ជាតិ
រដ្ឋមន្ត្រីអប់រំ ហាមអ្នកគ្រប់គ្រងសាលារៀន យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះច្នៃធ្វើជាជួង ដើម្បីបញ្ចៀសគ្រោះថ្នាក់
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានប្រាប់ឲ្យប្រធានមន្ទីរអប់រំទូទាំងប្រទេសណែនាំដល់នាយកគ្រប់គ្រងសាលារៀនទាំងអស់ បញ្ឈប់ការយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មកកែច្នៃធ្វើជាជួង នៅតាមសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយ ដល់កុមារកម្ពុជា។
លោក ហង់ ជួនណារ៉ុន បានលើកយកការណែនាំរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននៅកម្ពុជា និងសង្គ្រោះជនពិការដោយសារមីន បានបញ្ជាក់នៅក្នុងលិខិតដូច្នេះថា៖«ទោះបីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទស្ថិតនៅក្នុងសភាពល្អស្អាត ឬខូចខាតទ្រង់ទ្រាយដើមក៏ដោយ ក៏នៅតែអាចផ្ទុះ និងបណ្តាលឲ្យមានគ្រោះថ្នាក់ គ្រប់ពេល ខណៈដែលមាននរណាម្នាក់ យកមកដុំ កែច្នៃ ឬគ្រវែងលេងជាដើម»។
ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា សាលារៀនមួយចំនួន នៅតែបន្តយកអាវុធមិនទាន់ផ្ទុះមកច្នៃធ្វើជាជួង សម្រាប់ប្រើ(គោះ)កំណត់ពេលវេលាសិក្សា៕
Tag:
គ្រាប់យុទ្ធភណ្ឌ
ហង់ ជួនណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com