កីឡាជាតិ
ជាតិ
គណៈកម្មការឧទ្ធរណ៍ច្រានចោលបណ្តឹងឧទ្ធរណ៍របស់ទ័ព ដោយបន្តពិន័យ លោក ភា សុភ័ក្ត្រា
× គណៈកម្មការឧទ្ធរណ៍នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ ពាក់ព័ន្ធការពិន័យ លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រសួងការពារជាតិ។ គណៈកម្មការឧទ្ធរណ៍ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលពិន័យ លោក ភា សុភ័ក្ត្រា ចំនួន៤ប្រកួតក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគទុកជាបានការ បន្ទាប់ពីពិនិត្យឃើញថា គ្រូបង្វឹករូបនេះបានប្រព្រឹត្តកំហុសជាក់ស្តែងពិតប្រាកដមែន។
បណ្តឹងឧទ្ធរណ៍របស់ក្លិបបាល់ទាត់ក្រសួងការពារជាតិកាលពីថ្ងៃទី២៨ ខែឧសភា ពាក់ព័ន្ធការពិន័យ លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រសួងការពារជាតិមិនមានប្រសិទ្ធភាពឡើយ ក្រោយគណៈកម្មការឧទ្ធរណ៍នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចេញលិខិតច្រានចោលកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។ គណៈកម្មការឧទ្ធរណ៍ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពាក់ព័ន្ធការពិន័យលោក ភា សុភ័ក្ត្រា ចំនួន៤ប្រកួតក្នុងពានរង្វាន់លីគកំពូល ទុកជាបានការ។
សេចក្តីសម្រេចដែលចុះហត្ថលេខាដោយ លោក ខៀវ សុផល បានរៀបរាប់ថា៖«ប្រធានគណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចនេះមានលក្ខណៈត្រឹមត្រូវហើយ ព្រោះមានភស្តុតាងបញ្ជាក់ច្បាស់លាស់តាមរបាយការណ៍របស់អាជ្ញាកណ្តាល ស្នងការប្រកួត និងអ្នកសម្របសម្រួល។ របាយការណ៍ទាំងបីនេះ មានភាពស៊ីចង្វាក់គ្នា ដែលបង្ហាញឲ្យឃើញថា លោក ភា សុភ័ក្ត្រា គ្រូបង្គោលក្លិបក្រសួងការពារជាតិ មានកំហុសជាក់ស្តែងក្នុងពេលប្រកួត»។ លោក ខៀវ សុផល បានបន្ថែមថា៖«ហេតុនេះប្រធានគណៈកម្មការឧទ្ធរណ៍នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គួរសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការវិន័យនេះ ទុកជាបានការពេញទាំងមូលដដែល»។
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិត្រូវបានលោក អេង ពៅទិត្យ ប្រធានគណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចេញលិខិតពិន័យមិនឲ្យដឹកនាំក្រុម៤ប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ពីបទមិនគោរពការសម្រេចចិត្តរបស់មន្ត្រីការប្រកួត និងជេរប្រមាថ។ ក្រោយ៣ថ្ងៃនៃក្តីសម្រេចនេះ ថ្នាក់ដឹកនាំក្លិបក្រសួងការពារជាតិបានដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់គណៈកម្មការឧទ្ធរណ៍នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីសុំមោឃភាពលើការពិន័យនេះ។
ការពិន័យលោក ភា សុភ័ក្ត្រា បានកើតឡើងក្នុងជំនួបសប្តាហ៍ទី៦ពានរង្វាន់លីគកំពូលកម្ពុជារវាងក្រុមក្រសួងការពារជាតិជាមួយវិសាខា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅកីឡដ្ឋានវេស្ទើនភ្នំពេញ។ ដោយកាលណោះ ក្រុមវិសាខាបានយកឈ្នះក្រសួងការពារជាតិក្នុងលទ្ធផល ២-០៕
Tag:
Cambodian League 2018
ភា សុភ័ក្ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com