អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកជំនាញ​UN ចង់ឃើញ​បញ្ហា​សិទ្ធិមនុស្ស​ស្ថិតក្នុង​របៀបវារៈ​នៃ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​
10, Jun 2018 , 11:39 pm        
រូបភាព
ដោយ:
​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ចង់ឃើញ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង ដោះលែង​អ្នកទោស​មួយចំនួន​បន្ថែមទៀត មុនពេល​នៃ​ជំនួប​កំពូល​ជាមួយនឹង​មេដឹកនាំ​កំពូល​អាមេរិក​មកដល់​។ អ្នកជំនាញ​យល់ឃើញថា កូរ៉េខាងជើង​គួរតែ​បង្ហាញ​ឆន្ទៈ​គោរព​សិទ្ធិមនុស្ស បន្ថែម​លើ​ឆន្ទៈ​រក្សា​ស្ថិរភាព​និង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​។​


​អ្នករាយការណ៍​សិទ្ធិមនុស្ស​ពិសេស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កូរ៉េខាងជើង លោក Tomas Ojea Quintana នៅ​សប្តាហ៍​នេះ​បាន​ថ្លែង​សាទរ​ចំពោះ​ការដោះលែង​អ្នកទោស​សញ្ជាតិ​អាមេរិក​បី​រូប​កាលពី​ខែ​មុន​របស់​កូរ៉េខាងជើង​។ ប៉ុន្តែ​អ្នកជំនាញ​រូបនេះ​ជឿជាក់ថា មាន​អ្នកទោស​រាប់ពាន់​ផ្សេងទៀត កំពុងតែ​រង​ការធ្វើ​ទារុណកម្ម​ពី​សំណាក់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​។​
 
​តាម​សន្និសីទ​សារព័ត៌​ក្នុង​ក្រុង​ហ្សឺ​ណែវ អ្នករាយការណ៍​ពិសេស​រូបនេះ ក៏​ចង់ឃើញ​បញ្ហា​សិទ្ធិមនុស្ស ត្រូវបាន​លើកយក និង​ចូលរួម​ដើរតួនាទី​ស្នូល​នៅក្នុង​ការចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​សិង្ហ​បុរី​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​សម​ភាគី​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។ អ្នកជំនាញ​ចង់​ឲ្យ​លក្ខខណ្ឌ​នេះ​ដើម្បី​ឲ្យ​កូរ៉េខាងជើង​ធានា​ពី​សិទ្ធិ​សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​របស់​ប្រជាជន​ផងដែរ​។​
 
​លោក Tomas Ojea Quintana បាន​ពន្យល់ថា កិច្ចសន្ទនា​សិទ្ធិមនុស្ស គួរតែ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​របៀបវារៈ ដោយ​លោក​អះអាងថា សិទ្ធិមនុស្ស និង សន្តិសុខ​និង​សន្តិភាព មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។ តាម​អ្នកជំនាញ​រូបនេះ មាន​ប្រជាជន​កូរ៉េខាងជើង​ប្រមាណ​១០​លាន​នាក់ កំពុងតែ​ដង្ហោយ​រក​ជំនួយ ខណៈ​អ្នកទោសនយោបាយ​ជាង​ប្រាំបី​ម៉ឺន​នាក់ កំពុងតែ​ជាប់ឃុំ ដោយសារតែ​របប​សឹក​ក្រុង​ព្យុងយ៉ាង​។​
 
​យ៉ាងណាក៏ដោយ ចេតនា​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​ទំនង​អាច​មិនអាច​កើតឡើង​បានឡើយ ដ្បិត​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នាពេលខាងមុខ​ដ៏​ខ្លី​នេះ គឺជា​ជំនួប​មួយ​ដែលមាន​ការប្រុងប្រយ័ត្ន​បំផុត​លើ​ការលើកឡើង​ប្រធានបទ​និង​បញ្ហា​រួម​។ ពោលគឺ​ជំនួប​នេះ​ផ្តោត​ខ្លាំង​បំផុត​លើ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​៕ 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com