អន្តរជាតិ
នយោបាយជាតិ
នយោបាយអន្តរជាតិ
គីម ជុងអ៊ុន៖ ទុកអតីតកាលដោយឡែក យើងនឹងឃើញការផ្លាស់ប្តូរដ៏ធំមួយ
× ក្រោយជំនួបពេញមួយព្រឹកនៅឯសណ្ឋាគារ Capella លើកោះ Sentosa ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមហើយ។ គេរំពឹងថា ការឈានទៅរំសាយអាវុធនុយក្លេអ៊ែរនឹងអាចកើតមានឡើងឆាប់ ព្រោះលោក គីម ប្រកាសប្រាប់ពិភពលោកថា «យើងនឹងឃើញការផ្លាស់ប្តូរដ៏ធំមួយនៅពេលខាងមុខ»។
អង្គុយទន្ទឹមគ្នាពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម លោក គីម ជុងអ៊ុន បានថ្លែងថា អតីតកាលត្រូវទុកមួយឡែក ហើយគេនឹងឃើញថា មានការផ្លាស់ប្តូរដ៏ធំមិនធ្លាប់មានមួយ។ បន្ទាប់មកលោកក៏បានអរគុណលោក ត្រាំ ដែលធ្វើឲ្យកិច្ចប្រជុំនេះកើតឡើងដែរ។
ភ្លាមៗនោះលោក ត្រាំ ក៏ចាប់ផ្តើមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។ ពេលអ្នកសារព័ត៌មានសាកសួរពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង លោក ត្រាំ មិនបានឆ្លើយតបភ្លាមឡើយ។ លោកងាកទៅថ្លែងអំណរគុណលោក គីម សិន ជុំវិញការអនុញ្ញាតឲ្យជំនួបនេះកើតឡើងតាមការគ្រោងទុក។ បន្ទាប់មក មេដឹកនាំអាមេរិកក៏បញ្ជាក់បន្ថែមទៀតថា លោកមានឆន្ទៈអញ្ជើញលោក គីម ទៅសេតវិមាន ហើយការរំសាយអាវុធនុយក្លេអ៊ែរអាចនឹងចាប់ផ្តើមឆាប់ៗនេះដែរ។
បន្ទាប់ពីបញ្ចប់ជំនួបប្រវត្តិសាស្ត្រនេះ លោក គីម នឹងចាកចេញពីសិង្ហបុរីភ្លាមៗ ទៅកាន់កូរ៉េខាងជើងវិញ។ ចំណែកឯលោក ត្រាំ នឹងធ្វើសន្និសីទសារព័ត៌មានមួយសិនដើម្បីបង្ហាញទៅកាន់ពិភពលោកពីលទ្ធផលនៃកិច្ចប្រជុំប្រវត្តិសាស្ត្រនេះដែរ មុននឹងធ្វើដំណើរទៅកាន់អាមេរិកវិញ។
ដោយឡែក ភ្លាមៗក្រោយមេដឹកនាំទាំងពីបញ្ចប់ជំនួបប្រវត្តិសាស្ត្រ តំណាងរដ្ឋាភិបាលចិន លោក វ៉ាង យី ក៏បានចេញមុខសាទរ និងទទួលស្គាល់ថា លោក ត្រាំ និងលោក គីម កំពុងបង្កើតប្រវត្តិសាស្ត្រថ្មីថែមទៀត។ បើតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ក៏បានទទូចឲ្យ កូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរឲ្យបានពេញលេញ និងធ្វើយ៉ាងណាបញ្ចប់ភាពតានតឹងទាំងស្រុងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com