោបាយ ដែលមាន​សន្លឹក​បៀ​ធំ​ក្នុង​ដៃ ធីប​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​តែម្ដង ហើយ​ជម្នះ​គឺ​ស្ថិតនៅលើ​គណបក្សកាន់អំណាច​មួយ​នេះ​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី ២៩ កក្កដា​ខាងមុខ នឹងមាន​គណបក្ស​ចំនួន​២០ ត្រូវ​ប្រកួតប្រជែង​គ្នា​៕


Tag:
 កឹម សុខា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com