ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ង សាំង​កុមារ​៖«​ខ្ញុំ​មិន​ប្រកួត​ទឹក​លុយ​ជាមួយ​CPP​ទេ ខ្ញុំ​ប្រកួត​ចក្ខុវិស័យ​ដឹកនាំ​ប្រទេស​»
10, Jun 2018 , 2:32 pm        
រូបភាព
លោក យ៉ង សាំងកុមារ
លោក យ៉ង សាំងកុមារ
​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា សមាជ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​បោះឆ្នោត​ជ្រើសរើស​លោក យ៉ង សាំង​កុមារ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​នេះ ដើម្បី​ដឹកនាំ​ការប្រកួត​ក្នុងការ​បោះឆ្នោត​ទល់នឹង​គណបក្ស​១៩​ទៀត​។ លោក កុមារ អះអាងថា គណបក្ស​របស់លោក​ថ្មី ប៉ុន្តែ​លោក​មិន​ខ្លា​ចនឹង​ប្រកួត​ដណ្តើម​អំណាច​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ សូម​លោកអ្នក​អាន​បទ​សម្ភាស​រវាង​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ និង លោក យ៉ង សាំង​កុមារ​។​

 
​លោក លាង ដឺ​លុច​៖ លោក​បានទទួល​សំឡេង​នៃ​ការផ្តល់​សេចក្តីទុកចិត្ត​ចំនួន​១២៧ លើ​១៤៦ ពី​សមាជ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដើម្បី​ឲ្យ​លោក​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខនេះ​។ តើ​អ្វីខ្លះ​ជា​អារម្មណ៍​របស់លោក​នៅពេល​នេះ​?
 
លោក យ៉ង សាំង​កុមារ​៖ វា​ពិតជា​ការផ្តល់​សេចក្តីទុកចិត្ត​មកលើ​ខ្ញុំ​មែន ហើយ​ចាប់ពីពេលនេះ​ទៅ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មានការ​ទទួលខុសត្រូវ​ធំ​ពីរ​។ ទីមួយ ខ្ញុំ​បាន​ក្លាយជា​ប្រធាន​ក្រុមបាល់ទាត់​ម្នាក់​ដែល​ត្រូវ​ដឹកនាំ​ក្រុម​ចូលទៅក្នុង​ការប្រកួត​។ ទី​ពីរ ខ្ញុំ​ត្រូវ​ត្រៀមខ្លួន ដើម្បី​ការងារ​ដឹកនាំ​ប្រទេស​។​
 
​លោក លាង ដឺ​លុច​៖ តាមពិត លោក​ក៏​ធ្លាប់​ធ្វើជា​មេដឹកនាំ​ដែរ​។ អ្វីដែល​ខុសប្លែក​នៅពេលនេះ គឺថា​លោក​មិនមែន​ដឹកនាំ​ពលរដ្ឋ​ធ្វើ​កសិកម្ម​ទៀត​ទេ ដែល​ដឹកនាំ​គណបក្សនយោបាយ​ចូលរួម​ប្រកួត​ក្នុងការ​ដឹកនាំ​ប្រទេស​។ តើ​លោក​សប្បាយចិត្ត​សម្រាប់​ខ្លួនឯង​ដែរឬទេ​?
 
លោក យ៉ង សាំង​កុមារ​៖ វា​ជា​បន្ទុក​ទៅវិញ​ទេ​។ តែ​ខ្ញុំ​សប្បាយចិត្ត​។ ពីមុន​ខ្ញុំ​ដឹកនាំ​អង្គការ ខ្ញុំ​ដឹកនាំ​កសិករ​ធ្វើ​កសិកម្ម ក្នុង​ទំហំ​ការងារ​ពី​៥​ទៅ​១០​ភាគរយ​នៃ​ប្រទេស​ទាំងមូល​។ ពេលនេះ ខ្ញុំ​ត្រូវធ្វើ​កិច្ចការ​មួយ​សម្រាប់​ប្រទេស​ទាំងមូល​។ វា​ជាការ​ទទួលខុសត្រូវ​មួយ​។ ខ្ញុំ​ក៏​សប្បាយចិត្ត ពីព្រោះ​អ្វីដែល​យើង​ធ្វើ​នេះ វា​ក៏​ជាការ​ត្រួសត្រាយ​ផ្លូវ​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​។​
 
