អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី ក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ UN
10, Jun 2018 , 8:59 pm        
រូបភាព
ដោយ:
​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​៨ មិថុនា បាន​បោះឆ្នោត​ជ្រើសរើស​ប្រទេស​ចំនួន​ប្រាំពី​តំបន់​ផ្សេងៗ​សម្រាប់​បំពេញ​កៅអី​នៃ​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ប្រទេស​ទាំង​ប្រាំ​នោះ ក៏មាន​សមាជិក​អាស៊ាន​មួយ​។ នោះ​គឺ ឥណ្ឌូណេស៊ី​។


​បើ​មិនមាន​ការប្រែប្រួល​នោះទេ ចាប់ពី​ថ្ងៃ​១ មករា ឆ្នាំក្រោយ រដ្ឋ​ប្រាំ​ប្រទេស​រួមមាន អាល្លឺម៉ង់ ប៊ែ​ល​ហ្ស៊ិ​ក អាហ្វ្រិក​ខាងត្បូង សាធារណរដ្ឋ​ដូ​មី​និក និង​ឥណ្ឌូណេស៊ី នឹងត្រូវ​ចូលរួម​សកម្មភាព​ដោះស្រាយ​បញ្ហា​សន្តិសុខ និង​សន្តិភាព​ពិភពលោក ក្នុងនាម​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ នេះ​បើ​យោង​ការចុះផ្សាយ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​៨ ខែមិថុនា ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ក្នុងចំណោម​រដ្ឋ​ទាំង​ប្រាំ​ដែល​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខសម្រាប់​អាណត្តិ​ឆ្នាំ​២០១៩-២០២០​នេះ មានតែ​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​ដែល​ឆ្លងកាត់​ការប្រកួតប្រជែង ខណៈ​រដ្ឋ​ដទៃ​ផ្សេងទៀត ត្រូវ​ជាប់​ដោយ​ស្វ័យប្រវត្តិ​។ គូប្រជែង​តំណាង​អាស៊ី​ប៉ា​ហ្វិ​ករ​បស់​ឥណ្ឌូណេស៊ី គឺ​ម៉ា​ល់​ឌី​វ​។ 
 
​តាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ មានការ​ទទួល​ស្នូល​សម្រាប់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​។ រាល់​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ សមាជិក​ទាំងអស់​រប​ស់​អង្គការសហប្រជាជាតិ ត្រូវតែ​អនុវត្តតាម​។ នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ មាន​សមាជិក​ប្រាំ​ដែលជា​សមាជិក​អចិន្ត្រៃយ៍ មាន​សិទ្ធិ​ធំធេង​ក្នុង​ការសម្រេច​រួមមាន ចិន អង់គ្លេស បារាំង រុស្សី និង​អាមេរិក​។​
 
​អ្វីដែល​គួរកត់សម្គាល់​ផងដែរ​នោះ វត្តមាន​របស់​ឥណ្ឌូណេស៊ី​នៅ​ក្រុមប្រឹក្សាសន្តិសុខ មិន​ត្រឹមតែ​លើក​មុខមាត់​សម្រាប់​ប្រទេស​ខ្លួនឯង​ផ្ទាល់​ប៉ុណ្ណោះ​នោះទេ តែ​វា​ក៏​ជា​ផលប្រយោជន៍​ដល់​អង្គការ​តំបន់​អាស៊ាន​ដូចគ្នា​ផងដែរ​ពោលគឺ សំឡេង​ឬ​ជំហរ​របស់​អាស៊ាន ក៏​នឹង​អាច​លេចលឺ​ក្នុង​កិច្ច​ប្រជុំបាន​តាមរយៈ​តួនាទី​ឥណ្ឌូណេស៊ី​៕ 

Tag:
 អាស៊ាន​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com