ខ្សែបម្រើ ស៊ិន កក្កដា ជាកីឡាករលេចធ្លោជាងគេក្នុងចំណោមអ្នកសម្រេចទី សម្រាប់ការប្រកួតសប្តាហ៍ទី៩ពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា តាមរយៈការទាត់បាល់កោងដ៏អស្ចារ្យ ដើម្បីសម្រេចគ្រាប់បាល់បើកឆាកសម្រាប់ភ្នំពេញក្រោន។ បឹងកេតបានបន្តឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ៣-២។ រីឯក្រុមវិសាខាយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀងដែលអវត្តមានកីឡាករសំខាន់មួយចំនួន ៣-២ ដើម្បីបន្តឈរលេខរៀងទី៣។ ចំណែកក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបអង្គរថាយហ្គឺរនិងសូលទីឡូអង្គរ បញ្ចប់ដោយគ្មានការស៊ុតបាល់បញ្ចូលទី។
នាជំនួបនៅកីឡដ្ឋាន RSN រវាងម្ចាស់ផ្ទះភ្នំពេញក្រោនជាមួយបឹងកេត ខ្សែបម្រើវ័យក្មេង ស៊ិន កក្កដា បានធ្វើអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការទាត់បាល់កោងពីចម្ងាយយ៉ាងអស្ចារ្យ ដើម្បីរកគ្រាប់បាល់នាំមុខ ១-០ សម្រាប់ម្ចាស់ផ្ទះនៅ៩នាទីនៃតង់ទី១។ ការសម្រចទីរបស់ កក្កដា អាចចាត់ទុកជាគ្រាប់បាល់ដ៏អស្ចារ្យជាងគេ សម្រាប់ជំនួបសប្តាហ៍ទី៩នៃពានរង្វាន់លីគកំពូលកម្ពុជាប្រចាំថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។
តែយ៉ាងណា គ្រាប់បាល់ដ៏អស្ចារ្យរបស់ ស៊ិន កក្កដា មិនអាចជួយឲ្យម្ចាស់ផ្ទះភ្នំពេញក្រោនយកឈ្នះក្រុមភ្ញៀវបានឡើយ។ ភាពសប្បាយរីករាយរបស់អ្នកគាំទ្រម្ចាស់ផ្ទះបានបាត់ទៅវិញ បន្ទាប់ពីខ្សែប្រយុទ្ធប្រេស៊ីល Maycon សម្រេចគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ក្រុមភ្ញៀវនៅនាទីទី២៣ តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយខ្សែការពារ Atsushi Shirota ធ្វើឲ្យ Maycon ដួលក្នុងតំបន់គ្រោះថ្នាក់។
នៅនាទីទី៤០ ក្រោមការបញ្ជូនយ៉ាងល្អរបស់កីឡាករ ម៉ាត់ យ៉ាមីន ខ្សែប្រយុទ្ធប្រេស៊ីលខាងលើបានសម្រេចគ្រាប់ទី២របស់ខ្លួន ដើម្បីនាំមុខ ២-១ សម្រាប់ភ្ញៀវបឹងកេត។ ៥នាទីក្រោយមកខ្សែបម្រើ អ៊ិន សូដាវីដ ទទួលបានឱកាសមាសនៅមុខប្រអប់គ្រោះថ្នាក់របស់បឹងកេត តែធ្វើមិនបានសម្រេច ក្រោយអ្នកចាំទីដៃទី២ គឹម មករា អាចសង្គ្រោះបាល់បាន។
ខ្សែប្រយុទ្ធអ៊ីរ៉ង់ Pouya Hosseini បាននាំភាពសប្បាយរីករាយសម្រាប់អ្នកគាំទ្រម្ចាស់ផ្ទះម្តងទៀត បន្ទាប់ពីរូបគេតែតបាល់បញ្ចូលទីក្រោមការទាត់បាល់ពិន័យរបស់ អ៊ុក សុវណ្ណ បានសម្រេចនៅនាទីទី៥៥។ ប៉ុន្តែភាពសប្បាយរីករាយនេះ ត្រូវបានបញ្ចប់ដោយកីឡាករ ហុង ផេង បន្ទាប់ពីខ្សែការពាររូបនេះរកគ្រាប់បាល់ឲ្យភ្ញៀវបឹងកេតនាំមុខ ៣-២ នៅនាទីទី៦៧ ក្រោយការទាត់បាល់ពិន័យរបស់ Samuel Ajayi។ គ្រាប់បាល់នេះ បានកើតឡើងបន្ទាប់ពីកីឡាករ អ៊ុក សុវណ្ណ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ក្រោយទាត់ឲ្យ សេត រ៉ហ្ស៊ីប ដួលទាំងជំហរ។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។
ជ័យជម្នះ ៣-២ លើម្ចាស់ផ្ទះភ្នំពេញក្រោននេះ ជួយបឹងកេតបន្តឈរកំពូលតារាងបណ្តោះអាសន្នដោយមាន២៣ពិន្ទុ ក្នុងសប្តាហ៍ទី៩នៃពានរង្វាន់លីគកំពូលកម្ពុជា។ លើសពីនេះ ជួយឲ្យបឹងកេតអាចរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួនទៀតផង។
នាការប្រកួតនៅកីឡដ្ឋានវេស្ទើនភ្នំពេញ ក្រុមកំពុងឡើងជើងវិសាខាបានយកឈ្នះព្រះខ័នរាជស្វាយរៀងដែលអវត្តមានកីឡាករសំខាន់មួយចំនួនដោយសារជាប់ពិន័យក្នុងលទ្ធផល ៣-២ ដើម្បីបន្តឈរលេខរៀងទី៣ដោយមាន១៩ពិន្ទុ។ ពីរគ្រាប់របស់ក្រុមព្រះខ័នរាជស្វាយរៀង កើតឡើងបន្ទាប់ពីវិសាខានៅសល់សមាជិក១០រូប ក្រោយកីឡាករ ជិន វណ្ណៈ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ក្រោយទាត់ជើងកីឡាករ ម៉ម កក្កដា។
ខ្សែប្រយុទ្ធវ័យក្មេង សាន គឹមហេង បានតែតបាល់បញ្ចូលទីក្រោយការលើករបស់ Choe Myong-ho បានសម្រេច សម្រាប់វិសាខានាំមុខ ១-០ នៅនាទីទី១២ មុនកីឡាករកូរ៉េខាងជើង Kim Kyong Hun សម្រេចគ្រាប់ទី២នៅនាទីទី២៥ ដើម្បីបង្កើនការនាំមុខ ២-០ នៅតង់ទី១។ ការប្រកួតតង់ទី២ដំណើរការបាន៤នាទីកីឡាករកូរ៉េខាងជើង Song Chhol Pak បានសម្រេចគ្រាប់ទី៣សម្រាប់វិសាខា។ ក្រោយកីឡាករ ជិន វណ្ណៈ ទទួលបានកាតក្រហមជាង១០នាទីកីឡាករ នេន សុធារ័ត្ន បានរកគ្រាប់បាល់តាមពីក្រោយ ៣-១ សម្រាប់ព្រះខ័នរាជស្វាយរៀង មុនខ្សែប្រយុទ្ធ Trevin Caesar សម្រេចគ្រាប់ទី២សម្រាប់ស្វាយរៀងនៅនាទីទី៩០+៧។
ដោយឡែកការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាប ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា គឺអង្គរថាយហ្គឺរនិងសូលទីឡូអង្គរបានបញ្ចប់ការប្រកួត៩០នាទីដោយគ្មានការស៊ុតបាល់បញ្ចូលទី៕