ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើយុវជនសម័យបច្ចុប្បន្នគួរជឿលើការមើលថ្ងៃខែឆ្នាំមុនរើសគូស្រករដែរឬទេ?
× យុវជនមួយចំនួនបានលើកឡើងស្រដៀងៗគ្នា ទៅលើជំនឿមើលថ្ងៃខែឆ្នាំកំណើត មុនរើសនរណាម្នាក់ជាគូអនាគត ខណៈយុវជនខ្លះទៀត ជ្រើសរើសគូស្រករតាមចិត្តខ្លួនឯង។ យុវជន ដែលរើសគូស្រករតាមចិត្តខ្លួនឯង យល់ឃើញថា ថ្ងៃខែឆ្នាំកំណើតគ្រាន់តែជាកត្តារួមផ្សំ តែអ្វីដែលសំខាន់ភាគីទាំងសងខាងស្គាល់ចិត្តថ្លើមនិងចរិតគ្នាបានច្បាស់។ សម្រាប់អ្នកជំនាញខាងទំនៀមទម្លាប់ខ្មែរ ផ្ដល់ដំបូន្មានថា ការជ្រើសគូស្រករត្រូវពឹងលើកត្តាបីយ៉ាង ទើបអាចធានាបានថាគូស្វាមីភរិយារស់ជុំគ្នាយូរអង្វែង។ កត្តាទាំង៣នោះ គឺអនុវត្តតាមព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា និងការសង្កេតផ្ទាល់ខ្លួន។
លោក ជី ហុងស៊ាង មកពីខេត្តត្បូងឃ្មុំ អាយុ២៦ឆ្នាំ យល់ឃើញថា ការមើលថ្ងៃខែឆ្នាំកំណើតមិនសូវសំខាន់ប៉ុន្មានឡើយសម្រាប់លោក។ លោកអះអាងថា វាអាស្រ័យលើភាគីទាំងសងខាងបានមើលពីអត្តចរិតគ្នាដល់កម្រិតណា។ លោកសង្កត់ធ្ងន់ថា រាល់ការបែកបាក់គ្នារវាងគូស្វាមីភរិយា កើតឡើងដោយសារការមិនយល់ចិត្តគ្នាច្បាស់ ឬមកពីភាគីណាមួយអស់ក្ដីស្រឡាញ់ មិនមែនមកពីថ្ងៃខែឆ្នាំកំណើតនោះទេ។ លោក ហុងសៀង បញ្ជាក់៖« គូខ្លះបានទៅមើលថ្ងៃខែឆ្នាំត្រូវគ្នាល្អហើយ ប៉ុន្តែការរួចបានកូនមួយក៏បែកនេះដោយមូលហេតុអ្វី? សម្រាប់ខ្ញុំថ្ងៃខែឆ្នាំខុសគ្នាមិនមែនជាបញ្ហាទេ អ្វីដែលសំខាន់ភាគីទាំងសងខាងគាត់បានស្វែងយល់ចិត្តគ្នាប៉ុនណាស្គាល់ពីចរិតគ្នាប៉ុនណា នោះទើបសំខាន់»។
លោក ឃួយ ចន្ទសីហា យល់ថាការមើលថ្ងៃខែឆ្នាំកំណើតមិនមានសារសំខាន់តែម្ដង លោកលើកទ្រឹស្តីព្រះពុទ្ធសាសនាថា ថ្ងៃណាក៏ល្អដែរ ដូច្នេះការរើសគូស្រករកើតថ្ងៃណាក៏ល្អ។ បុរសដែលមានជំនឿលើការគិតរបស់ខ្លួនយ៉ាងមុតមាំនេះ បញ្ជាក់ថាលោកនឹងជ្រើសរើសគូស្រករដែលលោកស្រឡាញ់ ដោយមិនខ្វល់ពីថ្ងៃខែឆ្នាំកំណើតឡើយ ក្រោយពីលោកបានសិក្សាចិត្តគំនិតគ្នាច្បាស់លាស់។ លោក ចន្ទសីហា បញ្ជាក់៖« បើតម្រាមើលឃើញថាគូដែលខ្ញុំរើសនោះ មិនអាចនៅជាមួយគ្នាបានព្រោះតែខុសខែឆ្នាំក៏ខ្ញុំមិនបែកគ្នាដែរ ព្រោះខ្ញុំជឿលើខ្លួនឯងថាខ្ញុំរើសមនុស្សមិនខុស។ តែបើខ្ញុំមើលចិត្តថ្លើមគ្នាច្បាស់ហើយនៅតែបែកទៀត នោះខ្ញុំនឹងបន្ទោសខ្លួនឯង ព្រោះប្រហែលយើងមិនទាន់យល់ចិត្តថ្លើមគ្នាអស់។ ខ្ញុំមិនគិតថាតម្រាចារមកថាអាក្រក់ ទើបបានជាគូខ្ញុំបែកគ្នានោះទេ»។
បើទោះជាការជ្រើសរើសគូស្រករដោយយល់ចិត្តគ្នាដោយខ្លួនឯង ជាជម្រើសមួយដ៏ត្រឹមត្រូវនោះ ក៏នៅមានយុវជនមួយចំនួន ជឿលើក្បួនបុរាណ ដែលទស្សទាយពីគូអនាគតដែរ។ កញ្ញា ជឿន គឹមហេង អាយុ២៨ឆ្នាំ ជ្រើសរើសផ្លូវកណ្តាល ដោយឱ្យតម្លៃលើចាស់ទុំដែលមានបទពិសោធន៍ច្រើន។ ប៉ុន្តែបើគ្មានចាស់ទុំតម្រង់ផ្លូវទេ កញ្ញាមិនទៅមើលក្បួនសម្ពង្សដោយខ្លួនឯងឡើយ គឺកញ្ញាសម្រេចតាមការសង្កេតរបស់ខ្លួន។ កញ្ញាបន្ថែមថា គេមិនអាចបដិសេធបទពិសោធន៍ចាស់ៗ ឬទំនៀមទម្លាប់ដូនតាទាំងស្រុងឡើយ តែក៏មិនត្រូវមិនជឿលើខ្លួនឯងដែរ។ គឹមហេង បញ្ជាក់បន្ថែម៖« ខ្ញុំធ្លាប់ឃើញមិត្តភក្តិរបស់ខ្ញុំច្រើន គេការជាមួយគ្នាមិនខ្វល់ពីថ្ងៃខែឆ្នាំកំណើតផង គេរស់នៅសុខសាន្តជាមួយគ្នាស្រឡាញ់គ្នា មិនឃើញមានអ្វីផង។ ខ្ញុំជឿលើចាស់ទុំព្រោះគាត់មានបទពិសោធន៍ច្រើន បើខ្ញុំស្រឡាញ់អ្នកណាម្នាក់ ហើយចាស់ថាអ្នកខ្ញុំរើសជាគូកម្មខ្ញុំព្រមបែក។ តែបើគាត់ថាម្នាក់ទៀតថ្ងៃខែឆ្នាំត្រូវនឹងខ្ញុំ ហើយឱ្យខ្ញុំការជាមួយទាំងខ្ញុំមិនស្រឡាញ់ ខ្ញុំមិនព្រមដាច់ខាត»។
ចំណែកកញ្ញា ណី ស៊ីណាន ធ្លាប់មិនជឿលើការមើលក្បួនសម្ពង្សឡើយ រហូតដល់មានគំរូពូរបស់ខ្លួនត្រូវស្លាប់ព្រោះតែការមិនជឿលើការមើលថ្ងៃខែឆ្នាំ ទើបកញ្ញាជឿ។ កញ្ញាថា ពូរបស់ខ្លួនរៀបការជាមួយនារីម្នាក់ដែលមានអាយុដូចគ្នា គ្រូទាយថាគូនេះនឹងត្រូវព្រាត់ស្លាប់ តែពូរបស់នាងមិនជឿ ក្រោយពីការបានមួយរយៈ ពូរបស់ខ្លួនក៏ជួបគ្រោះថ្នាក់ស្លាប់។ ស៊ីណាន បញ្ជាក់៖«ពីមុនខ្ញុំអត់ជឿទេ តែដល់ពូខ្ញុំស្លាប់ខ្ញុំជឿ គេថាអ្នកកើតឆ្នាំដូចគ្នានៅជាមួយគ្នាបើមានគឺមានណាស់បើក្រគឺក្រណាស់ ហើយខ្លះអាចព្រាត់ស្លាប់ឬព្រាត់រស់។ ចំណែកពូខ្ញុំកាលនោះឆ្នាំដូចគ្នាមិនអីទេ តែខែមានបញ្ហា តែគាត់អត់ជឿ ការមិនបានប៉ុន្មានក៏គ្រោះថ្នាក់ស្លាប់»។
ពាក់ព័ន្ធនឹងបញ្ហានេះលោក វ៉ាយ វិបុល ទីប្រឹក្សាក្រសួងធម្មការនិងសាសនា ជាសមាជិកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ លើកឡើងថា ការជ្រើសរើសគូស្រករត្រូវពឹងលើកត្តាបីចំណុចគឺយកតាម ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា និងការសង្កេតផ្ទាល់ខ្លួន។ លោកពន្យល់ថា ពីដើមសាសនាព្រាហ្មណ៍មានឥទ្ធិពលលើប្រជាជនខ្មែរ ដូច្នេះមុនជ្រើសគូស្រករគេតែងគន់គូរមើលសម្ពង្សត្រូវគ្នា ទើបគេឱ្យរៀបការនឹងគ្នា។
ចំណែងខាងសាសនាព្រះពុទ្ធ បានសម្ដែងថា ថ្ងៃណាក៏ល្អដែរ ប៉ុន្តែមនុស្សនោះត្រូវតែដឹងខ្លួនឯងច្បាស់ ថាខ្លួនមានសីលប៉ុនណា គោរពប្រតិបត្តិធម៌ប៉ុនណា ដែលអាចធ្វើឱ្យថ្ងៃណាក៏ល្អនោះ។ រីឯការសង្កេតផ្ទាល់ខ្លួនក៏ជាកត្តាសំខាន់ណាស់ដែរ បើយើងមិនបានសង្កេតពិនិត្យមនុស្សដែលខ្លួនស្រឡាញ់ឱ្យបានជ្រៅ ដោយមើលតែសម្បកក្រៅលំៗ នោះក៏យើងរើសមិនបានល្អដែរ។ ដូច្នេះក្បួនទាំងបីនេះ ត្រូវពឹងគ្នាទៅវិញទៅមក។ លោក វ៉ាយ វិបុល បញ្ជាក់៖«គេមិនអាចពឹងទៅលើតែតម្រាតែមួយមុខនោះទេ តែគេក៏មិនអាចចោលតម្រាបានដែរ។ ចាស់ពីដើមគេមើលណាស់ ពូជពង្សវង្សត្រកូលត្រូវគ្នា មានធម៌ដូចគ្នា ការលះបង់ដូចគ្នា ចិត្តដូចគ្នា ហើយគេសង្កេតអត្តចរិតគ្នាដល់ជម្រៅក្នុងទៀត មិនមែនយកឱ្យតែបានៗទេ។ អាក្រក់ទាញរកអាក្រក់ ឯល្អទាញរកល្អ តែការមិនសង្កេតពិនិត្យបានច្បាស់លាស់អាចឱ្យភាន់ភ្នែក»៕
Tag:
វ៉ាយ វិបុល
ប្រពៃណី
ទំនៀមទម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com