តម្លៃ​ជួល​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ​ស្ទុះ​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៨

ជាតិ
សេដ្ឋកិច្ច
តម្លៃ​ជួល​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ​ស្ទុះ​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៨
12, Jun 2018 , 10:39 am         857
រូបភាព
ដោយ: ថ្មីៗ
​ព្រះសីហនុ​គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា​ហើយ​ជា​ខេត្ត​មួយ​ដែល​ស្ថិតនៅលើ​ភូមិសាស្ដ្រ​ដ៏​ល្អ​បំផុត ដែលមាន​ទីតាំង​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស និង​មាន​អាជីវកម្ម​ជាច្រើន​កំពុងដំណើរការ​នៅក្នុង​តំបន់​។ ខេត្ត​ព្រះសីហនុ​គឺជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​សំខាន់​ដែល​ត​ភ្ជាប់​ទៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ពិភពលោក​ទាំងមូល​។ ខេត្ត​ព្រះសីហនុ​ជា​តំបន់​ដែល​ប្រមូលផ្តុំ​ទៅដោយ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត និង​បាន​ជាប់​ឈ្មោះ​ជា​តំបន់​ទេសចរ​ដ៏​ទាក់ទាញ​បំផុត​លំដាប់​លេខ​២​បន្ទាប់ពី​ខេត្តសៀមរាប​។​



​ថ្មីៗ​នេះ​ខេត្ត​ព្រះសីហនុ​មាន​លំហូរ​ចូល​ច្រើន​នៃ​កំណើន​ជនជាតិ​ចិន​មក​ក្នុង​តំបន់​។ ហើយ​កំណើន​នេះ​គឺ​ដោយហេតុតែ​កត្តា​សក្តានុពល​នៃ​ការវិនិយោគ និង​ទីតាំង​ដ៏​ល្អ​បំផុត​របស់​ខេត្ត​ព្រះសីហនុ​។  ជនជាតិ​ចិន​ដែល​បាន​ចូលមក​ខេត្ត​នេះ​ភាគច្រើន​ជា​វិនិយោគិន ភ្ញៀវ​ទេសចរណ៍ និង​បុគ្គលិក​កាស៊ីណូ​ដែលជា​កត្តា​ធ្វើ​ឲ្យ​មាន​តម្រូវ​ការជួល​កាន់​ច្រើនឡើង​។

​បើ​យោងតាម​របាយការណ៍​ចេញ​កាលពីដើមឆ្នាំ​២០១៨​នេះ​បង្ហាញថា​ក្នុងចំណោម​ជនបរទេស​៦,៣៨៥​នាក់​ដែល​បានស្នើ​សុំ​សៀវភៅ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ​មាន ៤,៤៩៨​នាក់ ឬ​ស្នើ​នឹង​៧០​ភាគរយ​ជា​ជនជាតិ​ចិន​។​

​តម្រូវការ​អចលនទ្រព្យ​សម្រាប់​ជួល​បាន​កើនឡើង​ខ្លាំង​ខុសពី​ធម្មតា​បានធ្វើ​ឲ្យ​តម្លៃ​ជួល​មាន​កំណើន​ឡើង​យ៉ាងខ្លាំង​។ លោក ជា ប៊ុនធឿន ដែលជា​បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Century 21 កម្ពុជា​ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​បាន​និយាយថា​ការជួល​បាន​កើនឡើង​ចាប់តាំងពី​ឆ្នាំ​កន្លងទៅ​។ លោក​បាន​សង្កត់ធ្ងន់ថា «​ការកើនឡើង​ចាប់ផ្តើម​បន្តិច​ម្តងៗ​ចាប់ពី​ឆ្នាំ ២០១៧ ប៉ុន្តែ​បាន​ហក់​ឡើង​ខ្លាំង​នៅក្នុង​ឆ្នាំ ២០១៨​នេះ​»​។​

​តម្លៃ​ជួល​អាស្រ័យ​ទៅតាម​ទីតាំង​ហើយ​បច្ចុប្បន្ននេះ​តម្លៃ​ផ្ទះជួល​កើនឡើង​ពី​៥​ទៅ​១០​ដង​នៃ​តម្លៃ​ជួល​ធម្មតា​ដែល​អចលនទ្រព្យ​នៅ​ជិត​តប​ន់​កណ្តាល​ក្រុង​តម្លៃ​ជួល​កាន់តែ​ថ្លៃ​។ លោក ប៊ុន ធឿន​បាន​បន្ថែមទៀតថា​ទីតាំងនៅ​ចន្លោះ​ឆ្នេរ​អូរ​ឈើទាល និង​រង្វង់​មូល​តោ​ពីរ​គឺជា​តំបន់​ដែលមាន​សក្តានុពល​មានឱកាស​វិនិយោគ​ល្អ​បំផុត​នៅក្នុង​ទីក្រុង​ដែល​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​វិនិយោគិន​ជាច្រើន​។  លោក​បាន​បញ្ជាក់ថា "​នៅក្នុងពេល​បច្ចុប្បន្ន​តំបន់​នេះ​ស្ទើរតែ​មិនមាន​អចលនទ្រព្យ​ទំនេរ​សម្រាប់​ជួល​ទៀតឡើយ​។​

