អន្តរជាតិ
បច្ចេកវិទ្យា
Yahoo បញ្ចប់ដំណើរការ Yahoo Messenger ទាំងស្រុងហើយ
× Yahoo បានបិទដំណើរការសេវាកម្មបញ្ជូនសារ Yahoo Messenger ចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ មក។ ក្រុមហ៊ុនមិនបានបញ្ជាក់ថា ពួកគេនឹងដាក់ជំនួសសេវាកម្មថ្មីណាមួយនោះឡើយ ប៉ុន្តែបើតាមសេចក្តីប្រកាសព័ត៌មាន Yahoo ស្នើឲ្យអ្នកប្រើប្រាស់ទាញយកកម្មវិធីឈ្មោះ Yahoo Squirrel។
Yahoo Messenger ស្ថិតក្នុងចំណោមបណ្តាញសង្គមសម្រាប់ឆ្លើយឆ្លងគ្នាឆាប់រហ័សដំបូងគេបំផុត ដូចជា Skype ជាដើម។ ការបិទដំណើរការសេវាកម្ម Chat នេះ មិនមែនជារឿងថ្មីនោះឡើយសម្រាប់ Yahoo ដោយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ពួកគេបានបញ្ចប់ដំណើរការ AOL Instant Messenger ផងដែរ។
Yahoo បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា៖ «យើងដឹងថា មានអ្នកនិយមប្រើប្រាស់ Yahoo Messenger ជាច្រើន ពីព្រោះវា ជា Chat App ដំបូងបំផុតមួយ។ ខណៈដែលមធ្យោបាយទំនាក់ទំនងបន្តផ្លាស់ប្តូរ យើងកំពុងផ្តោតលើការបង្កើត និងណែនាំសេវាកម្មទំនាក់ទំនងថ្មីដែលកាន់តែល្អប្រសើរទៅតាមការចង់បានរបស់អ្នកប្រើប្រាស់»។
Yahoo ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Verizon Communications តាមរយៈក្រុមហ៊ុន Oath Inc. ។ សេវាកម្ម Yahoo Messenger ដែលមានកំណើតតាំងពីឆ្នាំ១៩៩៨ បានធ្លាក់ប្រជាប្រិយភាព ក្រោយវត្តមាន Facebook Messenger, WhatsApp ឬ Telegram ជាដើម។
ប្រសិនបើ Yahoo ដាក់ដំណើរការកម្មវិធី Squirrel ជំនួស Messenger ក្រុមហ៊ុននឹងពិបាកស្តារមុខមាត់វិញ ពីព្រោះមនុស្សជាច្រើនមិនឮឈ្មោះកម្មវិធីនេះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com