FIFA
អន្តរជាតិ
ជាងកាត់សក់ម្នាក់នៅស៊ែប៊ី ច្នៃម៉ូតសក់ជា «មុខ Messi និង Ronaldo»
× នាឱកាសនៃការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ជាងកាត់សក់ស៊ែប៊ីម្នាក់ មានសេវាកម្មពិសេសសម្រាប់ភ្ញៀវតាមរយៈការច្នៃម៉ូតនៅក្បាលផ្នែកខាងក្រោយ ជារូប Messi និង Ronaldo។
អស់រយៈពេល៩ឆ្នាំមកហើយ ដែលលោក Mario Hvala បានចាប់ផ្តើមប្រើកន្ត្រៃរបស់ខ្លួនច្នៃចេញទៅជារូបភាពសិល្បៈផ្សេងៗនៅក្បាលរបស់ភ្ញៀវដែលនិយមលេងម៉ូតសក់។ នាឱកាសនៃព្រឹត្តិការណ៍ World Cup ខាងមុខ ហាងរបស់លោកដែលស្ថិតនៅក្រុង Novi Sad ផ្តល់សេវាកម្មច្នៃក្បាលខាងមុខជាមុខ Messi និង Ronaldo។
តាមសំដីដែលដកស្រង់ដោយ AFP លោក Hvala បានអះអាងការប្រើកន្ត្រៃច្នៃទម្រង់មុខមនុស្ស ពិតជាមានការពិបាកខ្លាំង ដែលត្រូវចំណាយពេលពី៥ម៉ោងទៅ៧ម៉ោងប៉ុណ្ណោះ។ ដោយសារតែខ្សែប្រយុទ្ធអាហ្សង់ទីន Messi មានភាពល្បីល្បាញខ្លាំង លោកបានច្នែមុខកីឡាករនេះមុនគេ បន្ទាប់មកមានភ្ញៀវកុម្ម៉ង់មុខ Ronaldo។
ទោះបីជាជាស៊ែប៊ី មានក្រុមជម្រើសជាតិរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup ក៏ដោយ ប៉ុន្តែភ្ញៀវរបស់លោកភាគច្រើននិយមតែឲ្យមុខ Messi និង Ronaldo។ លោក Hvala បានបញ្ជាក់ថា៖ «ភ្ញៀវជាច្រើនពេញចិត្ត ហើយខ្ញុំទទួលបានការរិះគន់បែបស្ថាបនាច្រើន»។
លោក Aleksa Maricevic អាយុ២៧ឆ្នាំ ដែលជាអ្នកគាំទ្រ Messi បានអះអាងថា នេះជាលើកទីពីររបស់ខ្លួនហើយដែលសាក់បែបនេះ ដោយកន្លងមក គេធ្លាប់សាក់មុខលោកប្រធានាធិបតីរុស្ស៊ី Vladimir Poutine ៕
© រក្សាសិទ្ធិដោយ thmeythmey.com