អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ចង់ឃើញ​មី​យ៉ាន់​ម៉ា​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារ UN លើ​ការនាំ​ជនភៀសខ្លួន​ទៅ​ស្រុក​វិញ​
09, Jun 2018 , 9:59 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​៦ មិថុនា​កន្លងទៅ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ស្តីពី​ការវិល​ត្រលប់​របស់​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ម៉ឺន​នាក់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​។ កិច្ចព្រមព្រៀង​នេះ ក៏​ទទួលបាន​ការស្វាគមន៍​ពី​សំណាក់​អ្នកជិតខាង​មី​យ៉ាន់​ម៉ា គឺ​ចិន​ផងដែរ​។

 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​៧ មិថុនា បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ចំណាត់ការ​ចុងក្រោយ​រវាង​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ ជាមួយនឹង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ ដែល​រួមមាន UNHCR និង UNDP លើ​ការរៀបចំ​លក្ខខណ្ឌ​ក្នុង​ការរៀប​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ទៅកាន់​ទីកន្លែង​ដើម​របស់​ពួកគេ​វិញ បន្ទាប់ពី​បាន​ចាកចេញ​អស់​រយៈ​ច្រើន​ខែ​ហើយ​នោះ ។ 
 
​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ឈួន​អ៊ីង បាន​ទទួលស្គាល់ថា បញ្ហា​ជនភៀសខ្លួន​ដែល​កើតចេញពី​រដ្ឋ​រ៉ា​ខាន​របស់​មី​យ៉ាន់​ម៉ា មាន​សាវតា​ប្រវត្តិសាស្ត្រ​ស្មុគស្មាញ ដែល​ពាក់ព័ន្ធ​នឹង​ជាតិ​សាសន៍ និង​សាសនា ។ 
 
​ជាមួយគ្នានេះ លោកស្រី បាន​បន្ថែមថា រដ្ឋាភិបាល​ចិន ក៏​សូម​សាទរ​ពី​កិច្ចប្រឹងប្រែង​របស់​មី​យ៉ាន់​ម៉ា​ជាមួយនឹង​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ​ដែល​បានជ្រើសរើស​នូវ​ដំណោះស្រាយ​តាមរយៈ​បែប​សន្តិវិធី និង​កិច្ចសហប្រតិបត្តិការ​ល្អ ហើយ ចិន ក៏​ចង់ឃើញ​មី​យ៉ាន់​ម៉ា ធ្វើ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ​បំផុត​ជាមួយនឹង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផងដែរ ។​
 
​តាមរយៈ​វេទិកាព័ត៌មាន​ដដែល​នោះ លោកស្រី ក៏​ឆ្លៀត​លើក​ពី​គុណសម្បត្តិ​របស់​ចិន​ក្នុងនាម​ជា​អ្នកជិតខាង ដែល​កន្លងមក ចិន ក៏បាន​ស្នើ​ឲ្យ​ភាគី​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស អនុវត្ត​ដំណោះស្រាយ​បី​ជំហាន​ដែល​រួមមាន​ដូចជា ការបញ្ឈប់​ហិង្សា និង​រក្សា​ស្ថិរភាព​, ការរៀប​បញ្ជូន​ជនភៀសខ្លួន​និង​ផ្តល់​ទីជម្រក និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​តំបន់​ជនរងគ្រោះ​ផងដែរ ។
 
​សូម​ជម្រាប​ផងដែរ ក្រោយ​នៃ​វិបត្តិ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា ផ្ទុះឡើង មាន​មហាអំណាច​ជាច្រើន​រួមទាំង​អាមេរិក សហភាព​អឺរ៉ុប និង​អង្គ​ការជំនាញ​សិទ្ធិមនុស្ស​ផង​នោះ បានចេញ​ថ្លែងការណ៍​រិះគន់ និង​ថ្កោលទោស​មី​យ៉ាន់​ម៉ា​ជា​បន្តបន្ទាប់ ។ តែ​ចិន មិន​ធ្វើ​ដូច្នេះ​ឡើយ ។ ចិន ថែមទាំង​ការពារ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ខណៈដែល​រដ្ឋ​ភាគច្រើន បាន​ចោទ​រដ្ឋាភិបាល​មី​យ៉ាន់​មា់​ថា​បាន​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ ៕ 

Tag:
 ចិន​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com