អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក ត្រាំ និង​លោក គីម ចាប់ផ្ដើម​នៅ​សិង្ហ​បុរី​
12, Jun 2018 , 8:00 am        
រូបភាព
ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ បានចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឯ​សណ្ឋាគារ Capella លើ​កោះ​សេន​តូ​សា​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចាប់​រលា​ក់ដៃ​គ្នា មុននឹង​ដើរទៅ​ជួបគ្នា​៤៥​នាទី​សិន មុន​ចាប់ផ្តើម​ប្រជុំ​ធំ​រយៈពេល​ ៩០ នាទី​ទៀត​។ នេះ​ជា​ជំនួប​លើកទីមួយ​រវាង​មេដឹកនាំ​ប្រទេស​គូសត្រូវ​ទាំងពីរ ដោយមាន​ការរំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​ជា​របៀបវារៈ​សំខាន់​។​

​ក្រោម​ក្រសែភ្នែក​មនុស្ស​រា​ប់​លាន​នាក់​ទូទាំង​ពិភពលោក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួប​តទល់​លើកដំបូង​បំផុត​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ មុន​មកដល់​ជំនួប​ថ្ងៃទី​១២ ខែមិថុនា​នេះ គម្រោង​នៃ​ជំនួប​ត្រូវបាន​លោក ត្រាំ លុបចោល​ម្ដង​ហើយ​ក្រោម​ហេតុផល​សកម្មភាព​បង្ករឿង​របស់​កូរ៉េខាងជើង​។ ប៉ុន្តែ​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក លោក ត្រាំ ក៏​ប្រកាសថា ជំនួប​នេះ​បន្ត​ដូច​ការគ្រោងទុក​ដដែល​។​
 
ក្នុងការជួបតទល់លើកដំបូងនេះ លោក ត្រាំ និយាយថា លោកមានកិត្តិយសដែលបានជួបលោក គីម នៅសិង្ហបុរី។ ចំណែកឯប្រមុខដឹកនាំកូរ៉េខាងជើងវិញនិយាយថា កូរ៉េខាងជើង និងអាមេរិកបានជម្នះបញ្ហាជាច្រើនមុនមានជំនួបនៅថ្ងៃនេះ។
 
​ការលុបបំបាត់​ក្លេ​អ៊ែរ និង​ការធានា​សន្តិសុខសម្រាប់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង គឺជា​ប្រធានបទ​សំខាន់​ដែល​លោក ត្រាំ និង​លោក គីម ត្រូវ​ជជែក​គ្នា​។ ទោះជា​កូរ៉េខាងជើង​ធ្លាប់​បង្ហាញ​ឆន្ទៈ​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​ដោយ​ឥត​ងាករេ​ក្ដី ភាគី​ទាំងសងខាង​នៅ​ខ្វែងគំនិត​គ្នា​លើ​វិធីសាស្ត្រ​ឈានដល់​លុបបំបាត់​នុយ​ក្លែ​នេះ ខណៈ​កូរ៉េខាងជើង​ហាក់​មិនទាន់​ជឿជាក់​លើ​សម្ដី​របស់​អាមេរិក​មួយ​ភាគរយ​ឡើយ​លើ​ការធានា​សន្តិសុខ និង​ការព្យួរ​ទណ្ឌកម្ម​។​
 
​សម្រាប់​អាមេរិក កូរ៉េខាងជើង​ត្រូវ​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង ក្រោម​ការត្រួតពិនិត្យ និង​មិនអាច​វិល​ទៅ​អភិវឌ្ឍ​ម្ដងទៀត​ឡើយ​។ បើ​កូរ៉េខាងជើង​ធ្វើដូច្នេះបាន ទើប​អាមេរិក​លើកលែង​ទណ្ឌកម្មសេដ្ឋកិច្ច ទុក​ឲ្យ​លោក គីម បន្ត​ដឹកនាំ ហើយ​ថែមទាំង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ផង​។ ប៉ុន្តែ​កូរ៉េខាងជើង​វិញ​ចង់បាន​ការរំសាយ​នុយក្លេអ៊ែរ​នេះ​ផ្ដោតលើ​កម្មវិធី​អភិវឌ្ឍ​អាវុធ​ថ្មី មិនមែន​អាវុធ​ផលិត​រួចហើយ​ឡើយ ហើយ​ម្យ៉ាង​ត្រូវធ្វើ​ព្រម​គ្នា​នឹង​លុបចោល​ទណ្ឌកម្ម​ផង​។ 
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​១១ ខែមិថុនា ក្រៅពី​ប្រធានបទ​អាវុធ​នុយក្លេអ៊ែរ មេដឹកនាំ​កូរ៉េខាងជើង និង​អាមេរិក ក៏​នឹង​ផ្លាស់ប្ដូរ​ទស្សនៈ​ស៊ីជម្រៅ និង​ទូលាយ​លើ​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​ថ្មី ការបង្កើត​យន្តការ​យូរអង្វែង​ដើម្បី​រក្សា​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​ទាក់ទង​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។ បញ្ហា​ទាំងអស់​ដែល​ត្រូវ​ពិភាក្សា​នេះ កើតឡើង​ដោយសារ​ការផ្លាស់ប្ដូរ​យុគសម័យ​៕

© រក្សាសិទ្ធិដោយ thmeythmey.com