សុខ មករា និង សេងគា សុខហេង ដែលសុទ្ធតែមានអាយុក្រោម១២ឆ្នាំ កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងកម្មវិធី Football for Friendship (F4F) និងត្រៀមទស្សនាពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា។
មករា និងសុខហេង ស្ថិតក្នុងចំណោមកុមារ និងយុវជនប្រមាណ១៥០០នាក់នៅទូទាំងពិភពលោកដែលចូលរួមក្នុងកម្មវិធី Gazprom International Children’s Social Football for Friendship ក្រោមរៀបចំរបស់ក្រុមហ៊ុន PJSC Gazprom ដោយមានកិច្ចសហការពីសហព័ន្ធកីឡាបាល់អន្តរជាតិ អង្គការសហប្រជាជាតិ និងសហព័ន្ធកីឡាបាល់ទាត់ថ្នាក់ជាតិនីមួយៗ ។
សុខ មករា ត្រូវបានជ្រើសរើសជាតំណាងអ្នកកាសែតវ័យក្មេង (Young Journalist) ដែលត្រូវទស្សនាសកម្មភាពផ្សេងៗនៅ International Children’s Press Center រីឯ សេងគា សុខហេង ជាកីឡាករវ័យក្មេង (Young Footballer) ដែលត្រូវចូលរួមជាមួយកុមារដទៃទៀតក្នុងកម្មវិធីបោះជំរុំ International Friendship Camp ជាដើម។
ពិធីបើកព្រឹត្តិការណ៍ FIFA World Cup នាថ្ងៃទី១៤ ខែមិថុនា ចាប់ផ្តើមដោយជំនួបបើកឆាកពូល Aរវាងក្រុមម្ចាស់ផ្ទះរុស្ស៊ីជាមួយក្រុមអារ៉ាប៊ីសាអូឌីតនៅកីឡដ្ឋាន Luzhniki Stadium ក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ីនាវេលាម៉ោង១០យប់ (ម៉ោងនៅកម្ពុជា)។
ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។ ក្រុមចំនួន៣២ត្រូវប្រជែងគ្នាដណ្តើមជើងឯកនៅឆ្នាំនេះ ដោយការប្រកួតបែងចែកជា៨ពូល៕