​អ្នកតំណាង​ផ្នែក​លក់​មកពី​ក្រុមហ៊ុន​ឃី​រៀល​អ៊ី​ស្ទេ​ត មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា​សង្កាត់​បួន​ជា​តំបន់​មាន​សក្តានុពល​ខ្លាំងជាងគេ​ហើយ​មាន​តម្រូវ​ការជួល​ច្រើន​បំផុត​។ លោក​បាន​បញ្ជាក់ថា​៖ “​ដី​ឡូ​តិ៍ និង​អគារ​ដែលមាន បន្ទប់​ជួល​ច្រើន​គឺមាន​តម្រូវការ​ខ្ពស់បំផុត​ប្រសិនបើ​អចលនទ្រព្យ​ទាំងនោះ​ស្ថិតនៅ​ចាប់ពី​ផ្សារលើ​រហូតដល់​រង្វង់​មូល​តោ​ពីរ​”​។​

​លោក​បាន​និយាយថា​ការហូរចូល​នៃ​ជនជាតិ​ចិន​ធ្វើ​ឲ្យ​តម្រូវ​ការជួល និង​តម្លៃ​ជួល​អចលនទ្រព្យ​មានការ​កើនឡើង​ខ្លាំង​។ លោក​បានចង្អុលបង្ហាញ​ថា “​ជនជាតិ​ចិន​ដែល​ធ្វើការ​នៅក្នុង​កាស៊ីណូ​ចូលចិត្ត​ជួល​អគារ​ទាំងមូល​ហើយ​តែងតែ​ផ្តល់ជូន​តម្លៃ​ជួល​ថ្លៃ​ជាមុន​ពីរដង ឬ​បី​ដង​។​”

​សម្រាប់​តម្លៃ​ផ្ទះ លោក ប៊ុនធឿន បាន​លើកឡើងថា​សព្វថ្ងៃ​នេះ​ផ្ទះ​អាជីវកម្ម​នៅ​សង្កាត់​បួន​មានតម្លៃ​ជួល​ថ្លៃ​ជាង​មុន​។ ផ្ទះ​អាជីវកម្ម​មួយ​ដែល​ពីមុន​ជួល​ចាប់ពី​៥០០​ដុល្លារ​ទៅ​៧០០​ដុល្លារ​ក្នុង​មួយខែ​បច្ចុប្បន្ននេះ​តម្លៃ​ជួល​កើនឡើង​ចាប់ពី ២,៥០០​ដុល្លារ​ទៅ​៣,០០០​ដុល្លារ​ក្នុង​មួយខែ​។​

​ទាក់ទង​នឹង​យូ​នី​ត​អា​ផាត​មេន​មួយ​បន្ទប់​គេង​នៅ​សង្កាត់​បួន​មានតម្លៃ​ជួល​ចាប់ពី ១,០០០ ដុល្លារ​ក្នុង​មួយខែ បើ​ធៀប​ជាមួយ​តម្លៃ​ជួល​កាលពី​ឆ្នាំមុន​គឺមាន​តម្លៃ​ត្រឹមតែ​២០០​ដុល្លារ​ទៅ​៣០០​ដុល្លារ​ប៉ុណ្ណោះ​។ សម្រាប់​អា​ផាត​មេន​ដែលមាន​២​បន្ទប់​គេង បច្ចុប្បន្ន​ជួល​ក្នុងតម្លៃ​២,២០០​ដុល្លារ​ក្នុង​មួយខែ​។​

​នៅក្នុង​សង្កាត់​បី​តម្លៃ​ជួល​បច្ចុប្បន្ន​មាន​កម្រិត​ទាប​ជាង​សង្កាត់​បួន​ប៉ុន្តែ​នៅ​តម្លៃ​ជួល​បាន​កើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ជួល​ឆ្នាំមុន​។ ជាក់ស្តែង​ផ្ទះ​វីឡា​ដែល​បាន​ជួល​ក្នុងតម្លៃ​៧០០​ដុល្លារ​ក្នុង​មួយខែ​ក្នុង​ឆ្នាំមុន​នៅក្នុង​សង្កាត់​បី​ប៉ុន្តែ បច្ចុប្បន្ន​ជួល​ក្នុងតម្លៃ​១,៥០០​ដុល្លារ​ក្នុង​មួយខែ​។​

