រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ដាក់​ឲ្យ​ដំណើរការ​អំពូល​ភ្លើង​វៃឆ្លាត នៅតាម​មហាវិថី​៣
ជាតិ
រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ដាក់​ឲ្យ​ដំណើរការ​អំពូល​ភ្លើង​វៃឆ្លាត នៅតាម​មហាវិថី​៣
13, Jun 2018 , 8:19 pm        
រូបភាព
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​អំពូល​ភ្លើង​វៃឆ្លាត ដែល​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​សុវត្ថិភាព​ផងដែរ នៅតាម​មហាវិថី​ចំនួន​៣ ក្នុង​រាជធានី​ភ្នំពេញ​។ ចំពោះ​ការដាក់​សាកល្បង​ចំនួន​អំពូល​នៅតាម​ដង​វិថី​ទាំង​៣ គឺ​កំពុងតែ​រៀបចំ និង​ស្ថិតក្នុង​ការសិក្សា​នៅឡើយ ថា​តើ​ផ្លូវ​ណាមួយ​នឹងត្រូវ​សាកល្បង​មុនគេ​? ការចំណាយ​ប៉ុន្មាន​ដើម្បី​ដាក់​អំពូល​នេះ​មិនអាច​ប៉ាន់ប្រមាណ​បានទេ ដោយ​រង់ចាំ​នៅពេល​ការសាកល្បង​បញ្ចប់ ទើប​វាយតម្លៃ​ទៅតាម​ចំនួន​អំពូល​ដែល​បំពាក់​។​



​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា គម្រោង​សាកល្បង​ដាក់​អំពូល​ភ្លើង​វៃឆ្លាត​នៅតាម​មហាវិថី​ទាំង​៣ គឺ​កំពុងតែ​សិក្សា​លទ្ធភាព​និង​ទីតាំង​ដែល​ត្រូវដាក់​នៅឡើយ ហើយ​ផ្លូវ​ប្រវែង​ប៉ុន្មាន​ដែល​ត្រូវដាក់​ចំនួន​អំពូល និង​ដើម្បី​ដឹង​ពី​ពន្លឺ​ភ្លឺ​ក្នុង​កម្រិតណា ត្រូវ​ប្រើ​ច្រើន ឬ​តិច​។

​លោក ម៉េ​ត មាស​ភក្ដី បាន​ប្រាប់​ឲ្យ​ដឹង​ពី​លក្ខណៈពិសេស​នៃ​អំពូល​ភ្លើង​វៃឆ្លាត ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុងតែ​សិក្សា គឺ​វា​មានលទ្ធភាព អាច​កម្រិត​ពន្លឺ​បាន​។ លោក លើកឡើងថា បើ​មាន​ភាព​ងងឹត​ខ្លាំង ពន្លឺ​ក៏ត្រូវ​ដំឡើង​ភ្លឺ​រហូត ១០០​ភាគរយ ប៉ុន្តែ​បើ​មិនសូវ​ជា​ងងឹត​ទេ អាច​ទំលាក់​ពន្លឺ​ត្រឹមតែ ៤០ ទៅ ៥០​ភាគរយ​ប៉ុណ្ណោះ​។ លោក បាន​បញ្ជាក់ថា​៖«​ការបញ្ជា​កម្រិត​ពន្លឺ​អំពូល​វៃឆ្លាត គឺ​ពី​ចម្ងាយ​។ ហើយ​មានលទ្ធភាព​បញ្ជា​បិទ​បើក​គ្រប់គ្រង​ក្នុង​បន្ទប់​ស្ដង់ដារ ដោយ​ដឹងថា​ផ្លូវ​ដែល​បានដាក់​អំពូល​នេះ​បាន​ដាច់​ចំនួន​ប៉ុន្មាន​អំពូល និង​ទីតាំង​កន្លែង​ណាខ្លះ​បាន​ខូច​ងាយស្រួល​ក្នុងការ​ជួសជុល​»​។​

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​បន្ថែមថា​៖«​អំពូល​ភ្លើង​វៃឆ្លាត ដែល​លើកឡើង​នេះ​ស្ថិតក្នុង​ការសិក្សា និង​សាកល្បង​ប៉ុណ្ណោះ មិនទាន់បាន​ដំណើរការ​នៅឡើយ​ទេ​»​។ លោក បន្តថា លក្ខណៈ​របស់​វា មិន​ដូច​ទៅនឹង​អំពូល​ភ្លើង​ដែល​កំពុងតែ​ប្រើប្រាស់​សព្វថ្ងៃនេះ​ទេ ព្រោះ​ពន្លឺ​ក៏​ភ្លឺ​ទៅតាម​កម្រិត​ពេល​បើក​នៅ​ទី​ងងឹត​ហើយ​មិនអាច​បញ្ជា​ពី​ចម្ងាយ​បាន​។ ប៉ុន្តែ​អំពូល​វៃឆ្លាត អាច​កម្រិត​ពន្លឺ​បាន​គ្រប់ពេល មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​កាត់បន្ថយ​ការចំណាយ​ថវិការដ្ឋ​បាន​ច្រើន និង​ថាមពល​អគ្គិសនី ដោយសារ​នៅពេល​យប់​មាន​ពន្លឺ​ស្រាប់ អាច​កម្រិត​ពន្លឺ​ឲ្យ​សមល្មម​។

​លោក ម៉េ​ត មាស​ភក្ដី បន្តទៀតថា ការប្រើ​អំពូល​វៃឆ្លាត​ភ្ជាប់​ជាមួយ​កាមេរ៉ា ជំនួស​កន្លែង​ដែលមាន​ស្រាប់​មិនទាន់​ដឹង​នៅឡើយ​ទេ​ពេលនេះ ពីព្រោះ​ក្រុមការងារ​កំពុងតែ​សិក្សា​ថា​ទីតាំង​ផ្លូវ​ណាមួយ​ត្រូវដាក់ ហើយ​ការចំណាយ​អស់​ប៉ុន្មាន​មិនអាច​កំណត់​បានទេ រហូតដល់​ការបញ្ចប់​ការសាកល្បង​នឹង​បញ្ជាក់​នៃ​ប្រើប្រាស់​អំពូល​នេះ​ថា​ត្រូវ​ប្រើ​ចំនួន​ច្រើន ឬ​តិច ដូច្នេះ​ការចំណាយ​ទៅតាម​ហ្នឹង​ដែរ​៕


Tag:
 អំពូល​ភ្លើង​វៃឆ្លាត​
 ​ម៉េ​ត មាស​ភក្ដី​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 65848 [1] => 9 [2] => រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ដាក់​ឲ្យ​ដំណើរការ​អំពូល​ភ្លើង​វៃឆ្លាត នៅតាម​មហាវិថី​៣ [3] => content [4] => [5] => អំពូល​ភ្លើង​វៃឆ្លាត​,​ម៉េ​ត មាស​ភក្ដី​ [6] => 111 [7] => 0 [8] => )