អន្តរជាតិ
សភា​កាណាដា​បោះឆ្នោត​ថ្កោលទោស​លោក ត្រាំ ដែល​បន្ត​មាក់ងាយ​នាយករដ្ឋមន្ត្រី​ខ្លួន​
13, Jun 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សភា​កាណាដា​បាន​បោះឆ្នោត​ប្រឆាំង​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ដែល​កំណត់​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​នាំចូល​ពី​កាណាដា​។ ក្រៅពី​ជំទាស់​ការដាក់​ពន្ធ​នេះ ដូ​ណា​ល់ ត្រាំ សភា​នេះ​ក៏​ថ្កោលទោស​ពាក្យសម្តី​បន្តុះបង្អាប់​និង​ផ្អែកលើ​អារម្មណ៍​របស់​រដ្ឋបាល​អាមេរិក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​នាយករដ្ឋមន្ត្រី ចា​ស្ទី​ន ទ្រូ​ដូ ថែមទៀត​។



​ជម្លោះ​ការទូត​រវាង​សម្ព័ន្ធមិត្ត​យូរអង្វែង​កាណាដា និង​អាមេរិក ហាក់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ បន្ទាប់ពី​កិច្ចប្រជុំ​ប្រទេស​ប្រាំពីរ​នៅ​កេ​បិ​ច បញ្ចប់​ទៅដោយ​អាមេរិក​មិន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​។

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​បញ្ជា​ឲ្យ​មិន​ខ្លួន​ឈប់​គាំទ្រ​សេចក្តីថ្លែងការណ៍​រួម​ពេលធ្វើ​ដំណើរ​មក​សិង្ហ​បុរី​កាលពី​ចុង​សប្តាហ៍​កន្លងមក​នោះ មិនបាន​បញ្ឈប់​ការវាយប្រហារ​លើ​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ​ឡើយ​។

​ឆ្លើយតប​នឹង​ការបន្ត​វាយប្រហារ និង​ប្រមាថ​លើ​នាយករដ្ឋមន្ត្រី​ខ្លួន សមាជិកសភា​កាណាដា​បាននាំគ្នា​បោះឆ្នោត​លើ​ញត្តិ​ថ្កោលទោស​លោក ត្រាំ និង​ប្រឆាំង​ដាច់ខាត​លើ​ចំណាត់ការ​ដាក់ចេញ​ពន្ធគយ​ខុសច្បាប់​ប្រឆាំង​ទំនិញ​ដែកថែប និង​អាលុយមីញ៉ូម​របស់​កាណាដា​កន្លងមក​ដែរ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ញត្តិ​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​តំ​ណា​រាស្ត្រ​បក្សប្រឆាំង ប្រជាធិបតេយ្យ​ថ្មី (New Democrat) របស់​កាណាដា ក្រោយពេល​កិច្ចប្រជុំ​ប្រទេស​ប្រាំពីរ​បិទ​បញ្ចប់​ទៅដោយ​បន្សល់​រឿង​រញ៉េរញ៉ៃ​ច្រើន និង​មាន​ទង្វើ​មិន​សមរម្យ​របស់​សហរ​ដ្ឋ​អាមេរិក​។​


​ញត្តិ​ដដែល​នេះ​បាន​បង្ហាញថា សកម្មភាព​របស់​អាមេរិក​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​មិន​ជួយ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​ទាត់ចោល​រាល់​សម្តី​របស់​រដ្ឋបាល​លោក ត្រាំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ក​ត្តិ​យស​ប្រមុខ​រដ្ឋាភិបាល​កាណាដា​ដែរ ដោយ​ចាត់ទុកថា រាល់​ការ​ថ្លែងការណ៍​របស់​អាមេរិក​នោះ​មាន​ចរិតលក្ខណៈ​បន្តុះបង្អាប់ និង​ផ្អែកលើ​អារម្មណ៍​ខ្លួនឯង​ជាជាង​លើ​ហេតុផល​ជាក់ស្តែង​។

​តាមពិតទៅ​ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ការទូត​បែកផ្សែង​បែបនេះ​គឺ​កើតចេញពី​កិច្ចប្រជុំ​ប្រទេស​ប្រាំពីរ​ចុង​សប្តាហ៍​។ លោក ត្រាំ បាន​បញ្ជា​ឲ្យ​មន្ត្រី​ខ្លួន​ឈប់​គាំទ្រ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ ពេល​កំពុង​ជិះ​យន្តហោះ​មក​សិង្ហ​បុរី​នៅ​ថ្ងៃ​សៅរ៍ ហើយ​លោក​បាន​បន្ទោស​នាយករ​ដ្ឋ​មន្ត្រី​កាណាដា​ដែរ​ជុំវិញ​បញ្ហា​នេះ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ លោក ទ្រូ​ដូ បានប្រកាសថា លោក​បាន​ប្រា​ប់លោក ត្រាំ ផ្ទាល់​ហើយពី​វិធានការ​ពន្ធ​របស់​កាណាដា តទល់​នឹង​ចំណាត់ការ​ខុសច្បាប់​រប​ស់​អាមេរិក​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ដើមខែ​កក្កដា​ខាងមុខ​។ លោក ទ្រូ​ដូ ក៏បាន​បង្ហើប​ដែរ​ថា វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ ប៉ុន្តែ​កាណាដា​មិនមាន​ជម្រើស ហើយក៏​មិនអាច​ឲ្យ​ប្រទេស​ដទៃ​គំរាមកំហែង​តាមចិត្ត​ឡើយ​។

​ភ្លាមៗ​នោះ​លោក ត្រាំ បាន​សរសេរ​សារ​តាម Twitter បញ្ជាក់ថា អាមេរិក​មិន​ទទួលស្គាល់​សេចក្តីថ្លែងការណ៍​រួម​ឡើយ ហើយ​លោក​បាន​ហៅ​លោក ទ្រូ​ដូ  ជា​មនុស្ស​ដែល​ទន់ខ្សោយ និង​មិន​ស្មោះត្រង់​ឡើយ​ក្នុង​ប្រឆាំង​ការអនុវត្ត​ពន្ធ​អាមេរិក​លើ​ទំនិញ​កាណាដា​៕


Tag:
 កាណាដា​
  ដូ​ណា​ល់ ត្រាំ​
  ចា​ស្ទី​ន ទ្រូ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com