អន្តរជាតិ
មេដឹកនាំ​ម៉ាឡេស៊ី​ថ្មី​បង្ហាញ​កំណែទម្រង់សេដ្ឋកិច្ច​ដែល​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​
13, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​បាងកក ៖ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ថ្មី​របស់​ម៉ាឡេស៊ី​បានតែងតាំង​ក្រុម​ជន​លេចធ្លោ​មួយក្រុម​ដើម្បី​រៀបចំ​របៀបវារៈ​គោលនយោបាយ​ថ្មី​ក្នុង​រយៈពេល​១០០​ថ្ងៃ​។ ក្រុម​នេះ​និង​របៀបវារៈ​គោលនយោបាយ​ថ្មី​ត្រូវបាន​គេ​រំពឹងថា​នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​គម្រោង​វិនិយោគ​ធំៗ​ដែលជា​សសរស្តម្ភ​ដ៏​សំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច​ជាតិ​និង​គម្រោង​ផ្សេងៗ​ទៀត​។​



​រដ្ឋាភិបាល​ថ្មី​ក៏បាន​បង្កើត​ក្រុមការងារ​ពិ​សេសមួយ​ដើម្បី​ពិនិត្យមើល​លើ​ការចោទប្រកាន់​អំពើពុករលួយ​ទាក់ទង​នឹង​ការ​កិប​កេ​ញ​ប្រាក់​មូលនិធិ​នៅក្នុង​មូលនិធិ​វិនិយោគ​របស់​រដ្ឋ ដែល​បង្កើតឡើង​ដោយ​លោក Najib​។ រដ្ឋាភិបាល​ថ្មី​នេះ​ក៏បាន​បញ្ជា​ឲ្យ​មានការ​ពិនិត្យឡើងវិញ​នូវ​ការ​តំណាង​នយោបាយ​ទៅលើ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​បំផុត​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​រួមទាំង​មូលនិធិ​សោធន​និវត្តន៍​និង​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​សំខាន់ៗ​ផងដែរ​។​

​អ្នកដឹកនាំ​ក្រុម​លេចធ្លោ​មួយ​នេះ​គឺ​លោក Daim Zainuddin អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។ ក្រុម​នេះ​ក៏​រួមបញ្ចូល​លោកស្រី Zeti Akhtar Aziz អតីត​អគ្គទេសាភិបាល​ធនាគារ​កណ្តាល អតីត​នាយក​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​មួយ​ឈ្មោះ Petronas សេដ្ឋវិទូ​ម្នាក់ និង​អ្នកជំនួញ​ល្បីឈ្មោះ​មួយរូប​ផងដែរ​។​

​លោក Gareth Leather សេដ្ឋវិទូ​ជាន់ខ្ពស់​ម្នាក់​ប្រចាំ​តំបន់​អាស៊ី​របស់​ក្រុមហ៊ុន Capital Economics ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅក្នុង​ក្រុង​ឡុង​ដ៍ បាន​និយាយថា បញ្ហា​ចម្បង​គឺថា តើ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​នេះ​នឹង​បន្ត​រួបរួមគ្នា​ដើម្បី​បុព្វហេតុ​កំណែទម្រង់សេដ្ឋកិច្ច​ដែរ​ឬ​យ៉ាងណា​។​

​លោក Leather បាន​ប្រាប់ VOA ថា​៖ «​នៅពេល​សម្ព័ន្ធ​នេះ​ត្រូវបាន​បង្កើតឡើង គឺ​វា​ត្រូវបាន​បង្កើត​ក្នុង​គោលបំណង​ប្រឆាំង​ជាមួយនឹង​លោក Najib ជាជាង​ដើម្បី​គាំទ្រ​ការធ្វើកំណែទម្រង់​។ ដូច្នេះ​ការធ្វើ​តេស្ត​ជាក់ស្តែង​ដំបូង​ដែល​ពួកគេ​ត្រូវធ្វើ​នោះ​គឺ​ត្រូវ​មើលថា​តើ​មានការ​ស្រុះស្រួល​គ្នា​គ្រប់គ្រាន់​នៅក្នុង​សម្ព័ន្ធ​ដើម្បី​ជំរុញ​ឲ្យ​មាន​កំណែទម្រង់សេដ្ឋកិច្ច​ដែរ​ឬ​យ៉ាងណា​»​។​

​ការសន្យា​ដ៏​សំខាន់​មួយ​ក្នុងពេល​យុទ្ធនា​ការដែល​ធ្វើឡើង​ដោយ​គណបក្ស Pakatan Harapan ឬ សម្ព័ន្ធ​នៃ​ក្តីសង្ឃឹម របស់លោក​នាយករដ្ឋមន្ត្រី Mahathir Mohamad គឺ​ត្រូវ​លុបបំបាត់​ពន្ធ​តម្លៃបន្ថែម​លើ​ទំនិញ​និង​សេវាកម្ម​នានា​។​

​ខណៈដែល​ពន្ធ​លើ​ទំនិញ​និង​សេវាកម្ម ដែល​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា GST មិន​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នកបោះឆ្នោត​នោះ អ្នកវិភាគ​បាន​និយាយថា ប្រាក់ចំណូល​ពី​ពន្ធ​នេះ​ជួយ​ឲ្យ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​ពន្ធ​ចេញពី​ការពឹងផ្អែក​ហួសហេតុ​លើ​ពន្ធ​លើ​សាជីវកម្ម និង​ឧស្សាហកម្ម​ប្រេងកាត​។​

​ភ្លាមៗ​បន្ទាប់ពី​មានការ​បោះឆ្នោត​ទីផ្សារ​ហិរញ្ញវត្ថុ​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារតែ​ផែនការ​លុបបំបាត់​ពន្ធ​ហើយ​មានការ​ចោទសួរ​ជាច្រើន​ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​វិធានការ​នេះ​ទៅលើ​ថវិកាជាតិ​។ ការរួមចំណែក​របស់​ពន្ធ​លើ​ទំនិញ​និង​សេវាកម្ម​បាន​កើន​ដល់​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​។​

​ក្រុមមន្ត្រី​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​ពន្ធ​នេះ​នឹងត្រូវ​លុបបំបាត់​ឬ​យ៉ាងណា​នោះទេ​។ ក្រុមអ្នកវិភាគ​បាន​ទស្សន៍ទាយ​ថា នឹងមាន​ឧបសគ្គ​ជាច្រើន​សម្រាប់​ផែនការ​នេះ​។​

​លោក Leather បាន​ថ្លែងថា​៖ «​ការបង្កើន​ថវិកា​ឲ្យ​បាន​ច្រើន​ស្មើនឹង​ថវិកា​ទទួលបាន​ពី​ពន្ធ​លើ​ទំនិញ​និង​សេវាកម្ម​នៅ​ខណៈពេលដែល​ពន្ធ​នេះ​ត្រូវ​លុបបំបាត់ចោល​នោះ គឺជា​រឿង​ពិបាក​មួយ​។ ខ្ញុំ​គិតថា ពួកគេ​មិនអាច​បោះជំហាន​ទៅមុខ​ហើយ​បង្កើត​គោលនយោបាយ​ផ្ទុយស្រឡះ និង​បន្ត​អនុវត្ត​វា​នោះបានទេ​។ ដូច្នេះ វា​ពិតជា​ពិបាក​ក្នុងការ​គ្រប់គ្រង​គោលនយោបាយ​នេះ​ខ្លាំងណាស់​»​។​

