អន្តរជាតិ
សភាកាណាដាបោះឆ្នោតថ្កោលទោសលោក ត្រាំ ដែលបន្តមាក់ងាយនាយករដ្ឋមន្ត្រីខ្លួន
× សភាកាណាដាបានបោះឆ្នោតប្រឆាំងវិធានការរបស់សហរដ្ឋអាមេរិកដែលកំណត់ពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូមនាំចូលពីកាណាដា។ ក្រៅពីជំទាស់ការដាក់ពន្ធនេះ ដូណាល់ ត្រាំ សភានេះក៏ថ្កោលទោសពាក្យសម្តីបន្តុះបង្អាប់និងផ្អែកលើអារម្មណ៍របស់រដ្ឋបាលអាមេរិក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ ថែមទៀត។
ជម្លោះការទូតរវាងសម្ព័ន្ធមិត្តយូរអង្វែងកាណាដា និងអាមេរិក ហាក់កាន់តែធ្ងន់ធ្ងរទៅ បន្ទាប់ពីកិច្ចប្រជុំប្រទេសប្រាំពីរនៅកេបិច បញ្ចប់ទៅដោយអាមេរិកមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបញ្ជាឲ្យមិនខ្លួនឈប់គាំទ្រសេចក្តីថ្លែងការណ៍រួមពេលធ្វើដំណើរមកសិង្ហបុរីកាលពីចុងសប្តាហ៍កន្លងមកនោះ មិនបានបញ្ឈប់ការវាយប្រហារលើនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូឡើយ។
ឆ្លើយតបនឹងការបន្តវាយប្រហារ និងប្រមាថលើនាយករដ្ឋមន្ត្រីខ្លួន សមាជិកសភាកាណាដាបាននាំគ្នាបោះឆ្នោតលើញត្តិថ្កោលទោសលោក ត្រាំ និងប្រឆាំងដាច់ខាតលើចំណាត់ការដាក់ចេញពន្ធគយខុសច្បាប់ប្រឆាំងទំនិញដែកថែប និងអាលុយមីញ៉ូមរបស់កាណាដាកន្លងមកដែរ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ញត្តិនេះត្រូវបានស្នើឡើងដោយតំណារាស្ត្របក្សប្រឆាំង ប្រជាធិបតេយ្យថ្មី (New Democrat) របស់កាណាដា ក្រោយពេលកិច្ចប្រជុំប្រទេសប្រាំពីរបិទបញ្ចប់ទៅដោយបន្សល់រឿងរញ៉េរញ៉ៃច្រើន និងមានទង្វើមិនសមរម្យរបស់សហរដ្ឋអាមេរិក។
ញត្តិដដែលនេះបានបង្ហាញថា សកម្មភាពរបស់អាមេរិកធ្វើឲ្យប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងទ្វេភាគី និងមិនជួយដោះស្រាយជម្លោះពាណិជ្ជកម្មទេ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ទាត់ចោលរាល់សម្តីរបស់រដ្ឋបាលលោក ត្រាំ ដែលធ្វើឲ្យប៉ះពាល់កត្តិយសប្រមុខរដ្ឋាភិបាលកាណាដាដែរ ដោយចាត់ទុកថា រាល់ការថ្លែងការណ៍របស់អាមេរិកនោះមានចរិតលក្ខណៈបន្តុះបង្អាប់ និងផ្អែកលើអារម្មណ៍ខ្លួនឯងជាជាងលើហេតុផលជាក់ស្តែង។
តាមពិតទៅដើមហេតុដែលនាំឲ្យមានជម្លោះការទូតបែកផ្សែងបែបនេះគឺកើតចេញពីកិច្ចប្រជុំប្រទេសប្រាំពីរចុងសប្តាហ៍។ លោក ត្រាំ បានបញ្ជាឲ្យមន្ត្រីខ្លួនឈប់គាំទ្រសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ពេលកំពុងជិះយន្តហោះមកសិង្ហបុរីនៅថ្ងៃសៅរ៍ ហើយលោកបានបន្ទោសនាយករដ្ឋមន្ត្រីកាណាដាដែរជុំវិញបញ្ហានេះ។
ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ លោក ទ្រូដូ បានប្រកាសថា លោកបានប្រាប់លោក ត្រាំ ផ្ទាល់ហើយពីវិធានការពន្ធរបស់កាណាដា តទល់នឹងចំណាត់ការខុសច្បាប់របស់អាមេរិកដែលនឹងចូលជាធរមានចាប់ពីដើមខែកក្កដាខាងមុខ។ លោក ទ្រូដូ ក៏បានបង្ហើបដែរថា វាជារឿងគួរឲ្យសោកស្តាយ ប៉ុន្តែកាណាដាមិនមានជម្រើស ហើយក៏មិនអាចឲ្យប្រទេសដទៃគំរាមកំហែងតាមចិត្តឡើយ។
ភ្លាមៗនោះលោក ត្រាំ បានសរសេរសារតាម Twitter បញ្ជាក់ថា អាមេរិកមិនទទួលស្គាល់សេចក្តីថ្លែងការណ៍រួមឡើយ ហើយលោកបានហៅលោក ទ្រូដូ ជាមនុស្សដែលទន់ខ្សោយ និងមិនស្មោះត្រង់ឡើយក្នុងប្រឆាំងការអនុវត្តពន្ធអាមេរិកលើទំនិញកាណាដា៕
Tag:
កាណាដា
ដូណាល់ ត្រាំ
ចាស្ទីន ទ្រូដូ
© រក្សាសិទ្ធិដោយ thmeythmey.com