លោក សៅ សុខា ជំនួស​តំណែង លោក ប៉ុល សារឿន រីឯ​លោក ហ៊ុន ម៉ា​ណែ​ត ជំនួស​លោក គន់ គីម និង​លោក មាស សុភា​
ជាតិ
បោះឆ្នោត
លោក សៅ សុខា ជំនួស​តំណែង លោក ប៉ុល សារឿន រីឯ​លោក ហ៊ុន ម៉ា​ណែ​ត ជំនួស​លោក គន់ គីម និង​លោក មាស សុភា​
13, Jun 2018 , 12:39 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក សៅ សុខា, លោក ប៉ុល សារឿន, លោក ហ៊ុន ម៉ាណែត, លោក គន់ គីម, លោក មាស សុភា
ពីឆ្វេងទៅស្តាំ៖ លោក សៅ សុខា, លោក ប៉ុល សារឿន, លោក ហ៊ុន ម៉ាណែត, លោក គន់ គីម, លោក មាស សុភា
​មានការ​ផ្ទេរតំណែង​ខ្លះ​នៅក្នុង​ជួរ​កងទ័ព​។ នេះ​គឺ​ដោយសារតែ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅក្នុង​វិស័យ​យោធា​ត្រូវ​ឈរឈ្មោះ​ធ្វើជា​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ​។​

 
​លោក សៅ សុខា ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​ឋានៈ​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ផង​នោះ ត្រូវបានតែងតាំង​ឲ្យ​ឡើង​ទៅជា​អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ ជំនួស​លោក ប៉ុល សារឿន​។​

​ចំណែក​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​ច្បង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​នាយសេនាធិការ​ចម្រុះ​ស្តីទី ជំនួស​លោក គន់ គីម និង​ធ្វើជា​មេបញ្ជាការ​ស្តីទី​នៃ​កងទ័ពជើងគោក ជំនួស​លោក មាស សុភា​។ ក្នុងពេល​តែមួយ​នេះ លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ដំឡើង​ឲ្យ​ក្លាយទៅជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​តែម្តង ព្រោះ​តំណែង​របស់លោក គន់ គីម ដែល​លោក​ត្រូវ​ជំនួស គឺមាន​ឋានៈ​ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​។

តំណែង​ទាំងបី​ខាងលើ ដែល​ទើបនឹង​ទទួលបាន គឺ​បន្ថែម​លើ​តំណែង​ទាំង​បួន ដែល​លោក ហ៊ុន ម៉ា​ណែ​ត កំពុង​តែមាន​។ បច្ចុប្បន្ន លោក ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​, ជា​មេបញ្ជាការរង​នៃ​កង​អង្គរក្ស​, ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​។

​ការដែល​លោក សៅ សុខា និង​លោក ហ៊ុន ម៉ា​ណែ​ត ទទួល​តំណែង​ជំនួស​មេទ័ព​កំពូល​ទាំងបី គឺ​ដោយសារតែ​ពួកគាត់​ទាំងបី ទៅ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​ក្នុង​នីតិកាល​ទី​៦​នេះ​។ ការតែងតាំង​នេះ គឺធ្វើឡើង​តាមរយៈ «ប្រកាស» ដែលចេញ​ក្នុង​ក្របខណ្ឌ​នៃ​ក្រសួងការពារជាតិ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា លោក ក៏បាន​ឃើញ​ប្រកាស​នោះដែរ ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញសារព័ត៌មាន​នានា​។ ប៉ុន្តែ លោក បញ្ជាក់ថា ប្រកាស​នោះ មិនទាន់​អាច​ចាត់ទុកថា ជា​ប្រកាសផ្លូវការ​នោះទេ ព្រោះ​មិនទាន់​ចុះ​កាលបរិច្ឆេទ ដោយ​មានតែ​ត្រា​និង​ហត្ថលេខា​របស់​សម្តេច ទៀ បាញ់ ប៉ុណ្ណោះ​។

​អ្នកនាំពាក្យ​រូបនេះ អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​អត់​ទាន់​និយាយ​អី្វ​បានទេ ព្រោះ​ប្រកាស​នោះ មិន​ទាន់គ្រប់​បែបបទ​រដ្ឋបាល មិនទាន់​ផ្លូវការ​។ ពេលណា ខ្ញុំ​មានប្រកាសផ្លូវការ​ [នៅក្នុងដៃ] ​ ទើប​ខ្ញុំ​អាចអធិប្បាយ​»​។​

គួរ​បញ្ជាក់ថា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មិន​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​តុលាការ កងកម្លាំង​នគរបាលជាតិ កងយោធពល​ខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​នោះទេ​។ ពួកគេ អាច​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​បាន លុះត្រាតែ​ព្យួរ​តំណែង ជាមុនសិន​៕  
 

Tag:
 ​បោះឆ្នោត​
  សៅ សុខា​
  ហ៊ុន ម៉ា​ណែ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 65837 [1] => 9,78 [2] => លោក សៅ សុខា ជំនួស​តំណែង លោក ប៉ុល សារឿន រីឯ​លោក ហ៊ុន ម៉ា​ណែ​ត ជំនួស​លោក គន់ គីម និង​លោក មាស សុភា​ [3] => content [4] => [5] => ​បោះឆ្នោត​, សៅ សុខា​, ហ៊ុន ម៉ា​ណែ​ត​ [6] => 50 [7] => 0 [8] => )