អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម ជុង​អ៊ុន ថត selfie និង ដើរកំសាន្តនៅសិង្ហបុរីពេលរាត្រីមុនជួបលោក ត្រាំ
11, Jun 2018 , 9:18 pm        
រូបភាព
រូបភាព៖ គណនីហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី
រូបភាព៖ គណនីហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី
ដោយ: ថ្មីៗ
មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើរកំសាន្ត​នៅ​ទីតាំង​សំខាន់ៗមួយចំនួននៅសិង្ហបុរីនៅ​យប់ថ្ងៃចន្ទទី ១១ ខែមិថុនា​នេះ មុនជួបពិភាក្សាជាប្រវត្តិសាស្ត្រជាលើកដំបូង​ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកស្អែក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍លោក គីម ជុងអ៊ុន បានថតរូប Selfie ក្នុងទឹកមុខរីករាយមិនធ្លាប់ឃើញ ជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរីថែមទៀតផង។ 


នៅយប់​ថ្ងៃចន្ទនេះ លោក គីម ជុងអ៊ុន អមដំណើរដោយរដ្ឋមន្ត្រី​ការបរទេសសិង្ហបុរីលោក វីវៀន បាឡាសគ្រីស្នាន់ ផងនោះ បានដើរកំសាន្តនៅកន្លែង​សំខាន់​ៗមួយចំនួននៅសិង្ហបុរីដូចជា Marina Bay ផង។ នេះបើតាមទូរទស្សន៍សិង្ហបុរី Channel News Asia។ 

គេសង្កេតឃើញមេដឹកនាំកំពូលកូរ៉េខាងជើងនេះ មានទឹកមុខស​ប្បាយរីករាយខ្លាំងក្នុងដំណើរកំសាន្តនេះ។ ហើយអ្វីដែលសំខាន់នោះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បាឡាសគ្រីស្នាន់ ក៏បានថតរូប Selfies ជាមួយលោក គីម ថែមទៀតផង។ 

អត្ថបទទាក់ទង


តាមពិតទៅលោក គីម ​បានអញ្ជើញមកដល់សិង្ហបុរីតាមយន្តហោះពិសេសរបស់ចិនធុនប៊ូអ៊ីង ៧៤៧ នៅរសៀលថ្ងៃអាទិត្យម្សិលមិញ។ លោក នឹងត្រូវ​ជួប​មុខ​គ្នា​ជា​លើកដំបូងជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅព្រឹកម៉ោង ៩ថ្ងៃស្អែកនេះ ​នៅឯ​សណ្ឋាគារ Capella លើ​កោះ Sentosa ​។

ប្រធាន​បទសំខាន់នៃកិច្ចពិភាក្សាគឺ ការរំសាយអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង។  ម៉ោង ២រសៀលថ្ងៃស្អែកក្រោយបញ្ចប់កិច្ចប្រជុំ​ភ្លាម លោក គីម នឹងចាកចេញទៅកាន់​កូរ៉េខាងជើងវិញដូចគ្នា។ អាចថា នេះជាមូលហេតុ ដែលលោក គីម ត្រូវដើរកំសាន្ត​ទីក្រុងសិង្ហបុរីនៅពេលរាត្រីមុនថ្ងៃប្រជុំបែបនេះ។ ​

ត្រឡប់មកវិញ ការជួបមុខគ្នា​ស្អែកនឹងនេះអាចត្រួសត្រាយផ្លូវសម្រាប់ការចរចាកម្រិតខ្ពស់ផ្សេងទៀតនៅពេល​អនាគត។ ប៉ុន្តែលោក ត្រាំ បានបញ្ជាក់ហើយថា បើគ្មានផ្លែផ្កា លោកនឹងដើរចេញពីតុ​ចរចាភ្លាម។ មុនចាក​ចេញពី​កាណាដាមកសិង្ហបុរីថ្ងៃសៅរ៍ទី ៩ខែមិថុនា លោក ត្រាំ បាន​បញ្ជាក់ក្នុងសារដែលបង្ហោះ​តាមគណនី Twitter ខ្លួនដែរថា ជំនួប​នេះជា​បេសកកម្មស្វែងរកសន្តិភាព​ ហើយអ្វីដែលសំខាន់វា​ជាឱកាសតែម្តងប៉ុណ្ណោះដែលមិនគួរខ្ជះខ្ជាយឡើយ។  លោក ត្រាំ ក៏យល់ឃើញដែរថា លោក គីម នឹងប្រឹងប្រែង​ខ្លាំងក្នុងការស្វែងរក​សន្តិភាព​ពិតប្រា​កដសម្រាប់ពិភពលោក​រួមគ្នានេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com