កុមារា​កម្ពុជា​ពីររូប​ចូលរួម​កម្មវិធី​បាល់ទាត់​កុមារ និង​មើល​ការបើក World Cup នៅ​រុស្ស៊ី​

FIFA
កីឡាជាតិ
ជាតិ
កុមារា​កម្ពុជា​ពីររូប​ចូលរួម​កម្មវិធី​បាល់ទាត់​កុមារ និង​មើល​ការបើក World Cup នៅ​រុស្ស៊ី​
13, Jun 2018 , 9:19 am         1228
រូបភាព
សុខ មករា (ឆ្វេង) និង សេងគា សុខហេង កំពុងមានវត្តមាននៅរុស្ស៊ី។
សុខ មករា (ឆ្វេង) និង សេងគា សុខហេង កំពុងមានវត្តមាននៅរុស្ស៊ី។
​សុខ មករា និង សេង​គា សុខ​ហេង ដែល​សុទ្ធ​តែមាន​អាយុ​ក្រោម​១២​ឆ្នាំ កំពុងស្ថិត​នៅក្នុង​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ដើម្បី​ចូលរួម​ក្នុង​កម្មវិធី Football for Friendship (F4F) និង​ត្រៀម​ទស្សនា​ពិធី​បើក​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែមិថុនា​។​



​មករា និង​សុខ​ហេង ស្ថិតក្នុង​ចំណោម​កុមារ និង​យុវជន​ប្រមាណ​១៥០០​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​ចូលរួម​ក្នុង​កម្មវិធី Gazprom International Children’s Social Football for Friendship ក្រោម​រៀបចំ​របស់​ក្រុមហ៊ុន PJSC Gazprom ដោយមាន​កិច្ចសហការ​ពី​សហព័ន្ធ​កីឡា​បាល់​អន្តរជាតិ អង្គការសហប្រជាជាតិ និង​សហព័ន្ធ​កីឡាបាល់ទាត់​ថ្នាក់ជាតិ​នីមួយៗ ។​



​សុខ មករា ត្រូវបាន​ជ្រើសរើស​ជា​តំណាង​អ្នកកាសែត​វ័យក្មេង (Young Journalist) ដែល​ត្រូវ​ទស្សនា​សកម្មភាព​ផ្សេងៗ​នៅ International Children’s Press Center រីឯ សេង​គា សុខ​ហេង ជា​កីឡាករ​វ័យក្មេង (Young Footballer) ដែល​ត្រូវ​ចូលរួម​ជាមួយ​កុមារ​ដទៃទៀត​ក្នុង​កម្មវិធី​បោះជំរុំ International Friendship Camp ជាដើម​។​

​ពិធី​បើក​ព្រឹត្តិការណ៍ FIFA World Cup នា​ថ្ងៃទី​១៤ ខែមិថុនា ចាប់ផ្តើម​ដោយ​ជំនួប​បើកឆាក​ពូ​ល A​រវាង​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី​ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​កីឡដ្ឋាន Luzhniki Stadium ក្នុង​ទីក្រុង​មូ​ស្គូ​ប្រទេស​រុស្ស៊ី​នា​វេលា​ម៉ោង​១០​យប់ (​ម៉ោង​នៅ​កម្ពុជា​)​។

​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​។ ក្រុម​ចំនួន​៣២​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ ដោយ​ការប្រកួត​បែងចែក​ជា​៨​ពូ​ល​៕






'
Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...2223next