កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​រំពឹង​បាន​មេដាយ​ពី​កីឡា​អាស៊ី ក្រោយ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​
08, Jun 2018 , 10:19 pm        
រូបភាព
កីឡាករ ឯក ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កីឡាករ ឯក ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ដោយ:
​ទាំង​គ្រូបង្វឹក​ជប៉ុន ម៉ាសា​តូ អូ​ហ្គី​វ៉ា​រ៉ា និង​កីឡាករ​សុទ្ធតែ​រំពឹង​ខ្ពស់ ក្នុងការ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍ Asian Games នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​ពួកគេ​ទទួលបាន​ឱកាស​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ជប៉ុន​។ គ្រូបង្វឹក​និង​កីឡាករ​ទាំង​៦​រូប​បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​យប់​ថ្ងៃទី​៧ មិថុនា ឆ្នាំ​២០១៨ ដោយ​ពួកគេ​ហ្វឹកហាត់​នៅ​ទីនោះ​ប្រមាណ​ជា​៣​ខែ​។ សម្រាប់​ការចេញ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​នេះ សហព័ន្ធ​ធានារ៉ាប់រង​ទាំងស្រុង​លើ​ការចំណាយ​។​



​គ្រូបង្វឹក​កីឡា​សូ​ហ្វ​តិ​ន្នី​សជន​ជាតិ​ជប៉ុន ម៉ាសា​តូ អូ​ហ្គី​វ៉ា​រ៉ា ដែល​ដឹកនាំ​កីឡាករ​កម្ពុជា​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​បានបង្ហាញ​ការ​ជឿជាក់ថា តាមរយៈ​ការហ្វឹកហាត់​នៅ​ជប៉ុន កម្ពុជា​នឹង​ទទួលបាន​មេដាយ សម្រាប់​ការប្រកួត Asian Games នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​ចន្លោះ​ពីថ្ងៃ​ទី​១៨ សីហា ដល់​ថ្ងៃទី​២ កញ្ញា ឆ្នាំ​២០១៨​។ ការជឿជាក់​បែបនេះ ព្រោះ​លោក​គិតថា ការហ្វឹកហាត់​នៅ​ជប៉ុន​នឹង​ផ្តល់​បទពិសោធ​ល្អៗ​ដល់​កីឡាករ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​រីកចម្រើន​។​

«​ខ្ញុំ​គិតថា​សមត្ថភាព​យើង​បច្ចុប្បន្ន​មិនទាន់​អាច​ដណ្តើម​មេដាយ​កម្រិត​អាស៊ី​បាន​នោះទេ​។ ប៉ុន្តែ​បើសិន​យើង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ជប៉ុន ខ្ញុំ​ជឿជាក់ថា យើង​នឹង​អាច​ទទួលបាន​មេដាយ​សំរឹទ្ធ ឬ​ប្រាក់​ពី Asian Games នៅ​ឥណ្ឌូណេស៊ី លើ​វិញ្ញាសា​វាយ​ទោល​និង​វាយ​គូ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ាសា​តូ អូ​ហ្គី​វ៉ា​រ៉ា​។


លោក ម៉ាសាតូ អូហ្គីវ៉ារ៉ា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានមុនឡើងយន្តហោះ​​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​បន្ថែមថា​៖«​ពួកគេ​មាន​កាយសម្បទា​និង​ទេពកោសល្យ​ល្អ តែ​ខ្ញុំ​គិតថា បច្ចុប្បន្ន​ពួកគេ​ខ្វះ​បទពិសោធ​ក្នុងការ​ប្រកួត​។ ជាក់ស្តែង​កាលពីពេល​កន្លងទៅ​យើង​បាន​ទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​លក្ខណៈ​មិត្តភាព​នៅ​ប្រទេស​ថៃ យើង​មិន​ទទួលបាន​មេដាយ​នោះទេ​។ សម្រាប់​ការហ្វឹកហាត់​នៅ​ជប៉ុន​លើក​នេះ យើង​ហ្វឹកហាត់​ជា​ក្រុម​លេខ​១​របស់​ជប៉ុន ដូច្នេះ​ខ្ញុំ​គិតថា យើង​នឹងមាន​សមត្ថភាព និង​ជំនាញ​កាន់តែ​ប្រសើរ​»​។

​កីឡាករ ឯក ចំរើន បាន​និយាយថា ការ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ជា​ឱកាសល្អ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព សម្រាប់​រូបគេ​និង​មិត្ត​រួម​ក្រុម ព្រោះ​ជប៉ុន​ជា​ប្រទេស​ដែលមាន​សក្តានុពល​មួយផ្នែក​កីឡា​នេះ​។ ទន្ទឹមនឹងនេះ ចំរើន ប្តេជ្ញា​ថា រូបគេ​នឹង​ខិតខំ​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព តាមរយៈ​ការចាប់យក​បទពិសោធ​ថ្មីៗ ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។​

«​ខ្ញុំ​គិតថា​តាមរយៈ​ការហ្វឹកហាត់​នៅ​ជប៉ុន វា​នឹងមាន​ការប្រែប្រួល​ច្រើន ព្រោះ​ជប៉ុន​ជា​ប្រទេសមួយ​ខ្លាំង​ផ្នែក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​លើ​ពិភពលោក​។ ដូច្នេះ​វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ពួក​ខ្ញុំ​ក្នុងការ​ដកស្រង់​បទពិសោធ ហាត់​បច្ចេកទេស​ថ្មី ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែខ្លាំង​។ ខ្ញុំ​រំពឹងថា ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការប្រកួត Asian Games ក្រោយ​មកពី​ហ្វឹកហាត់​នៅ​ជប៉ុន​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ ឯក ចំរើន​។

​កីឡាករ កាន់ សោភ័ណ​, ឯក ចំរើន​, យី សរ​សារិទ្ធ​, ឌឹ​ម សំ​សុជា​ភា​រុណ​, អន សម្បត្តិ និង​គ្រូបង្វឹក ម៉ាសា​តូ អូ​ហ្គី​វ៉ា​រ៉ា ជា​សមាសភាព​ដែល​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បញ្ជូនទៅ​ហ្វឹកហាត់​រយៈពេល​ជាង​២​ខែ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍ Asian Games នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​។ ពួកគេ​បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​យប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​សម្រាប់​ការហ្វឹកហាត់​នៅ​ជប៉ុន​នេះ សហព័ន្ធ​ត្រូវ​ចំណាយ​ថវិកា​១២,០០០​ដុល្លារ សម្រាប់​ថ្លៃ​ហ្វឹកហាត់ ស្នាក់នៅ និង​ហូបចុក និង​៤,៥៦០​ដុល្លារ​លើ​ថ្លៃ​ធ្វើដំណើរ​។ តែ​យ៉ាងណា លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​សហព័ន្ធ​បញ្ជាក់ថា ការហ្វឹកហាត់​នៅ​ជប៉ុន​ជា​រឿង​មួយ​ដ៏​ល្អ​ក្នុងការ​អភិវឌ្ឍ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ឲ្យ​មានការ​រីកចម្រើន ព្រោះ​ជប៉ុន​ជា​ប្រទេស​ខ្លាំង​ខាង​ផ្នែក​កីឡា​មួយ​នេះ​។ លោក​លើកឡើងថា បើ​ចង់​ឲ្យ​កីឡាករ​ខ្លាំង​ត្រូវ​បញ្ជូនទៅ​ប្រទេស​ខ្លាំង បើ​បញ្ជូនទៅ​ប្រទេស​ខ្សោយ កីឡាករ​នឹង​ខ្សោយ​៕


Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  កាន់ ចំរើន​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com