កីឡាជាតិ
ជាតិ
លោក ភា សុ​ភ័​ក្ត្រា បន្ត​ស្ថិត​នៅក្រៅ​ទីលាន រីឯ​ណាហ្គា​វើ​ល​ត្រូវការ​ឈ្នះ​ប៉ូលិស​នៅ​ល្ងាច​នេះ​
10, Jun 2018 , 2:57 pm        
រូបភាព
រូប​​ភាពពី​​ហ្វេស​​ប៊ុក​​ណាហ្គា​វើល
រូប​​ភាពពី​​ហ្វេស​​ប៊ុក​​ណាហ្គា​វើល
ដោយ:
​ក្រសួងការពារជាតិ បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ភ្ញៀវ​អគ្គិសនី​កម្ពុជា សម្រាប់​ជំនួប​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា នា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។ ប៉ុន្តែ​ក្នុងជំនួប​នេះ គ្មាន​ការបញ្ជា​ពី​គ្រូ​បង្គោល លោក ភា សុ​ភ័​ក្ត្រា ដែល​ជាប់​បម្រាម​ឡើយ​។ នៅ​ល្ងាច​នេះដែរ ពហុ​កីឡដ្ឋាន​ជាតិ នឹង​ក្លាយជា​ទីតាំង​កាត់​លេច​ក្តី​ជំនួប​រវាង​ណាហ្គា​វើ​ល​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​។ នៅ​ម៉ោង​៣​រសៀល​នេះ អាស៊ី​អឺរ៉ុប​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ភ្ញៀវ​វេ​ស្ទើ​ន​ភ្នំពេញ​។​

 
​ក្រោយ​ជាប់​ពិន័យ​៤​ប្រកួត​ពី​គណៈកម្មការ​វិន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រសួងការពារជាតិ​មិនអាច​បញ្ជា​កូនក្រុម​ក្នុងជំនួប​តទល់​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​ល្ងាច​នេះ​នោះទេ ពោលគឺ​តាម​ត្រឹម​អង្គុយ​មើល​កូនក្រុម​ប្រកួត​តែប៉ុណ្ណោះ​។ លោក ភា សុ​ភ័​ក្ត្រា នឹង​ចូល​ដឹកនាំ​ក្រុម​ក្រសួងការពារជាតិ​វិញ​នៅ​ជំនួប​ចុងក្រោយ​នៃ​ជើង​ទី​១ ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​។ 
 
​លោក ភា សុ​ភ័​ក្ត្រា កាលពី​ខែឧសភា កន្លងទៅ ត្រូវបាន​គណៈកម្មការ​វិន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ពិន័យ​មិន​ឲ្យ​ដឹកនាំ​ក្រុម​ចំនួន​៤​ប្រកួត​ក្នុង​លី​គ​កំពូល​កម្ពុជា ក្រោម​បទ​ចោទ​មិន​ទទួលស្គាល់​ការសម្រេច និង​ជេរប្រមាថ​មន្ត្រី​ការប្រកួត​តាម​មាត្រា​៤៧ និង​៤៩​នៃ​ក្រមសីលធម៌ និង​វិន័យ​។​
 
​ក្រុម​ក្រសួងការពារជាតិ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ក្រុម​អគ្គិសនី​កម្ពុជា នា​ជំនួប​សប្តាហ៍​ទី​៩​នៃ​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។ បច្ចុប្បន្ន​ក្រសួងការពារជាតិ​ឈរ​លេខ​រៀង​ទី​៦​មាន​១២​ពិន្ទុ​ខណៈ​អគ្គិសនី​កម្ពុជា​ឈរ​លេខ​រៀង​ទី​១១​មាន​៤​ពិន្ទុ​។ 
 
​ក្រោយ​បរាជ័យ​លើកដំបូង ៣-០ ក្រោម​ថ្វី​ជើង​វិសាខា​សប្តាហ៍​មុន ណាហ្គា​វើ​ល​ត្រូវការ​ឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ល្ងាច​នេះ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម សម្រាប់​បន្ត​ប្រជែង​កំពូល​តារាង​ជាមួយ​បឹងកេត និង​រក្សា​គម្លាត​ពី​ការ​ប្រជែង​របស់​វិសាខា​។ ណាហ្គា​វើ​ល​នឹង​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ម៉ោង​៦​ល្ងាន​នេះ​។ បច្ចុប្បន្ន​ណាហ្គា​វើ​ល​ឈរ​លេខ​រៀង​ទី​២​មាន​១៩​ពិន្ទុ ខណៈ​បឹងកេត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​២៣​ពិន្ទុ និង​វិសាខា​ឈរ​លេខ​រៀង​ទី​៣​មាន​១៩​ពិន្ទុ​។​
 
​មុន​ជំនួប​ទាំងពីរ​ខាងលើ ក្រុម​អាស៊ី​អឺរ៉ុប​បើក​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ​នា​វេលា​ម៉ោង​៣​រសៀល​។ ៨​ប្រកួត​កន្លងមក​អាស៊ី​អឺរ៉ុប​ឈ្នះ​២​ស្មើ​៣​និង​ចាញ់​៣ ខណៈ​វេ​សើ្ទ​ន​ភ្នំពេញ​ចាញ់​ទាំង​៨​ប្រកួត​៕  

Tag:
 Cambodian League 2018
  ភា សុ​ភ័​ក្ត្រា​
  ទ័ព​
  ណាហ្គា​វើ​ល​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com