ជាតិ
សេដ្ឋកិច្ច
បារាំង​ផ្ដល់​ប្រាក់កម្ចី ១៤​លាន​ដុល្លារ ដល់​ក្រុមហ៊ុននាំចេញ​អង្ករ​កម្ពុជា Golden Rice
08, Jun 2018 , 9:39 pm        
រូបភាព
​ក្រុមហ៊ុន Golden Rice ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ​កម្ពុជា បានទទួល​កម្ចី ១៤​លាន​ដុល្លារ​ពី​ស្ថាប័នហិរញ្ញវត្ថុ PROPACO ដែលជា​បុត្រ​សម្ព័ន្ធ របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង (AFD) ជំនាញ​លើ​ការអភិវឌ្ឍ​វិស័យ​ឯកជន​។ កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​តំណាង​ស្ថាប័ន​ទាំងពីរ កាល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​។​



​កម្ចី ពី​PROPACO នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Golden Rice ពង្រីក​សមត្ថភាព​ផលិតកម្ម​របស់ខ្លួន ព្រមទាំង​អាច​ផលិត​ថាមពល​អគ្គិសនី​១​មេ​ហ្កា​វ៉ា​ត់ (​ដើរ​ដោយ​ការដុត​អ​ង្កោ​ម​) បន្ថែមទៀត​។ កម្ចី​នេះ​ក៏បាន​លើកទឹកចិត្ត ដល់​បច្ចេកវិទ្យា​បង្កើត​ថ្មី  និង​លើកស្ទួយ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ដែល​អាច​កាត់បន្ថយ​ការចំណាយ​លើ​ថាមពល​របស់​ក្រុមហ៊ុន Golden Rice​ផងដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ PROPACO​។​



​ការផ្តល់​កម្ចី​នេះ គឺជា​លើក​ទី​៣​ហើយ ដែល PROPACO បានផ្តល់​ឲ្យ​ក្រុមហ៊ុន Golden Rice​។  PROPACO បានផ្តល់​កម្ចី លើកទីមួយ​ចំនួន ៧​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០០៩ និង​កម្ចី​លើក​ទី​ពីរ​ចំនួន ១០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៣ ។​

​ក្រុមហ៊ុន Golden Rice  គឺជា​ក្រុមហ៊ុន​ផលិត  និង​នាំចេញ​អង្ករ​ក្រអូប ដ៏​ធំ​មួយ​ក្នុងចំណោម​ក្រុមហ៊ុននាំចេញ​អង្ករ​ធំៗ ទាំង​១០​របស់​កម្ពុជា​។ ទីផ្សារ​ធំៗ​សម្រាប់​នាំ​អង្ករ​ចេញ​ក្រុមហ៊ុន Golden Rice  មាន​អឺរ៉ុប​, ចិន និង​ប្រទេស​ម៉ាឡេស៊ី​៕


Tag:
 បារាំង​
  កម្ចី​
  Golden Rice
  PROPACO
© រក្សាសិទ្ធិដោយ thmeythmey.com