​លោក លាង ដឺ​លុច​៖ តាម​ទ្រឹស្តី​លោក​ត្រូវ​ដឹកនាំ​គណបក្ស​ដើម្បី​ប្រកួត​ទល់នឹង​គណបក្សនយោបាយ​ចំនួន​១៩​ទៀត​។ ប៉ុន្តែ​តាម​រូបភាព​ជាក់ស្តែង គឺ​លោក​ត្រូវ​ប្រកួត​ទល់នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច​យូរ​ឆ្នាំ​មកហើយ​។ តើ​លោក​គិតថា វា​លំបាក​សម្រាប់​លោក​ទេ​? ឬថា​លោក​មាន​ចំណុចខ្លាំង​របស់លោក​?
 
លោក យ៉ង សាំង​កុមារ​៖ បើ​យើង​មើល​តែមួយ​ជ្រុង​នៃ​ធនធាន​ហិរញ្ញវត្ថុ នៃ​កម្លាំង​ធនធានមនុស្ស និង​ពិសោធន៍​យូរ​ឆ្នាំ​ក្នុង​ការងារ​ដឹកនាំ​ប្រទេស យើង​អាច​និយាយបានថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​ធំ​។ យើង​មើលឃើញ​ធំ​មែន​។ តែ​មើល​ជ្រុង​ម្ខាង​ទៀត​នៃ​ទស្សនវិស័យ ឬ​ចក្ខុវិស័យ​ដឹកនាំ​ប្រទេស​យូរអង្វែង​ទៅមុខទៀត ខ្ញុំ​មិនមាន​អ្វី​ត្រូវ​ខ្លាច​នោះទេ​។ ខ្ញុំ​មិន​ប្រកួត​ទឹក​លុយ​ទេ តែ​ខ្ញុំ​ប្រកួត​ចក្ខុវិស័យ​ដឹកនាំ​ប្រទេស​។ យើង​ទទួលបាន​កម្លាំង​ស្ម័គ្រចិត្ត ពិសេស​យុវជន​ចូលរួម​ជាមួយ​យើង​កាន់តែច្រើន​។ យើង​សាបព្រោះ​របៀប​ដឹកនាំ​បែប​ថ្មី​។​
 
​លោក លាង ដឺ​លុច​៖ តើ​លោក​មាន​កម្មវិធី​នយោបាយ​អ្វី​ថ្មី ដែល​លោក​គិតថា​ជាការ​មានប្រៀប​លើ​គណបក្សកាន់អំណាច​ស​ព្វ​ថ្ងៃ​?
 
លោក យ៉ង សាំង​កុមារ​៖ យើង​បាន​ផ្សព្វផ្សាយ​ហើយ​គោលនយោបាយ​១២៥​ចំណុច ដែល​បង្រួម​មក​នៅត្រឹម​៥​ផ្នែក​ធំៗ ដែល​យើង​ហៅថា​គោលនយោបាយ «​ស​៥» ក្នុងនោះ​រួមមាន​ការកែទម្រង់​សេវាសាធារណៈ ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ដែលជា​ការពង្រឹង​ចំណូល​របស់​ពលរដ្ឋ ការអភិវឌ្ឍ​ធនធានមនុស្ស​ដែលមាន​សុខភាព​ល្អ ការលើកស្ទួយ​វិស័យ​សង្គមកិច្ច​ជាដើម​៕

Tag:
 GDP
  យ៉ង សាំង​កុមារ​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com