ជាតិ
សេដ្ឋកិច្ច
ក្រសួងបរិស្ថាន គាំទ្រគម្រោងសង់រោងចក្រផលិតស្ពាន់តម្លៃ៣០លានដុល្លារ នៅក្រុងព្រះសីហនុ កិច្ចប្រជុំពិនិត្យ និងពិភាក្សា លើកម្រោងសាងសង់រោងចក្រផលិតស្ពាន់ របស់ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD
× ក្រសួងបរិស្ថាន បានសម្រេចគាំទ្រដល់ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD ក្នុងគម្រោងបង្កើតរោងចក្រផលិតស្ពាន់ សារធាតុសំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានទុនវិនិយោគចំនួន ៣០លានដុល្លារ។
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុ ដែលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងបង្កើតរោងចក្រផលិតស្ពាន់ សំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច លើផ្ទៃដីទំ ៧,៤៨ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ របស់ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD។
ការពិនិត្យ និងពិភាក្សានេះ បានផ្តោតលើ៦ចំណុចសំខាន់ៗ រួមមាន ១. ការគ្រប់គ្រងលើការនាំចូល ទុកដាក់វត្ថុធាតុដើម និងសារធាតុគីមី ២. ផែនការប្រើប្រាស់ទឹក ៣. ការគ្រប់គ្រងគុណភាពខ្យល់ (ឧស្ម័ន ធូលី) ៤.ការគ្រប់គ្រង់សំណល់រឹង-រាវ ៥.ខ្សែសង្វាក់ផលិតកម្ម និង៦. បញ្ហាសុខភាព និងសុវត្ថិភាពការងារ។
ក្រោយពី ពិនិត្យ និងពិភាក្សារួចមក ក្រសួង បានសម្រចគាំទ្រគម្រោងសាងសង់រោងចក្រផលិតស្ពាន់ សំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច នៅខេត្តព្រះសីហនុ និងតម្រូវឲ្យក្រុមហ៊ុនកែលម្អរបាយការណ៍វាយតម្លៃហេតុ ដែលនាំឲ្យប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនេះ ក្នុងរយៈពេល ៣០ថ្ងៃ យ៉ាងយូរ។
សូមរម្លឹកថា ក្រុមហ៊ុនខាងលើនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតឲ្យបើករោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ៕
Tag:
ព្រះសីហនុ
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com