អន្តរជាតិ
ប្រាយុទ្ធ ចង់ឃើញកសិករថៃពង្រឹងគុណភាពអង្ករ ជាជាងបង្កើនបរិមាណផលិតលើសកម្រិត
× លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានស្នើឲ្យកសិករថៃបន្តពង្រឹងគុណភាពអង្ករឲ្យកាន់តែល្អប្រសើរដើម្បីងាយស្រួលនាំចេញទៅកាន់ទីផ្សារបរទេស។ នាយករដ្ឋមន្ត្រីរូបនេះថ្លែងដូច្នេះ ដោយសារលោក មិនចង់ឃើញកសិករប្រឹងបង្កើនតែបរិមាណ និងរំពឹងថា រដ្ឋាភិបាលនឹងជួយទិញនៅពេលដែលមានបញ្ហាប្រឈមក្នុងទីផ្សារ។
នាទិវាអង្ករ និងកសិករជាតិថៃ នៅកាលពីសប្តាហ៍មុន ប្រមុខរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា បានស្នើឲ្យកសិកររកវិធីសាស្ត្រគ្រប់គ្រងទិន្នផលស្រូវប្រកបដោយប្រសិទ្ធភាពដើម្បីចៀសវាងការផលិតលើសជ្រុល ហើយខ្វះខាតទីផ្សារ។ បញ្ហានេះបណ្តាលឲ្យតម្លៃស្រូវអង្ករមានការធ្លាក់ថ្លៃខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post ។
តាមប្រភពព័ត៌មានដដែលនោះ នាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងថា រដ្ឋាភិបាលលោក មិនដូចរដ្ឋាភិបាលជំនាន់មុនឡើយ។ មិនដូចត្រង់ថា រដ្ឋាភិបាលលោកមិនអនុវត្តកម្មវិធីជួយទិញស្រូវអង្ករពីកសិករទេព្រោះ គោលនយោបាយនេះធ្វើឲ្យរដ្ឋរងបន្ទុកធ្ងន់ធ្ងរ។ សម្រាប់លោក រដ្ឋាភិបាលមិនអាចធ្វើអ្វីដែលលើសពីតម្លៃទីផ្សារពិភពលោកកំណត់ឡើយ ។
នាយករដ្ឋមន្ត្រីរូបនេះ បន្ថែមថា កសិករអាចនឹងរីករាយជាមួយនឹងកម្មវិធីជួយទិញស្រូវអង្ករ ក៏ប៉ុន្តែវានឹងផ្តល់បន្ទុកយ៉ាងធ្ងន់ដល់ប្រទេសវិញ។ លោកបន្ថែមថា បច្ចុប្បន្ននេះថៃមានច្បាប់ថ្មីមួយស្តីពីហិរញ្ញវត្ថុ និងរូបិយវត្ថុរដ្ឋដែលហាមរដ្ឋាភិបាលចំណាយលើសពីដែនកំណត់របស់ច្បាប់។ បើមិនដូច្នោះ នោះរដ្ឋាភិបាល នឹងត្រូវដួលមិនខាន។
លោក ប្រាយុទ្ធ អធិប្បាយបន្ថែមថា នេះមិនមែនមានន័យថា រដ្ឋាភិបាលមិនឲ្យកសិករផលិតស្រូវអង្ករច្រើនឡើយ តែមិនចង់ឲ្យកសិករជួយវិបត្តិដោយសារតែកង្វះការរៀបចំផែនការ។ លោកក៏បានជំរុញឲ្យកសិករពង្រឹងលើគុណភាព និងចេះចងសម្ព័ន្ធអ្នកផលិតដូចគ្នាឲ្យរឹងមាំដើម្បីងាយស្រួលក្នុងការតថ្លៃតម្លៃ។
គួរជម្រាបផងដែរថា ការអនុវត្តគោលនយោបាយស្រូវអង្ករ គឺជាបញ្ហារសើបមួយសម្រាប់អ្នកនយោបាយថៃ។ រសើបនោះក៏ព្រោះតែការអនុវត្តគោលនយោបាយនេះបានធ្វើឲ្យអតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អស់តំណែង ហើយថែមទាំងត្រូវប្រឈមទោសពន្ធនាគារទៀតផង។ លោកស្រីយីងឡាក់ ជាប់ទោសពីបទប្រើប្រាស់ថវិកាជាតិខ្ជះខ្ជាយក្នុងគោលនយោបាយទាក់ទាញការគាំទ្រពីក្រុមកសិករដែលធ្វើឲ្យរដ្ឋាភិបាលថៃ ខាតបង់ចំណូលរាប់សិបលានដុល្លារក្នុងពេលលោកស្រីដឹកនាំប្រទេសផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com