អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ចង់​ឲ្យ​រុស្ស៊ី​ក្លាយជា​សមាជិក G7 វិញ តែ​សមាជិក​ផ្សេងទៀត​ជំទាស់
09, Jun 2018 , 11:33 am        
រូបភាព
មេដឹក​​នាំប្រ​​ទេស​​មាន​​សេ​​ដ្ឋកិច្ចរីកច​​ម្រើន​​ទាំង៧ ក្នុងជំនួប​​នៅកា​​ណាដា (រូបភាព Xinhua)
មេដឹក​​នាំប្រ​​ទេស​​មាន​​សេ​​ដ្ឋកិច្ចរីកច​​ម្រើន​​ទាំង៧ ក្នុងជំនួប​​នៅកា​​ណាដា (រូបភាព Xinhua)
​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​ជំហរ​ឲ្យ​បញ្ចូល​រុស្ស៊ី​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ជាងគេ​លើ​ពិភពលោក (G7) ឡើងវិញ​នោះ អាល្លឺម៉ង់ អ៊ីតាលី បារាំង និង​អង់គ្លេស បាន​ជំទាស់​គំនិត​នេះ​។ រដ្ឋ​សមាជិក​អឺរ៉ុប​ទាំង​បួន​នេះ​បានដាក់​លក្ខខណ្ឌ​ថា រុស្ស៊ី​អាច​ក្លាយជា​ក្រុម​ប្រទេស G7 ឡើងវិញ​បាន លុះត្រា​ដោះស្រាយ​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​សិន​។ ប៉ុន្តែ​លក្ខខណ្ឌ​នេះ​ទំនងជា​ពិបាក​នឹង​កើតឡើង​ណាស់​។​

 
​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​លើ​ពិភពលោក​ទាំង​៨ (G8) បាន​ថយ​សមាជិក​និង​ក្លាយទៅជា G7 វិញ បន្ទាប់ពី​សមាជិកភាព​របស់​រុស្ស៊ី​ត្រូវបាន​ដកចេញ ក្រោយ​ជម្លោះ​នោះ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​។ ការភ្ជាប់​តំបន់​គ្រី​មៀ​ជា​ទឹកដី​របស់ខ្លួន​ពី​សំណាក់​រុស្ស៊ី​កាលពី​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​សមាជិក​ទាំង ៧​ផ្សេងទៀត​សម្រេចចិត្ត​ទាត់​រុស្ស៊ី​ចោល ដោយ​ចាត់ទុក​ទង្វើ​របស់​រុស្ស៊ី​ជា​រឿង​បំពាន​អធិបតេយ្យ​របស់​អ៊ុយ​ក្រែ​ន ទោះជា​រុស្ស៊ី​ប្រឹង​បកស្រាយ​យ៉ាងណាក្ដី​។​
 
​អវត្តមាន​ជាង​៤​ឆ្នាំ​របស់​រុស្ស៊ី ធ្វើ​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជឿថា ល្មម​ដល់ពេល​ឲ្យ​រុស្ស៊ី​ក្លាយជា​សមាជិក​ក្រុម​ប្រទេស​រីកចម្រើន​ជាង​របស់​ពិភពលោក​ឡើងវិញ​ហើយ​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​មុន​ធ្វើដំណើរ​ទៅ​កាណាដា​ដើម្បី​ចូលរួម​ប្រជុំ G7 លោក ត្រាំ និយាយថា រុស្ស៊ី​គួរតែ​មានមុខ​នៅ​តុ​ចរចា G7 ទោះជា​ប្រទេស​ផ្សេងទៀត​ពេញចិត្ត ឬ​មិន​ពេញចិត្ត​ក៏ដោយ​។ ដោយ​ប្រកាសថា លោក​នឹង​ស្នើ​ឲ្យ​មានការ​បញ្ចូល​រុស្ស៊ី​វិញ​នោះ លោក ត្រាំ ចោទ​ជា​សំណួរ​ថា តើ​ប្រជុំ​ធ្វើ​អ្វី បើ​គ្មាន​រុស្ស៊ី​ផង​នោះ​។ 
 
​យ៉ាងណាមិញ សមាជិក​ចំនួន​របស់​ក្រុម​ប្រទេស G7 មិន​យល់​ស្របតាម​ជំហរ​លោក ត្រាំ ឡើយ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មែរ​ហ្គែ​ល អះអាងថា អាល្លឺម៉ង់ អ៊ីតាលី បារាំង និង​អង់គ្លេស​ឯកភាពគ្នា​ហើយ​លើ​បញ្ហា​នេះ​។ ពោល គឺ​ការវិលត្រឡប់​របស់​រុស្ស៊ី​មិនអាច​កើតឡើង​បានទេ បើ​គ្មាន​ដំណោះស្រាយ​ជាក់លាក់​ណាមួយ​ស្ដីពី​វិបត្តិ​អ៊ុយ​ក្រែ​ន​ទេនោះ​។ 
 
​សូមបញ្ជាក់ថា សមាជិក​នៃ​ក្រុម​ប្រទេស G7 មាន​អាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និង​កាណាដា ដោយមាន​ជំនួប​កំពូល​រៀងរាល់ឆ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា​អន្តរជាតិ​នានា​។ សហភាព​អឺរ៉ុប​ក៏​បង្ហាញខ្លួន​ក្នុង​វេទិកា​នេះដែរ ទោះជា​មិនជា​សមាជិក​ក្ដី​។ គំនិត​បញ្ចូល​រុស្ស៊ី​ឡើងវិញ​បាន​ផុស​ត្រដែត​ឡើង ស្របពេល​បញ្ហា​ជាច្រើន​បានកើត​ឡើង ហើយ​ជាប់ទាក់ទង​នឹង​រុស្ស៊ី​ផង​។ សូម្បីតែ​នាយករដ្ឋមន្ត្រី​ថ្មី​អ៊ីតាលី​ក៏បាន​បង្ហាញ​ជំហរ​ស្រដៀង​លោក ត្រាំ ដែរ​។​
 
​ជំនួប​មេដឹកនាំ G7 ឆ្នាំនេះ បាន​ចោមរោម​ដោយ​បញ្ហា​ជាច្រើន ជាពិសេស​នយោបាយ​រប​ស់លោក ត្រាំ ដែល​គិតតែ​ប្រយោជន៍​អាម​រិ​ក និង​បង្ក​ការ​កំហឹង​ក្នុងចំណោម​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ សមាជិក​ទាំង G7 សុទ្ធ​រងគ្រោះ​ដោយសារ​ការអនុវត្ត​ពន្ធ​ថ្មី​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម ទោះជា​បានស្នើ​ឲ្យ​លោក ត្រាំ យោគយល់​ក្ដី​៕ 
 

Tag:
 អាមេរិក​
  G7
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com