«​បុព្វ​» និង​«​បុព្វេ​»​នៅ​ខាងដើម​ពាក្យ ប្រែ​មក​ថា «​កាលដែល​យូរលង់​»

ពីនេះ ពីនោះ / មិនយល់...!
«​បុព្វ​» និង​«​បុព្វេ​»​នៅ​ខាងដើម​ពាក្យ ប្រែ​មក​ថា «​កាលដែល​យូរលង់​»
12, Jun 2018 , 7:39 am         758
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ដែល​នៅ​បន្ទាប់ពី​ពាក្យ «​បុព្វ និង​បុព្វេ​» គឺ​សុទ្ធតែ​មានន័យថា  មុន​,​ពី​ដើម​, ពី​ព្រេងនាយ​។ សម្តេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​ឲ្យ​មហាជន​ប្រើ​ជា​«​បុព្វ ឬ​បុព្វេ​» ក៏បាន គឺ​ត្រឹមត្រូវ​ដូចគ្នា ដើម្បី​ភ្ជាប់​ជាមួយ​ពាក្យ​ដទៃ​រឹតតែ​មានន័យ​បន្ថែមទៀត​។



​ពាក្យ​ដែលមាន «​បុព្វ និង​បុព្វេ​» នៅ​ខាងដើម ប្រែ​មក​ថា មុន​, ខាងដើម​, ពីមុន​, ពី​ព្រេងនាយ​។ ទោះបី​ពាក្យ​ទាំងពីរ​នេះ មានន័យ​ដូចគ្នា​មែន តែ​ការប្រើប្រាស់ នៅ​មិនទាន់​ស្មើភាព​គ្នា​នៅឡើយ​ទេ​។ ហើយ​ពាក្យ​ដែល​ភ្ជាប់​ជាមួយ «​បុព្វ​» ច្រើនជាង​«​បុព្វេ​»​។

​ពាក្យ​ដែលមាន​«​បុព្វ​»​នៅ​ខាងដើម មានដូចជា បុព្វកថា​(​ពាក្យ​និយាយ​ខាងដើម​), បុព្វកម្ម​(​អំពើ​ពីមុន​), បុព្វចរិត​(​ចរិត​ដើម​), បុព្វចរិយា​(​ទម្លាប់​កាលពីមុន​), បុព្វទេព ឬ​បុព្វទេវតា​(​ទេវតា​ដើម​), បុព្វនិមិត្ត​(​គ្រឿង​សម្គាល់​ដែល​ឲ្យ​ឃើញ​មុន​), បុព្វបទ​(​និបាតសព្ទ ដែល​ភ្ជាប់​ពី​ខាងដើម​នៃ​សព្ទ​ដទៃ​),​បុព្វបុរស​(​សាច់ញាតិ​ដែល​ទៅកាន់​បរលោក រាប់​តាំងពី​ជីដូន ជីតា ទួត លួត ដូនតា​), បុព្វភាគ​(​ចំណែក​ខាងដើម​)​។​ល​។​

​ចំពោះ​ពាក្យ​ដែល​ប្រើ​ជាមួយ​ពាក្យ «​បុព្វេ​» មានដូចជា បុព្វេសន្និវាស​(​គូព្រេង​ដែល​ស្រឡាញ់គ្នា​តាំងពី​ជាតិ​មុន​), បុព្វេនិវាសានុស្សតិញ្ញាណ​(​ញ្ញាណ​ដែល​នឹកឃើញ​កំណើត​ពី​ជាតិ​មុន​), សំណាង​ពី​បុព្វេ​(​សំណាង​ពី​ជាតិ​មុន​),​កម្ម​ពី​បុព្វេ​(​កម្ម​ពី​ជាតិ​មុន​)៕


'
Tag:
 ​ពន្យល់​ពាក្យ​
  បុព្វ​
  បុព្វេ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next