កីឡាជាតិ
ជាតិ
វឌ្ឍនាកា ពិតជា​បាន​ចរចា​ជាមួយ​ក្លិប​ក្រៅប្រទេស ប៉ុន្តែ​មិនទាន់​សម្រេច​ផ្លូវការ​
13, Jun 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា កំពុង​ចរចា​ជាមួយ​ក្លិប​នៅក្រៅ​ប្រទេស ប៉ុន្តែ​មិនទាន់​ច្បាស់​ថា ក្លិប​សិង្ហ​បុរី Home United និង​ក្លិប​របស់​ថៃ Chiangrai United នៅឡើយ​ទេ ខណៈ​ការចរចា​មិនទាន់​ឈានដល់​ការឯកភាព​១០០​ភាគរយ​។



​ក្រោយ​ចែកផ្លូវ​ជាមួយ​ក្លិប​បាល់ទាត់​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី Pahang FA ពាក់កណ្តាល​ទី​នៃ​ជើង​ទី​១​នោះ ស្រាប់​តែមាន​ពាក្យ​ចចាមអារ៉ាម​ថ្មី​ថា ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា កំពុង​ចរចា​ជា​ក្លិប​លី​គ​កំពូល​សិង្ហ​បុរី Home United និង Chiangrai United របស់​ថៃ​។ វា​ជា​ព័ត៌មាន​លេចឡើង​តៗ​គ្នា ប៉ុន្តែ​មិនទាន់មាន​ចម្លើយ​ច្បាស់លាស់​ពី​កីឡាករ ចាន់ វឌ្ឍនាកា នៅឡើយ​ទេ​។​

​សម្រាប់ ចាន់ វឌ្ឍនាកា ក៏​មិនទាន់​បដិសេធ​ទាំងស្រុង​ថា ខ្លួន​គ្មាន​អ្នក​ទាក់ទង​ទៅលេង​ក្រៅប្រទេស​ដែរ​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា​រូបនេះ បាន​សរសេរ​ដូច្នេះ​ថា​៖« ថ្ងៃនេះ​ខ្ញុំ​ចង់​បញ្ជាក់ថា ខ្ញុំ​កំពុង​ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​មិន​មានការ​ទៅ​ហាត់ ឬ​ទៅធ្វើ​តេស្ត​នៅ​ក្លិប​ណា​ទេ ហើយក៏​មិនទាន់​យល់ព្រម​ជាមួយ​ក្លិប​ណា​ដែរ​។ ខ្ញុំ​អាច​បង្ហើប​បាន​យ៉ាងខ្លី​ថា ខ្ញុំ​កំពុង​ចរចា​ជាមួយ​ក្លិប​បរទេស​ពិតមែន ប៉ុន្តែ​មិនមែន​ក្លិប​ដែល​ព័ត៌មាន​មួយចំនួន​លើកឡើង​នោះឡើយ​»​។

​តែ​យ៉ាងណា កីឡាករ​មាន​ដើមកំណើត​នៅ​ខេត្តកំពត​រូបនេះ មិនបាន​ប្រាប់​លម្អិត​ពី​ឈ្មោះ​ក្លិប ដែល​រូប កំពុង​ចរចា​នោះទេ ដរាបណា​ការចរចា​មិនទាន់​ឈានដល់​ការព្រមព្រៀង​១០០​ភាគរយ​។ 

​កីឡាករ ចាន់ វឌ្ឍនាកា បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី Pahang FA សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩​។ តែ​ក្រោយ​រួមរស់​ជាមួយគ្នា​បាន​ប្រមាណ​ជា​៣​ខែ វឌ្ឍនាកា ត្រូវបាន​ក្លិប​ការពារ​តំណែង​ជើងឯក​មួយ​នេះ បញ្ចប់​កិច្ចសន្យា​មុនពេល​កំណត់ ក្រោម​ហេតុផល​ធ្វើ​មិនបាន​តាម​អ្វីដែល​ក្លិប​ចង់បាន​។ មុន​មក​រួមរស់​ជាមួយ​ក្លិប Pahang FA នេះ វឌ្ឍនាកា ធ្លាប់បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​ទី​៣​របស់​ជប៉ុន Fujieda My FC ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៧-២០១៨៕     
 

Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com