​ចំពោះ​អត្រា​តម្លៃ​ដីធ្លី​សម្រាប់​ជួល​ក៏បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ​ចាប់តាំងពី​ឆ្នាំទៅ​មិញ​។ អ្នកតំណាង​មកពី​ក្រុមហ៊ុន​ឃី​រៀល​អ៊ី​ស្ទេ​ត​ដដែល​បាន​បង្ហាញថា​ដីឡូត៍​នៅតាម​បណ្តោយ​ផ្លូវ​ឯករាជ្យ​នៅ​ក្រុងព្រះសីហនុ​ដែលមាន​តម្លៃ​ចាប់ពី ៥០០​ដុល្លារ​ទៅ ១,០០០​ដុល្លារ​ក្នុង​មួយខែ ពេលនេះ​តម្លៃ​ជូ​ល​មានការ​កើនឡើង​ពីរ​ទៅ​បី​ដង​។​

​លោក​បាន​បន្ថែមទៀតថា “​ដី​ដែល​ស្ថិតនៅតាម​បណ្តោយ​ឆ្នេរ​ទាំង​នៅក្នុង​សង្កាត់​បួន និង​សង្កាត់​បី​គឺមាន​តម្លៃ​ជួល​កើនឡើង​ប្រហាក់ប្រហែលគ្នា​។​” “​សម្រាប់​តម្លៃ​ដី​ដែល​ស្ថិតនៅ​ផ្លូវ​សិរី​ភាព​ហើយ​មិនមែនជា​តំបន់​ពាណិជ្ជកម្ម​ជាក់ស្តែង​ដី​ទំហំ ១៧​ម៉ែត្រ x ២០​ម៉ែត្រ ដែល​អាច​ជួល​បាន​តម្លៃ ១,៥០០​ដុល្លារ​ក្នុង​មួយខែ​កាលពី​ឆ្នាំមុន ប៉ុន្តែ​បច្ចុប្បន្ន​អាច​ជួល​បាន​ក្នុងតម្លៃ​៤,៥០០​ដុល្លារ​ក្នុង​មួយខែ​។ ហើយ​ដី​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៧​មករា ដែលមាន​ទំហំ ២០​ម៉ែត្រ x ៣០​ម៉ែត្រ អាច​ជួល​បាន​ក្នុងតម្លៃ ៦,០០០​ដុល្លារ​ក្នុង​មួយខែ​”​។ នេះ​បើតាម​ការបញ្ជាក់​ពី​តំណាង​ផ្នែក​លក់ របស់​ក្រុមហ៊ុន​ឃី​រៀល​អ៊ី​ស្ទេ​ត​។​

​ជាមួយនឹង​និន្នាការ និង​លំហូរ​ចូល​នៃ​អ្នកវិនិយោគ គេ​រំពឹងថា តម្លៃ​ជូ​ល​នៅ​ក្រុងព្រះសីហនុ នឹង​បន្ត​កើនឡើង​ថែមទៀត​នៅពេល​អនាគត​ឆាប់ៗ​ខាងមុខ​ថ្មី​បើ​មាន​ផលប៉ះពាល់​អវិជ្ជមាន​មួយចំនួន​ក៏ដោយ លោក​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មី ធ្លាប់បាន​លើកឡើងថា​មានការ​វិនិយោគ​កាន់តែច្រើន​គឺ​កាន់តែ​ល្អ​សម្រាប់​ខេត្ត​ព្រះ សីហនុ​។ លោក​បាន​បន្ថែម ទៀតថា “​នេះ​នឹង​ជួយ​បង្កើន​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​នាំមក​នូវ ប្រាក់ចំណូល ដើម្បី​ជួយ​ដល់​ជីវភាព​ប្រជាជន​ជា​ចាំបាច់​។​”

​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​បញ្ចេញ​ទស្សន​ស្រដៀង​គ្នា​នេះដែរ​ថា សេដ្ឋកិច្ច​រីក​របស់​ប្រទេស​នឹង​ចម្រើន​នៅពេល​ដែលមាន​វិនិយោគិន​អន្តរជាតិ​ចូលមក​កាន់តែ ច្រើន​។​

​ទទួលបាន​សិទ្ធិ​ពី (https://www.realestate.com.kh/news/Sihanoukville-property-rents-skyrocket/)

'
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next