ខុទ្ទកាល័យ​សម្ដេច ហ៊ុន សែន ថា អាមេរិក​បំពាន​កម្ពុជា​ទាំង​កំរោល​

ជាតិ
ខុទ្ទកាល័យ​សម្ដេច ហ៊ុន សែន ថា អាមេរិក​បំពាន​កម្ពុជា​ទាំង​កំរោល​
13, Jun 2018 , 4:18 pm         3084
រូបភាព
រូបពីហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តី ហ៊ុន សែន
រូបពីហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តី ហ៊ុន សែន
​ភ្នំពេញ​៖ នៅក្នុង​សំណុំរឿង​នៃ​ការ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រីជាន់ខ្ពស់​យោធា​របស់​កម្ពុជា​ម្នាក់ គឺ​លោក ហ៊ីង ប៊ុន​ហៀ​ង ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី និង​ក្រសួងការពារជាតិ​កម្ពុ​ជា​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​១៣​ខែមិថុនា​នេះ ប្រឆាំង​រដ្ឋាភិបាល​អាមេរិក​។​


​នៅក្នុង​សេចក្តីថ្លែងការណ៍​២​ផ្សេងគ្នា ប៉ុន្តែ​ក្នុង​គោលដៅ​ប្រតិកម្ម​តបត​នឹង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដូចគ្នា ក្រសួងការពារជាតិ​ក​ម្ពុ​ជា​បាន​ហៅ​សេចក្តីសម្រេច​របស់​ក្រសួង​រតនាគារ​អាមេរិក​ថា​ជា​សេចក្តីសម្រេច​ដ៏​ល្ងង់ខ្លៅ​។ ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន ចាត់ទុក​ទង្វើ​របស់​អា​មេ​រិ​ក​នេះ ថា​ជាការ​រំលោភ​អធិបតេយ្យភាព និង​ឯករាជ្យ​របស់​កម្ពុជា ដែល​ក​ម្ព​ជា​មិនអាច​ទទួលយក​បានឡើយ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​ថ្កោលទោស​អាមេរិក​ថា​បាន​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មកលើ​រូបលោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​។​

​សេចក្តីថ្លែងការណ៍​ក្រដាស​ពណ៌​លឿង​បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី សូម​រិះគន់​ដោយ​ត្រង់ៗ​ចំពោះ​វិធានការ​ដោយ​ខ្វះ​វិចារណញ្ញាណ និង​ជា​អំពើ​បំពាន​ទាំង​កំរោល​ឥត​អៀនខ្មាស​របស់​សហរដ្ឋ​អាមេរិក​នេះ​»​។ សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ត​រិះគន់​រដ្ឋាភិបាល​វ៉ាស៊ីនតោន​ថា បាន​បំពាន​អធិបតេយ្យ​នៃ​ប្រទេស​ឯករាជ្យ​មួយ ដែល​ពុំ​ស្ថិតនៅក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក​។ «​គួរ​សួរ​ទៅ​អាមេរិក​វិញ​ដែរ​ថា កាលដែល​កងទ័ព​អាមេរិក​មក​សម្លាប់​ជនជាតិ​កម្ពុជា​រាប់លាន​នាក់​កាលពី​ទស្សវត្សរ៍​ឆ្នាំ​១៩៧០ ដែល​គ្រាប់បែក​នៅតែ​ត្រូវបាន​គេ​រកឃើញ​ដល់​សព្វថ្ងៃនេះ តើ​នេះ​មិនមែនជា​ការរំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​អាមេរិក​ទេ​ឬ​?»​។ ខុទ្ទកាល័យ​សម្តេច​ហ៊ុន សែន ចោទសួរ​យ៉ាង​ដូច្នេះ​។​

​ក្រៅពី​ខុទ្ទកាល័យ​សម្ដេច ហ៊ុន សែន ក្រសួងការពារជាតិ​ក​ម្ពុ​ជា ក៏​ចេញមក​ថ្កោលទោស​អាមេរិក តាមរយៈ​សេចក្ដីថ្លែងការណ៍​ដូច្នេះ​ថា​៖ «​ការដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​នេះ គឺជា​ការសម្រេច​ដ៏​ល្ងង់ខ្លៅ ធ្វើឡើង​ដោយ​ទំនើងចិត្ត សហរដ្ឋអាមេរិក ដែល​កម្ពុជា​មិនអាច​ទទួលស្គាល់​បានឡើយ​»​។

​បន្ថែម​ពីនេះ​ក្រសួងការពារជាតិ អំពាវនាវ​ដល់​សហរ​ដ្ឋ​អាមេរិក ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការដាក់ទណ្ឌកម្ម មកលើ​មន្ត្រីជាន់ខ្ពស់​យោធា​កម្ពុជា ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​បែបនេះ​។

អត្ថបទទាក់ទង


​កាលពី​ថ្ងៃទី​១២ មិថុនា អាមេរិក បានប្រកាស​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ដោយ​លើក​ហេតុផល​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កន្លងមក​។ ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​រតនាគារ​អាមេរិក ដែល​បានប្រកាស​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុន​ហៀ​ង​នោះ បាន​រៀបរាប់ថា មេបញ្ជាការ​កង​អង្គរក្ស​សម្ដេច ហ៊ុន សែន រូបនេះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ក្នុងករណី​ប្រើ​ហិង្សា​ប្រឆាំង​ប្រជាជន​កម្ពុជា ដែល​គ្មាន​អាវុធ​អស់​ច្រើន​ឆ្នាំ​មកនេះ ដោយ​រាប់បញ្ចូល​ទាំង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥៕


Tag:
 ហ៊ីង ប៊ុន​ហៀ​ង​
  ក្រសួងការពារជាតិ​
 ​អាមេរិក​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next