​អ្នកវិភាគ​និយាយថា ទីផ្សារ​ហិរញ្ញវត្ថុ​ក៏​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការ​ជំហាន​ថ្មីៗ​នៅក្នុង​ការស៊ើបអង្កេត​ទៅលើ​លោក Najib ដែល​រង​ការចោទប្រកាន់​ពី​ការផ្ទេរ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ចេញពី​មូលនិធិ 1MDB​។ លោក​បាន​បដិសេធ​យ៉ាង​ដាច់អហង្កា​ចំពោះ​ការចោទប្រកាន់​នេះ​។ ក្រសួងយុត្តិធម៌​អាមេរិក​បាន​ចោទប្រកាន់ថា ប្រាក់​ចំនួន​៤,៥​ពាន់​លាន​ដុល្លារ​ត្រូវបាន​ដកចេញ​ដោយ​ខុសច្បាប់ ពី​មូលនិធិ 1MDB ដែល​មូលនិធិ​នេះ​ផ្តើម​បង្កើតឡើង​ដោយ​លោក Najib​។​

​យ៉ាងហោចណាស់​ប្រទេស​ចំនួន​៦ រួមមាន​សហរដ្ឋអាមេរិក សិង្ហ​បុរី និង​ស្វ៊ី​ស កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​លើ​បញ្ហា​អំពើពុករលួយ​នេះ​។ រដ្ឋាភិបាល​ថ្មី​បាន​សន្យាថា នឹងធ្វើ​ការស៊ើបអង្កេត​ថ្មីៗ​ទៀត​ទៅលើ​ករណីនេះ​។ កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​បាន​បដិសេធ​មិន​ឲ្យ​លោក Najib និង​ក្រុមគ្រួសារ​របស់លោក ចាក​ចេញពី​ប្រទេស​នោះទេ ដោយសារតែ​ការស៊ើបអង្កេត​កំពុងតែបន្ត​ធ្វើឡើង​។​

​លោក Leather បាន​ទស្សន៍ទាយ​ថា ការស៊ើបអង្កេត​លើ​បញ្ហា​អំពើពុករលួយ​នឹងមាន​ផល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច មិន​ដូច​ការលុបបំបាត់​ពន្ធ​នោះទេ​។​

​លោក Leather បាន​និយាយថា​៖ «​សង្ឃឹមថា អ្វីដែល​រដ្ឋាភិបាល​នឹងធ្វើ​នោះ​នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​នានា ដែល​បាន​បង្អាក់​កំណើនសេដ្ឋកិច្ច​ម៉ាឡេស៊ី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ វា​នឹង​ក្លាយជា​រឿង​ដ៏​តក់ស្លុត​ប្រសិនបើ​លោក Najib ត្រូវបាន​គេ​រកឃើញថា​បាន​បន្លំ​ការបោះឆ្នោត​នោះ​»​។​

​ប៉ុន្តែ​ក្រុម​អ្នកសង្កេតការណ៍​បាន​និយាយថា ការពិនិត្យ​មើល​ឡើងវិញ​នូវ​គម្រោង​ធំៗ​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ជាពិសេស​គម្រោង​ដែល​ធ្វើឡើង​ដោយ​ចិន​នោះ អាច​នឹងមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ ចិន​បាន​វិនិយោគ​ប្រាក់​ជាង​៣,៣៨​ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​ចិន​ក៏​ជា​វិនិយោគិន​បរទេស​ដ៏​ធំ ដោយ​នាំមុខ​សហរដ្ឋអាមេរិក ជប៉ុន និង​សិង្ហ​បុរី​។ វិនិយោគទុន​របស់​ចិន​រួមមាន​វិស័យ​ឧស្សាហ​កម្មវិស័យ​អចលនទ្រព្យ និង​ប័ណ្ណ​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​។​

​ប្រទេស​ចិន​ក៏បាន​គាំទ្រ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រថភ្លើង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែល​ភ្ជាប់​ទៅកាន់​គម្រោង «​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​» ដែលជា​ការផ្តួចផ្តើមរ​បស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ គម្រោង​នេះ​មានបំណង​បង្កើត​ឲ្យ​មាននូវ​បណ្តាញ​មួយ​ដែល​ឆ្លងកាត់​ទូទាំង​តំបន់​អាស៊ី​។​

​ការវិនិយោគទុន​គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​។ អ្នកវិភាគ​និយាយថា មាន​ហានិភ័យ​មួយ​ដែល​ការវិនិយោគ​អាច​នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុងពេល​ពីរ​ឆ្នាំ​ខាងមុខ​។​

​កំណើនសេដ្ឋកិច្ច ដែល​តួលេខ​ថ្មី​ប្រចាំត្រីមាស​នឹង​ចេញ​ឆាប់ៗ​នេះ មាន​កំណើន​ចន្លោះ​ពី ៥,៥%​ដល់​៦%​កាលពី​ឆ្នាំមុន ដែល​កំណើន​នេះ​ជំរុញ​បន្ថែម​ដោយ​ការនាំចេញ និង​ការវិនិយោគ​បរទេស​។​

​ក្នុង​យុទ្ធនា​ការបោះឆ្នោត លោក Mahathir បាន​ប្រឆាំងនឹង​ការវិនិយោគ​ចិន ហើយ​បាន​សន្យាថា​នឹង​ពិនិត្យមើល​ឡើងវិញ​ដោយ​យកចិត្តទុកដាក់​លើ​គម្រោង​ដែលមាន​ជាក់​ពាក់ព័ន្ធ​នឹង​បរទេស​។​

​អ្នកស្រី Pavida Pananond សាស្ត្រាចារ្យ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ធម្ម​សាត (Thammasat) ក្នុង​ក្រុង​បាងកក​ក៏បាន​ទស្សន៍ទាយ​ថា ម៉ាឡេស៊ី​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ចម្បងៗ​ជាពិសេស​បន្ទាប់ពី​ការដឹកនាំ​ជាង​៦០​ឆ្នាំ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុមចម្រុះ​អង្គការ​រួបរួម​ជាតិ​ម៉ាឡេស៊ី (United Malay National Organization)​។​

​នៅក្នុង​អ៊ី​ម៉ែ​ល​មកកាន់ VOA អ្នកស្រី Pavida បាន​និយាយថា​៖ «​វា​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​នយោបាយ​ជះឥទ្ធិពល​ខ្លាំង​កម្រិតណា​ដល់​ផ្នែក​សេដ្ឋកិច្ច​» បន្ទាប់ពី​មានការ​ដឹកនាំ​អស់​រយៈពេល​យ៉ាងយូរ​នេះ​។​

​អ្នកស្រី​បាន​បន្ថែមថា​៖ «​ខណៈដែល​ឆន្ទៈ​ក្នុងការ​ពិនិត្យមើល​គម្រោង​ធំៗ និង​ស៊ើបអង្កេត​លើ​បញ្ហា​អំពើ​ពុ​យ​រលួយ​គួរតែ​ទទួលបាន​ការស្វាគមន៍​នោះ ការផ្លាស់ប្តូរ​ចម្បងៗ​នឹង​មិនអាច​កើតឡើង​ដោយ​ស្រួល​នោះទេ ដោយសារតែ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុងប្រទេស​ម៉ាឡេស៊ី​បាន​គ្របដណ្តប់​ដោយ​សាជីវកម្ម​ដែលមាន​ទំនាក់ទំនង ឬ​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល ជា​យូរ​មកហើយ​»​។​

​អ្នកស្រី​បាន​បន្ថែមទៀតថា សម្រាប់​ផល​វិជ្ជមាន​វិញ​«​ការ​ទន្ទឹង​រងចាំ​ដោយ​ក្តីរំភើប​ចំពោះ​ការផ្លាស់ប្តូរ សមភាព និង​តម្លាភាព គួរ​ត្រូវបាន​ស្វាគមន៍ ដោយសារតែ​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​អ្វីដែល​ត្រូវការ​នៅក្នុង​យុគសម័យ​ថ្មី​នៃ​សេដ្ឋកិច្ច​ដែលមាន​ប្រសិទ្ធភាព និង​សេដ្ឋកិច្ច​ពោរពេញ​ទៅដោយ​ការបង្កើត​ថ្មី ដែល​ម៉ាឡេស៊ី​មាន​មហិច្ឆតា​ចង់​សម្រេច​ឲ្យ​បាន​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com